ការរីកធំនៃក្រពេញប្រូស្តាតដែលមិនធ្ងន់ធ្ងរ

ការរីកធំនៃក្រពេញប្រូស្តាតដែលមិនធ្ងន់ធ្ងរ (benign prostatic hyperplasia) គឺដោយសារតែមានការកើនឡើងនូវចំនួនកោសិកាក្នុងក្រពេញប្រូស្តាត។ ការរីកធំនៃក្រពេញប្រូស្តាតអាចសង្កត់ទៅលើផ្លូវបង្ហួរនោម (urethra) ដែលវាព័ទ្ធជុំវិញ។ វាបង្កអោយមានការស្ទះមិនទាំងស្រុងនូវលំហូររបស់ទឹកនោមឆ្លងកាត់ផ្លូវបង្ហួរនោម។ ច្រើនឆ្នាំបន្ទាប់មកក្រពេញប្រូស្តាតអាចរីកកាន់តែធំឡើងៗហើយអាចធ្វើអោយមានការស្ទះទាំងស្រុងនូវផ្លូវបង្ហួរនោម។

3- urinary kh 7-1

មូលហេតុ

មូលហេតុរបស់ benign prostatic hyperplasia មិនទាន់ដឹងបានទូលំទូលាយប៉ុនែ្តវាទាក់ទងទៅនឹងអ័រម៉ូនធម្មជាតិដូចជា testosterone។  

កត្តាប្រឈមមុខ

ការរីកធំនៃក្រពេញប្រូស្តាតគឺជាជំងឺរបស់ក្រពេញប្រូស្តាតដែលកើតមានចំពោះបុរសតែប៉ុណ្ណោះ។ វាតែងតែប្រទះជាញឹកញាប់នៅលើបុរសមានអាយុលើសពី ៥០ ឆ្នាំហើយលទ្ធភាពដែលងាយនិងកើតជំងឺនេះគឺអាយុកាន់តែច្រើន។

សញ្ញានិងរោគសញ្ញា

រោគសញ្ញាអាចមាននោមតិចៗហើយញឹក (urinary frequncy) ពិបាកនោម (urinary hesitency) អារម្មណ៏ចង់នោមកើតមានភ្លាមៗ (urinary urgency) នោមមិនអស់ នោមខ្សោយ នោមចេញមកតក់ៗ និងនោមយប់ (nocturia)។ សញ្ញាទាំងអស់នេះចាប់ផ្តើមវិវត្តន៏យឺតៗបន្តិចម្តងៗក្នុង កំឡុងពេលរាប់ឆ្នាំ។

ផលវិបាក

ការរីកធំនៃក្រពេញប្រូស្តាតអាចធ្វើអោយស្ទះលំហូរទឹកនោមចេញពីប្លោកនោម។ បញ្ហានេះធ្វើអោយនោមមិនអស់ពីប្លោកនោម។ ការដែលនោមមិនអស់ចេញពីប្លោកនោមអាចធ្វើអោយមានការបង្ករោគជាញឹកញាប់នូវប្រព័ន្ធផ្លូវទឹកនោម។

ការរីកធំនៃក្រពេញប្រូស្តាតដែលធ្ងន់ធ្ងរអាចធ្វើអោយមានការឃាំងនូវលំហូររបស់ទឹកនោមនិងបណ្តាលអោយទឹកនោមនៅសេសសល់នៅក្នុងប្លោកនោម (urinary retention)។ នៅពេលដែលប្លោកនោមពេញទៅដោយទឹកនោមនោះវានឹងរីកហើយយើងអាចស្ទាបដឹង។ ប្រសិនបើមិនព្យាបាលទឹក​នោមអាចចាក់ច្រាលនៅក្នុងតម្រងនោមហើយបណ្តាលអោយហើម (bilateral hydronephrosis) និងអសមត្ថភាពរបស់តម្រងនោម។

ការស្វែងរកមូលហេតុ

ការពិនិត្យដោយប្រើម្រាមដៃលូកចូលទៅក្នុងរន្ធគូទគួរតែធ្វើដើម្បីវាយតម្លៃទៅលើក្រពេញប្រូស្តាត។ Benign prostatic hyperplasia ធ្វើអោយមាន​ការរីកធំ​ស្មើរគ្នានៃក្រពេញប្រូស្តាត។ ការវិភាគទឹកនោមគួរតែធ្វើដើម្បីពិនិត្យរក leucocytes និង nitrites និងឈាម។ វត្តមានឈាមក្នុងទឹកនោម (hematuria) ជាញឹកញាប់ត្រូវបានរកឃើញ។

ការធ្វើតេស្តឈាមជាទម្លាប់រួមមានមុខងាររបស់តម្រងនោម (creatinine និង urea) បរិមាណអេឡិចត្រូឡាយ (electrolyte) និងកោសិកាឈាមស (white blood cell)។

ដោយសារតែការរីកធំនៃក្រពេញប្រូស្តាតអាចបណ្តាលមកពីមហារីកនោះវាពិតជាមាន សារៈសំខាន់ដែលមហារីកក្រពេញប្រូស្តាត (prostate cancer) គឺត្រូវបានពិចារណាដើម្បីធ្វើរោគវិនិច្ឆ័យញែក។

ការព្យាបាល

Benign prostatic hyperplasia ដែលមានរោគសញ្ញាស្រាលគឺមិនទាមទាអោយមានការព្យាបាលនោះទេ។ ទោះបីជាយ៉ាងណាប្រសិនបើនៅពេលដែលសញ្ញារំខាន រឺធ្វើអោយ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺនោះការព្យាបាលគឺត្រូវតែអនុវត្តន៏។ 

ការព្យាបាលរួមមានថ្នាំដែលធ្វើអោយរលាក្រពេញប្រូស្តាត (ដូចជា​ tamsulosin) និងថ្នាំបន្ថយនូវទំហំរបស់ក្រពេញប្រូស្តាត (ដូចជា finasteride)។ ដោយសារតែ benign prostatic hyperplasia ជាជំងឺមានលក្ខណៈរុំារ៉ៃ​ ថ្នាំទាំងអស់នេះជាធម្មតាគឺត្រូវបានបន្តប្រើប្រាស់រយះពេលវែង។  

ប្រសិនបើមាន benign prostatic hyperplasia បង្កអោយមានផលវិបាកដូចជាមានការបង្ករោគជាញឹកញាប់ទឹកនោមនៅសេសសល់នៅក្នុងប្លោកនោម (urinary retention) ការចាល់ទឹកនោមក្នុងតម្រងនោម (hydronephrosis) រឺតម្រងនោមអសមត្ថភាពដូច្នេះការវះកាត់គួរតែត្រូវធ្វើ។ ដំណើរការនៃការ​វះកាត់​ដែលអនុវត្តន៏ញឹកញាប់បំផុតក្នុងការព្យាបាល benign prostatic hyperplasia គឺការកាត់ក្រពេញប្រូស្តាតតាមផ្លូវបង្ហួរនោម (transurethral resection of the prostate រឺ TURP)។​