ទិដ្ឋភាពទូទៅនៃប្រព័ន្ធផ្លូវដង្ហើម

សួតត្រូវបានពទ្ធ័ជុំវិញដោយស្រោមសួត (pleura) ហើយនៅក្រៅស្រោមសួតគឺឆ្អឹងជំនី។ បេះដូងឋិតនៅខាងឆ្វេងបន្តិចដែលជាហេតុ​បណ្តាលអោយ​សួត​​ខាងឆ្វេង​តូចជាងសួតខាងស្ដាំបន្តិច។ សួតខាងស្តាំមាន៣ក្លែប (លើ កណ្តាល ក្រោម) ហើយខាងឆ្វេងមាន២ក្លែប (លើ ក្រោម)។ សន្ទះទ្រូង (diaphragm) គឺជាសាច់ដុំដែលឋិតនៅពីក្រោមសួតទាំងសងខាងសំរាប់ជំនួយក្នុងការដកដង្ហើម។

2- resp kh 1-1

យន្តការនៃការដកដង្ហើម

នៅពេលដែលយើងដកដង្ហើមចូលឆ្អឹងជំនីធ្វើចលនាឡើងលើ រឺឯសាច់ដុំសន្ទះទ្រូងទាញចុះក្រោមដែលធ្វើឲ្យសួតរីកធំដើម្បីស្រូបខ្យល់ចូល។ នៅពេល​ដែលយើងដកដង្ហើមចេញឆ្អឹងជំនីនិងសាច់ដុំសន្ទះទ្រូងត្រលប់ទៅកាន់ទីតាំងធម្មតាវិញដែលធ្វើឲ្យសួតរួមតូចដើម្បីបញ្ចេញខ្យល់។

2- resp kh 1-2

កាយវិភាគវិទ្យានៃប្រព័ន្ធផ្លូវដង្ហើម

ប្រព័ន្ធផ្លូវដង្ហើមចាប់ផ្តើមពីមាត់និងច្រមុះ។ ខ្យល់គឺត្រូវបានកំដៅហើយធ្វើឲ្យមានសំណើម​ខណះពេលដែលវាធ្វើដំណើរឆ្លងកាត់​រន្ធច្រមុះហើយផងដែរ​នោះរោមច្រមុះបានច្រោះនូវធូលីផ្សេងៗ។ បន្ទាប់មកខ្យល់ធ្វើដំណើរចុះតាមបំពង់ក (pharynx) រួចហួស epiglottis បន្ទាប់មកឆ្លងកាត់បំពង់សំលេង (larynx) ហើយចូលដល់បំពង់ខ្យល់ (trachea)។ បំពង់ខ្យល់បែកជាទងសួត (bronchus) ស្តាំនិងឆ្វេង។ ទងសួតត្រូវបំបែកទៅជាទងសួតតូចៗ (bronchi) ហើយបន្ទាប់មកត្រូវបំបែកទៅជាកូនទងសួតតូចៗ (bronchioles) រហូតដល់ចុងបញ្ចប់គឺបណ្តុំថង់ខ្យល់តូចៗក្នុងសួត (alveolar sacs)។

បណ្តុំថង់ខ្យល់តូចៗក្នុងសួតនីមួយៗត្រូវបានបង្កើតឡើងដោយចំនួនជាច្រើននៃថង់ខ្យល់តូចៗក្នុងសួត (alveoli)។ ថង់ខ្យល់តូចៗ​ក្នុងសួត​គឺមាន​ទំហំ​តូច។ មនុស្សម្នាក់ៗមានថង់ខ្យល់តូចៗក្នុងសួតប្រហែលជាពីរ រឺបីលាននៅក្នុងសួត។ 

2- resp kh 1-3

បណ្តាញសរសៃបណ្ដូរឧស្ម័ន​ (capillaries) គ្រប់​ដណ្តប់​លើថង់ខ្យល់តូចៗក្នុងសួត។ បណ្តូរឧស្ម័នធ្វើ​ឡើង​រវាងខ្យល់នៅក្នុងថង់ខ្យល់​តូចៗក្នុងសួត​និង​ឈាម​នៅក្នុងសរសៃបណ្តូរឧស្ម័ន។

