ជំងឺទឹកក្នុងស្រោមបេះដូង
ជំងឺទឹកក្នុងស្រោមបេះដូង (pericardial effusion) គឺជាភាពមិនប្រក្រតីនៃការប្រមូលផ្តុំនូវសារធាតុរាវនៅក្នុងចន្លោះស្រោមបេះដូង (pericardial space)។
មូលហេតុ
ទឹកក្នុងស្រោមបេះដូងអាចស្រួចស្រាវ (acute) រឺរាំរ៉ៃ (chronic)។ វាមានមូលហេតុជាច្រើនដែលបង្កជាទឹកក្នុងស្រោមបេះដូងស្រួចស្រាវដូចជារបួសត្រូវទ្រូង រឺបន្ទាប់ពីស្លាប់សាច់ដុំបេះដូង រឺក៏ផលវិបាករបស់រលាកស្រោមបេះដូង។ ចំពោះមូលហេតុដែលបណ្តាលមកពីរបួសនោះសារធាតុរាវដែលនៅក្នុងចន្លោះស្រោមបេះដូង (pericadial space) គឺជាឈាម។ ទឹកក្នុងស្រោមបេះដូងរុំារ៉ៃធម្មតាពីព្រោះតែជំងឺផ្សេងៗមានដូចជា ជំងឺមហារីក រឺអេដស៍ រឺក៏ជំងឺតម្រងនោមធ្ងន់ធ្ងរ។
សញ្ញា និងរោគសញ្ញា
មានកម្រិតខុសៗគ្នានៃការហត់និងមានអាការៈមិនសូវស្រួលក្នុងទ្រូង។ វាមានរោគសញ្ញារបស់ជំងឺខ្សោយបេះដូងដោយផ្អែកទៅលើទំហំនៃទឹកដែលចូលនិងល្បឿននៃការវិវត្តន៍របស់វា។ស្រោមបេះដូងអាចមានសមត្ថភាពលាតសន្ធឹងប្រសិនបើបរិមាណទឹកវិវឌ្ឍន៌យឺតៗ។ ហេតុដូចេ្នះហើយទើបការដែលទឹកចូលស្រោមបេះដូងរុំារ៉ៃគឺអ្នកជំងឺអាចទ្រាំបានយូរជាងទឹកចូលស្រោមបេះដូងស្រួចស្រាវ។ ទឹកចូលស្រោមបេះដូងរុំារ៉ៃអាចវិវត្តន៍ទៅជាបរិមាណទឹកដ៏ច្រើនមុនពេលដែលអ្នកជំងឺបង្ហាញនូវសញ្ញាផ្សេងៗ ផ្ទុយទៅវិញទឹកចូលស្រោមបេះដូងស្រួចស្រាវអាចបណ្ដាលអោយមានរោគសញ្ញាខ្លាំងទោះបីជាមានបរិមាណទឹកដ៏តិចតួចក៏ដោយ។
ការស្វែងរកមូលហេតុ
ការពិនិត្យដោយ ECHO បេះដូងអាចបញ្ជាក់ពីវត្តមាននិងទំហំរបស់ទឹកក្នុងស្រោមបេះដូង។ វាអាចមានភាពមិនប្រក្តីនៅលើការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (ECG)។ ការថតទ្រូងដោយប្រើកាំរស្មីអ៊ិច (chest x-ray) អាចបង្ហាញពីភស្តុតាងនៃការរីកធំរបស់ស្រោមបេះដូងប្រសិនបើទឹកនោះច្រើន។ ការស្តាប់ (auscultation) បេះដូងអាចមិនសូវឮសម្លេង បេះដូង (muffled heart sounds)។
ក្នុងករណីដែលមិនអាចរកមូលហេតុបាន គួរតែសួរនូវប្រវត្តិជំងឺនិងពិនិត្យរាងកាយអោយបានហ្មត់ចត់ដើម្បីកំណត់នូវជំងឺផ្សេងៗទៀតដែលអាចមានសក្តានុភាពបង្ករអោយកើតជំងឺទឹក ក្នុងស្រោមបេះដូង ប៉ុន្តែពេលខ្លះយើងនៅតែមិនអាចរកមូលហេតុឃើញដដែល។
