រលាកស្រោមខួរក្បាល
ស្រទាប់ទាំងឡាយដែលនៅព័ទ្ធជុំវិញខួរក្បាល ត្រូវបានប្រមូលផ្តុំគ្នាហើយហៅថាស្រោមខួរ ក្បាល (meninges)។ ការរលាកស្រោមខួរក្បាល (meningitis) តែងតែត្រូវគិតជារោគវិនិច្ឆ័យមួយនៅពេលដែលនរណាម្នាក់មានការប្រែប្រួលកម្រិតស្មាតី (altered mental status)។
មូលហេតុ
រលាកស្រោមខួរក្បាលកើតមានឡើងនៅពេលដែលស្រោមខួរក្បាលមានការចម្លងរោគជាមួយអតិសុខុមប្រាណ។ ករណីញឹកញាប់បំផុតដែលបង្កជាបញ្ហាលាកស្រោមខួរក្បាល គឺអាចបណ្តាលមកពីបាក់តេរី រឺវីរុស។
សញ្ញា និងរោគសញ្ញា
ក្តៅខ្លួន រឹងក និងមានការប្រែប្រួលកម្រិតស្មាតី គឺជាសញ្ញានិងរោគសញ្ញាដែលកើតញឹកញាប់បំផុត។ អ្នកជំងឺអាចអស់កម្លាំង វង្វេង រឺអាចបាត់ស្មារតី។ ជាញឹកញាប់មានអាការៈ ឈឺក្បាល ចាញ់ពន្លឺ (photophobia) ចង្អោរ រឺ ក្អួត ហើយម្ដងម្កាលអាចប្រកាច់ទៀតផង។
រោគសញ្ញាញឹកញាប់កើតមានយ៉ាងលឿន ដូច្នេះអ្នកជំងឺអាចនឹងធ្ងន់ធ្ងរភ្លាមៗក្នុងរយៈពេលតែពីរបីម៉ោងប៉ុណ្ណោះ។ ប្រសិនបើរលាកស្រោមខួរក្បាលដែលបណ្តាលមកពីបាក់តេរី (bacterial meningitis) មិនត្រូវបានព្យាបាលភ្លាមៗនោះទេ វាអាចបណ្តាលអោយខូចនូវប្រព័ន្ធប្រសាទជាអចិន្រ្តៃយ៍រឺអាចបណ្តាលអោយស្លាប់បាន។ រលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (viral meningitis) ញឹកញាប់ត្រឡប់មករកសភាពធម្មតាវិញដោយគ្មានការព្យាបាលជាក់លាក់ណាមួយទេនិងកម្របង្កអោយមានការស្លាប់ណាស់។
ការស្វែងរកមូលហេតុ
ការចោះយកទឹកខួរឆ្អឹងខ្នង (lumbar puncture) គួរតែធ្វើរួចបញ្ជូនវាទៅកាន់មន្ទីរពិសោធន៍។ ការវិភាគទឹកខួរឆ្អឹងខ្នងអាចជួយកំណត់ថាតើមូលហេតុបណ្តាលមកពីបាក់តេរី រឺវីរុស។
ការថត CT Scan នៅនឹងក្បាលអាចធ្វើទៅបានប្រសិនបើមានការសង្ស័យថាមានដុំសាច់នៅក្នុងខួរក្បាល (brain tumor) រឺមានការកើនឡើងសម្ពាធនៅក្នុងខួរក្បាលពីព្រោះការចោះយកទឹកខួរឆ្អឹងខ្នងត្រូវបានហាមឃាត់នៅក្នុងករណីនេះ។
គួរតែធ្វើការពិនិត្យឈាមជាទំលាប់។ កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែពិនិត្យនៅពេលដែលអ្នកជំងឺមានការប្រែប្រួលកម្រិតស្មាតី។ ការយកឈាមទៅបណ្តុះមើលមេរោគគឺដើម្បីកំណត់ថាតើមានការចម្លងមេរោគនៅក្នុងចរន្តឈាមរឺអត់។
ត្រូវមានការតាមដានយ៉ាងហ្មត់ចត់នូវកម្រិតស្មារតីរបស់អ្នកជំងឺ ព្រោះរលាកស្រោមខួរក្បាលដែលបណ្តាលមកពីបាក់តេរីអាចបង្កអោយអ្នកជំងឺកាន់តែយ៉ាប់យើនឡើងយ៉ាងឆាប់រហ័សហើយអាចបណ្ដាលអោយស្លាប់បាន។
ការព្យាបាល
ប្រសិនបើសង្ស័យថាមានការរលាកស្រោមខួរក្បាលដែលបង្កដោយបាក់តេរី នោះការផ្តល់អោយនូវឱសថអ់ទីប៊ីយ៉ូទិកតាមសរសៃវែនត្រូវអនុវត្តន៍ភ្លាមមុនពេលដែលទទួលបាននូវលទ្ធផលរបស់ការពិនិត្យទឹកខួរឆ្អឹងខ្នង។ ប្រសិនបើការចោះយកទឹកខួរឆ្អឹងខ្នងត្រូវបានពន្យាពេលនោះការ ផ្តល់ឱសថអង់ទីប៊ីយ៉ូទិក ត្រូវតែផ្តល់អោយមុនការចោះយកទឹកខួរឆ្អឹងខ្នង។
ប្រសិនបើអ្នកជំងឺបាត់ស្មារតីនោះត្រូវរក្សាអោយផ្លូវខ្យល់បើកចំហរ និងផ្តល់នូវឧស្ម័នអុកស៊ីសែនប្រសិនបើចាំបាច់។ ប្រសិនបើប្រកាច់ក៍ត្រូវព្យាបាលផងដែរបើចាំបាច់។ ស្តេរ៉ូអ៊ីត (steroid) ដូចជាឱសថ Dexamethasone អាចផ្តល់អោយដើម្បីបន្ថយនូវរបួសប្រព័ន្ធប្រសាទបាននៅក្នុងករណីដែលអ្នកជំងឺដឹងខ្លួន។
រលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស ច្រើនតែមិនសូវធ្ងន់ធ្ងរដោយត្រូវការតែការព្យាបាលគាំទ្រតែប៉ុណ្ណោះដូចជា ឱសថបំបាត់ការឈឺចាប់ និងសេរ៉ូមតាមសរសៃវែន។
ប្រភេទខ្លះនៃរលាកស្រោមខួរក្បាលអាចឆ្លងតាមរយៈទឹកមាត់ រឺសំបោរចេញពីផ្លូវដង្ហើម ដូច្នេះត្រូវមានការប្រុងប្រយ័ត្ននៅពេលថែរក្សាអ្នកជំងឺដោយពាក់ស្រោមដៃនិងម៉ាស និងលាងដៃអោយបានស្អាតល្អ។ ក្រុមគ្រួសារនិងមិត្តភ័ក្តដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺដែលមានរលាកស្រោមខួរក្បាលបណ្តាលមកពីបាក់តេរីអាចនឹងត្រូវលេបឱសថ អង់ទីប៊ីយ៉ូទិក ដើម្បីការពារពួកគេពីការឆ្លងជំងឺ។