2- resp kh 1-4

បណ្តូរឧស្ម័ននៅក្នុងថង់ខ្យល់តូចៗក្នុងសួត

ក្នុងអំឡុងពេលដកដង្ហើមចូលឧស្ម័នអុកស៊ីសែន (oxygen) ត្រូវបានស្រូបចូលទៅក្នុងមាត់ និងច្រមុះហើយធ្វើដំណើរចុះ​តាមប្រព័ន្ធ​ផ្លូវដង្ហើមរហូត​ដល់​ថង់ខ្យល់តូចៗក្នុងសួត។ បណ្តូរឧស្ម័នធ្វើឡើងរវាងឧស្ម័នអុកស៊ីសែន​នៅក្នុងថង់ខ្យល់តូចៗក្នុងសួត​និងឈាមនៅក្នុងសរសៃ​បណ្តូរឧស្ម័ន​ដែលនៅ​ព័ទ្ធជុំវិញវា។ ឧស្ម័នអុកស៊ីសែនគឺត្រូវបានឆ្លងកាត់ពីថង់ខ្យល់តូចៗក្នុងសួតចូលទៅក្នុងឈាមក្នុងសរសៃបណ្តូរឧស្ម័ន។

បន្ថែមពីនោះទៅទៀតឧស្ម័នកាបូនឌីអុកស៊ីត (carbon dioxide) ត្រូវបានឆ្លងកាត់ចេញពីឈាមនៅក្នុងសរសៃ​បណ្តូរឧស្ម័នចូលទៅក្នុងថង់ខ្យល់តូចៗ​ក្នុងសួត។ បន្ទាប់មកឧស្ម័នកាបូនឌីអុកស៊ីតត្រូវបានធ្វើដំណើរឡើងទៅលើប្រព័ន្ធផ្លូវដង្ហើមនិងចេញទៅក្រៅតាមមាត់រឺច្រមុះនៅពេលដកដង្ហើមចេញ។

 បណ្តូរឧស្ម័ននៅក្នុងសរីរាង្គ និងកោសិកានៃរាងកាយ

នៅពេលដែលយើងនិយាយអំពីប្រព័ន្ធផ្លូវដង្ហើម (respiratory system) វាក៏មានសារ:សំខាន់ដើម្បីនិយាយអំពីប្រព័ន្ធចរន្តឈាម (circulatory system) ពីព្រោះប្រព័ន្ធទាំងពីរនេះធ្វើការដោយមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។ នៅពេលដែលបណ្តូរឧស្ម័នកើតឡើងនៅក្នុងថង់ខ្យល់តូចៗក្នុងសួត បន្ទាប់មក​ឈាមដែលសំបូរទៅដោយអុកស៊ីសែន (oxygenated blood) ចាកចេញពីសួតហើយធ្វើដំណើរត្រលប់ទៅកាន់​បេះដូងវិញដើម្បីចែកចាយ​ទៅគ្រប់​សរីរាង្គកាយទាំងអស់។

បេះដូងច្របាច់ឈាមដែលសំបូរដោយឧស្ម័នអុកស៊ីសែនទៅកាន់សិរីរាង្គនិងកោសិកាក្នុងរាងកាយ។ នៅពេលឈាមទៅដល់​សរីរាង្គនិងកោសិកា​បន្ទាប់​​មកបណ្តូរឧស្ម័នកើតឡើងរវាងឈាមនៅក្នុងសរសៃបណ្តូរឧស្ម័ននិងកោសិកា។ ឧស្ម័នអុកស៊ីសែនត្រូវបានផ្ទេរ​ពីឈាមទៅកាន់កោសិកា​ហើយឧស្ម័នកាបូនឌីអុកស៊ីតត្រូវបានផ្ទេរពីកោសិកាទៅកាន់ឈាមវិញ។ បន្ទាប់ពីបណ្តូរឧស្ម័នឈាមក៏ក្លាយទៅជាឈាមដែលខ្សត់ឧស្ម័នអុកស៊ីសែន (de-oxygenated)។ ឈាមដែលខ្សត់ឧស្ម័នអុកស៊ីសែននេះធ្វើដំណើរទៅបេះដូងវិញរួចទៅកាន់សួតហើយដំណើរការចាប់ផ្តើមម្តងទៀត។