ការព្យាបាល
ជំងឺទឹកក្នុងស្រោមបេះដូងដែលមានរោគសញ្ញាអាចនិងត្រូវកាធ្វើការបូមបង្ហូរទឹកចេញ។ ជាទូទៅវាអាចត្រូវបានធ្វើដោយការចាក់បញ្ចូលនូវម្ជុលការតេទែឆ្លងកាត់តាមទ្រូងហើយបូមទឹកចេញ (ដំនើរការនេះហៅថា pericardiocentesis)។
ការបូមបង្ហូរទឹកភ្លាមៗ គួរមិនត្រូវបានផ្ដល់ដំបូន្មានសម្រាប់អ្នកជំងឺដែលមានសម្ពាធឈាមទាបនោះទេ។ ជំនួសដោយការស្វែងរកមូលហេតុនិងការព្យាបាលនូវមូលហេតុនៃជំងឺ នោះស្ថានភាពអ្នកជំងឺអាចនឹងវិវត្តន៍ល្អវិញបាន។
ផលវិបាក
ទឹកក្នុងស្រោមបេះដូងអាចវិវត្តន៍ទៅជាជំងឺគៀបណែនបេះដូង (cardiac tamponade)។
ជំងឺគៀបណែនបេះដូង
ប្រសិនបើទឹកក្នុងស្រោមបេះដូងកាន់តែច្រើន ឬក៏វាកើតឡើងភ្លាមៗនោះស្រោមបេះដូងមិនអាចលាតសន្ធឹងបានទៀតទេ។ វាធ្វើអោយបេះដូងតឹងណែននិងទប់មិនអោយឈាមចូលទៅបំពេញក្នុងបេះដូងបានស្ថានភាពនេះយើងហៅថា cardiac tamponade។
សញ្ញា និងរោគសញ្ញា
អ្នកជំងឺធម្មតាមានបេះដូងដើរញាប់និងប៉ោងសសៃវ៉ែននៅ ក (distended jugular veins) ផងដែរនោះអាចវិវត្តន៍ទៅជាសម្ពាធឈាមចុះទាបបានយ៉ាងឆាប់រហ័ស។ អាចមានសញ្ញាដូចជា ចុកទ្រូង ពិបាកដកដង្ហើម ស្រាលក្បាល រឺអាចបាត់ស្មារតី។
ការស្វែងរកមូលហេតុ
ជំងឺគៀបណែនបេះដូង (cardiac tamponade) ធ្វើរោគវិនិច្ឆ័យដោយការសាកសួរពីប្រវត្តិជំងឺនិងពិនិត្យរាងកាយ។ ការពិនិត្យដោយ ECHO បេះដូង អាចបញ្ជាក់ពីវត្តមានរបស់ទឹកនៅក្នុងស្រោមបេះដូង និងវាយតម្លៃពីសមត្ថភាពកន្រ្តាក់របស់បេះដូង ប៉ុន្តែក៏កម្រមានឱកាសនិងធ្វើវាណាស់។ ការដែលពន្យារពេលក្នុងការព្យាបាលអាចបណ្តាលអោយគាំងបេះដូង (cardiac arrest)។
ការព្យាបាល
ការព្យាបាលគឺបូមបង្ហូរទឹកចេញដែលហៅថា pericardiocentesis។ ត្រូវតែផ្តល់អុកស៊ី សែន។ ការអោយសេរ៉ូមតាមសសៃវ៉ែននិងថ្នាំបង្កើនការកន្រ្តាក់របស់បេះដូង (inotrope) ដូចជា Dopamine អាចត្រូវបានផ្ដល់អោយខណៈពេលដែលវេជ្ជបណ្ឌិតរៀបចំធ្វើ pericardiocentesis ជាបន្ទាន់។