ការបង្ករោគនៅប្រព័ន្ធផ្លូវទឹកនោម

ការបង្ករោគនៅប្រព័ន្ធផ្លូវទឹកនោម (urinary tract infection រឺ UTI) សំដៅទៅលើការបង្ករោគនៅប្លោកនោម រឺតម្រងនោម។ ការបង្ករោគនៅប្លោកនោមដែលធមម្មតាហៅថា រលាកប្លោកនោម (cystitis)។ ការបង្ករោគនៅលើតម្រងនោមដែលធមម្មតាហៅថារលាកកតម្រងនោម (pyelonephritis)។

ការបង្ករោគនៅប្រព័ន្ធផ្លូវទឹកនោមកើតឡើងនៅពេលដែលបាក់តេរីចូលទៅក្នុងតាមផ្លូវបង្ហួរនោមធ្វើដំនើរឡើងទៅកាន់ប្លោកនោម។ បន្ទាប់មកបាក់តេរីក៏បំបែកខ្លួនក្នុងប្លោកនោម។ ពេលខ្លះបាក់តេរីធ្វើដំនើរឡើងតាមបំពង់ទឹកនោមទៅបង្ករោគនៅតម្រងនោម។

កត្តាប្រឈមមុខ

ការបង្ករោគនៅក្នុងប្រព័ន្ធផ្លូវទឹកនោមច្រើនកើតនៅលើស្រ្តីដោយសារផ្លូវបង្ហួរនោម (urethra) មានប្រវែងខ្លី។ ការដាក់សុងទឹកនោមក៏មានគ្រោះថ្នាក់ដោយសារបាក់តេរីអាចធ្វើដំណើរឡើងតាមសុងនោះចូលទៅប្រព័ន្ធផ្លូវទឹកនោម។ ការស្ទះនៅប្រព័ន្ធផ្លូវទឹកនោម (ដូចជាគ្រួសក្នុងតម្រងនោម) ក៏អាចមានហានិភ័យខ្ពស់ដែរ ពីព្រោះលំហូររបស់ទឹកនោមគឺនៅនឹងថ្កល់។

មូលហេតុដ៏ទៃទៀតដែលធ្វើអោយទឹកនោមមិនអាចហូរបាន (មានដូចជាមិនសូវបត់ជើងតូចរឺបត់ជើងតូចមិនអស់) ក៏ជាគ្រោះថ្នាក់មួយដែរ។ ប្រសិនបើបុរសម្នាក់មានការរីកធំនៃក្រពេញ ប្រូស្តាតនោះប្លោកនោមមិនអាចបញ្ចេញទឹកនោមបណ្តាលអោយងាយនឹងមានការបង្ករោគ។ ប្រព័ន្ធភាពសុំាទន់ខ្សោយ (រូមមានទឹកនោមផ្អែម ជំងឺតម្រងនោមរុំារ៉ៃ អាយុច្រើន) ក៏ជាកត្តាងាយទទួលរងនូវការបង្ករោគ។ 

សញ្ញា និងរោគសញ្ញា

រោគសញ្ញាដែលកើតមានជាញឹកញាប់បំផុតគឺនោមឈឺ (dysuria)។ ពួកគេអាចត្អូញថាមានអារម្មណ៍ដូចជារលាករឺក្រហាយ។ រោគសញ្ញាដ៏ទៃទៀតរួមបញ្ចូល នោមតិចៗហើយញឹក (urinary frequency) អារម្មណ៏ចង់នោមកើតមានភ្លាមៗ (urinary urgency) ពេលខ្លះមានអារម្មណ៍មិនស្រួលនៅម្តុំថ្ងាសលើប្រដាប់បន្តពូជ។ អាចមានឈាមនៅក្នុងទឹកនោម (hematuria) រឺខ្ទុះនៅក្នុងទឹកនោម (pyuria)។

រលាកកតម្រងនោម (pyelonephritis) អាចមានសញ្ញានិងរោគសញ្ញាដែលបានរៀបរាប់រួចកមហើយប៉ុនែ្តអាចរួមបញ្ចូលផងដែរនូវ ក្តៅខ្លួន ចង្អោរនិងក្អួត និងឈឺចង្កេះ (flank pain)។

សញ្ញាអាចបង្ហាញមិនជាក់លាក់ចំពោះអ្នកជំងឺដែលអាយុច្រើន ពេលខ្លះការវង្វេងគឺត្រឹមតែសញ្ញាមួយ។ ក្នុងហេតុផលនេះទឹកនោមគួរតែត្រូវបានពិនិត្យសំរ៉ាប់អ្នកជំងឺជាមនុស្សចាស់ដែល ស្តែងចេញនូវភាពវង្វេងវង្វាន់យ៉ាងស្រួចស្រាវ។

