ការស្ទះប្រព័ន្ធផ្លូវទឹកនោម 

ការស្ទះប្រព័ន្ធផ្លូវទឹកនោមធ្វើអោយមានការកាត់ផ្តាច់នូវលំហូររបស់ទឹកនោម។ ការស្ទះអាចកើតឡើងគ្រប់ទីកន្លែងទាំងអស់តាមប្រព័ន្ធទឹកនោមគឺចាប់តាំងពីតម្រងនោមរហូតដល់ចុងនៃផ្លូវបង្ហួរនោម (urethral meatus)។ មានមូលហេតុជាច្រើនដែលធ្វើអោយមានការស្ទះដោយការស្ទះនោះអាចស្រួចស្រាវ រឺរុំារ៉ៃ។ ភាពធ្ងន់ធ្ងរនៃការស្ទះគឺផ្សេងគ្នា វាអាចនៅចន្លោះស្ទះមិនទាំងស្រុងនិងការស្ទះទាំងស្រុង។

មូលហេតុ

មូលហេតុជាច្រើននៃការស្ទះប្រព័ន្ធផ្លូវទឹកនោមគឺត្រូវបានដាក់ជាផ្នែកៗដោយយោងទៅលើទីកន្លែងដែលវាបានកើតឡើង៖

3- urinary kh 5-1

ការស្ទះនៅបំពង់ទឹកនោម​

  • គ្រួសក្នុងតម្រងនោម (kidney stone): គ្រួសកើតឡើងនៅក្នុងតម្រងនោមរួចអាចធ្វើដំណើរចុះមកនិងស្ទះបំពង់ទឹកនោម។
  • ដុំសាច់ (tumor): ដុំសាច់អាចសង្កត់ទៅលើបំពង់ទឹកនោម។
  • ស្រ្តីមានផ្ទៃពោះ: ស្បូនដែលមានកូនអាចសង្កត់ទៅលើបំពង់ទឹកនោម។

ការស្ទះនៅប្លោកនោម

  •  គ្រួសក្នុងប្លោកនោម (bladder stone): គ្រួសកើតឡើងនៅក្នុងប្លោកនោមហើយស្ទះនៅ ករបស់ប្លោកនោម។
  • មហារីកប្លោកនោម (bladder cancer): ដុំមហារីកអាចស្ទះនៅករបស់ប្លោកនោម
  • បញ្ហាប្រព័ន្ធប្រសាទរបស់ប្លោកនោម (neurogenic bladder): អសមត្ថភាពរបស់ប្លោកនោមមកពីការបំផ្លាញទៅលើប្រព័ន្ធប្រសាទដូចជាគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល (stroke)  មហារីកខួរក្បាល (brain tumor)  របួសទៅលើខួរឆ្អឹងខ្នង (spinal cord injury) មហារីកធ្វើអោយសង្កត់ទៅលើខួរឆ្អឹងខ្នង (spinal cord compression)។ បំផ្លាញទៅលើប្រព័ន្ធប្រសាទអាចកើតឡើងដោយសារជំងឺរបស់ប្រព័ន្ធប្រសាទដូចជា multiple sclerosis រឺ Parkinson’s disease ។ ថ្នាំមួយចំនួនក៏អាចធ្វើអោយប្លោកនោមអសមត្ថភាពដែរដូចជាថ្នាំ anticholinergic។

ការស្ទះនៅផ្លូវបង្ហួរនោម

  • ការរីកធំនៃក្រពេញប្រូស្តាតដែលមិនធ្ងន់ធ្ងរ (benign prostatic hyperplasia): ក្រពេញប្រូស្តាតរីកធំអាចសង្កត់ទៅលើផ្លូវបង្ហួរនោម។
  • ការរួមតូច (stricture) : របួសនៅផ្លូវបង្ហួរនោមអាចធ្វើអោយមានការវិវត្តន៏នូវសម្លាកដែលសម្លាកនេះអាចធ្វើអោយផ្លូវបង្ហួរនោមរួមតូច។ មូលហេតុញឹកញាប់បំផុតដែលធ្វើអោយ ផ្លូវបង្ហួរនោមរួមតូចគឺមកពីរបួសនៅពេលសុងផ្លូវទឹកនោម។