ការស្វែងរកមូលហេតុ

ការវិភាគទឹកនោមគួរតែធ្វើចំពោះអ្នកជំងឺដែលសង្ស័យថាមានការបង្ករោគនៅប្រព័ន្ធទឹកនោម។ អ្នកជំងឺដែលមានការបង្ករោគនៅប្រព័ន្ធទឹកនោមនិងមាន leucocytes នៅក្នុងទឹកនោម។ ពេលខ្លះទឹកនោមផងដែរនោះអាចមាន nitrites ឈាមនិង protein ។

ការយកទឹកនោមទៅបណ្ដុះមើលបាក់តេរី (urine culture) គឺដើម្បីកំនត់ពីប្រភេទបាក់តេរីដែលបង្កអោយមានការចំលងរោគនិងអាចជួយកំនត់ពីប្រភេទអង់ទីប៊ីយ៉ូទិក (antibiotic) ដែលសមស្របសំរាប់​សំលាប់​បាក់តេរីនោះ។

ការធ្វើតេស្តឈាមជាទម្លាប់រួមមានមុខងាររបស់តម្រងនោម (creatinine និង urea) បរិមាណអេឡិចត្រូឡាយ (electrolyte) និងកោសិកាឈាមស (white blood cell)។

ការអង្កេតបន្ថែមទៀតអាចនិងត្រូវការនៅក្នុងករណីធ្ងន់ធ្ងរ។ ការយកឈាមទៅបណ្ដុះមើលបាក់តេរី (blood culture) គឺដើម្បីកំនត់ថាតើការចំលងរោគបានរាលដាលពីប្រពន្ធ័ផ្លូវទឹកនោមចូលទៅកាន់ចរន្តឈាមហើយរឺនៅ។

ការព្យាបាល

មនុស្សស្រីភាគច្រើនច្រើនដែលមានការបង្ករោគនៅប្លោកនោម (រលាកប្លោកនោម) អាចព្យាបាលនៅផ្ទះបានដោយលេបថ្នាំអង់ទីប៊ីយ៉ូទិក ថ្នាំបំបាត់ការឈឺចាប់កម្រិតខ្សោយនិងញុំាទឹក អោយបានច្រើន។ ប្រសិនបើបានអនុញ្ញាតអោយទៅផ្ទះនោះអ្នកជំងឺត្រូវតែត្រូវបានណែនាំអោយត្រលប់មកពេទ្យវិញនៅពេលណាដែលមានសញ្ញាវិវត្តកាន់តែអាក្រក់ពីព្រោះការបង្ករោគនៅ ប្លោកនោម (រលាកប្លោកនោម) អាចឡើងទៅលើធ្វើអោយការបង្ករោគនៅតម្រងនោម (រលាកតម្រងនោម)។

ការបង្ករោគនៅតម្រងនោម (រលាកកតម្រងនោម) ជាទូទៅសម្រាកពេទ្យដោយផ្តល់អោយនូវថ្នាំអង់ទីប៊ីយ៉ូទិក និងសេរ៉ូមតាមសរសៃវែន។ ថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំងអាចនិងត្រូវការ។

ផលវិបាក

ការបង្ករោគនៅប្រព័ន្ធផ្លូវទឹកនោមមានសក្តានុភាពក្នុងការសាយភាយចំលងរោគទៅកាន់ខ្លួនប្រាណទាំងមូល (ហៅថា urosepsis)។ Urosepsis គួរតែព្យាបាលយ៉ាងគំហុកជាមួយ ថ្នាំអង់ទីប៊ីយ៉ូទិក និងសេរ៉ូមតាមសរសៃវែន។ ថ្នាំបង្កើនការកន្រ្តាក់របស់បេះដូង (inotrope) ដូចជា Dopamine អាចនឹងត្រូវការ។

ក្រុមពិសេស

ការប្រុងប្រយ័ត្នពិសេសគួរផ្តល់ទៅលើស្រ្តីមានផ្ទៃពោះពីព្រោះការបង្ករោគនៅប្រព័ន្ធទឹកនោមអាចធ្វើអោយទារកកើតមិនគ្រប់ខែ។ ក្នុងហេតុផលនេះការបង្ករោគនៅប្រព័ន្ធផ្លូវទឹកនោមទោះជាគ្មានរោគសញ្ញាក៏ត្រូវតែព្យាបាលចំពោះស្រ្តីមានផ្ទៃពោះ។

ស្រ្តីដែលធ្លាប់មានការបង្ករោគនៅក្នុងប្រព័ន្ធទឹកនោមច្រើន រឺបុរសដែលធ្លាប់មានការបង្ករោគតែម្តងគត់ទៅលើប្រព័ន្ធផ្លូវទឹកនោមត្រូវការមានការអង្កេតបន្ថែមទៀតដើម្បីធ្វើការវិនិច្ឆ័យលើបញ្ហា (ដូចជាបញ្ហារចនាសម្ព័ន្ធមិនធម្មតា គ្រួសក្នុងតម្រងនោម ក្រពេញប្រូស្តាតរីកធំ)។