សញ្ញា និងរោគសញ្ញា

សញ្ញានិងរោគសញ្ញាអាចមានខុសៗគ្នាអាស្រ័យទៅលើមូលហេតុជាក់លាក់ណាមួយទីតាំងនៃការស្ទះ ល្បឿននៃការកកើត (ស្រួចស្រាវរឺរុំារ៉ៃ) និងភាពធ្ងន់ធ្ងរ (ស្ទះមិនទាំងស្រុងរឺស្ទះទាំងស្រុង)។ 

យោងទៅតាមទីតាំងនិងភាពធ្ងន់ធ្ងរនៃការស្ទះនោះ វាអាចរឺមិនអាចធ្វើអោយមានទឹកនោមនៅសេសសល់នៅក្នុងប្លោកនោម (urinary retention) និងការរីកធំនៃប្លោកនោម (bladder distension)។ 

ផលវិបាក

ការស្ទះនៃការហូររបស់ទឹកនោមធ្វើអោយទឹកនោមចាល់នៅក្នុងប្រព័ន្ធទឹកនោម។ ក្នុងករណីធ្ងន់ធ្ងរទឹកនោមអាចច្រាលឡើងលើនិងបំពេញនៅក្នុងបំពង់ទឹកនោមរឺអាចដល់តម្រងនោមទៀតផង។ ប្រសិនបើតម្រងនោមត្រូវពេញទៅដោយទឹកនោមនោះវានឹងហើមហើយយើងអាចហៅបានថា hydronephrosis។ ប្រសិនបើតម្រងនោមទាំងពីរត្រូវបានហើមដោយការចាក់ច្រាលនៃទឹកនោមនោះយើងអាចហៅបានថា bilateral hydronephrosis។ តែប្រសិនបើតម្រងនោមតែម្ខាងហើមដោយការច្រាលនៃទឹកនោមយើងហៅថា unilateral hydonephrosis។ ចំពោះតម្រងនោមដែលបានប៉ះពាល់ ការបាត់បង់នូវមុខងារអាចកើតឡើងដែលមិនអាចត្រលប់ជាវិញបាន។

ការស្ទះនូវប្រព័ន្ធផ្លូវទឹកនោមពេលខ្លះអាចបណ្ដាលការបង្ករោគនៅប្រព័ន្ធទឹកនោម។ នេះគឺដោយសារតែទឹកនោមដែលចាល់គឺនៅនឹងថ្កល់ក្នុងប្រព័ន្ធផ្លូវទឹកនោម។ ទឹកនោមនៅនឹងថ្កល់គឺទំនងជាមានការបង្ករោគ។ នេះគឺអាចបណ្ដាលអោយមានការបង្ករោគនៅលើតម្រងនោម (pyelonephritis) រឺថែមទាំងអាចបណ្ដាលអោយមានការសាយភាយចំលងរោគទៅកាន់ខ្លួនប្រាណទាំងមូល (urosepsis)។

ការស្វែងរកមូលហេតុ

ការស្វែងរកមូលហេតុគឺទាមទារអោយមានការសង្ស័យទៅលើមូលហេតុ។ ការស្វែងរកមូលហេតុអាចរួមមានការពិនិត្យរាងកាយដូចជាស្ទាបទៅលើប្លោកនោម រឺពិនិត្យទៅលើក្រពេញ ប្រូស្តាត។ ចំពោះមន្ទីរពិសោធន៍អាចធ្វើតេស្តទៅលើទឹកនោមនិងឈាម។ ការស្វែងរកមូលហេតុផ្សេងទៀតអាចរួមបញ្ចូល ultrasound និងថតពោះដោយប្រើកាំរស្មីអ៊ិច (abdominal x-ray)។

ការព្យាបាល

ការព្យាបាលពឹងផ្អែកទៅលើមូលហេតុជាក់លាក់ប៉ុនែ្តជាទូទៅគោលបំណងគឺធ្វើអោយទឹកនោមហូរវិញបាន។