ជំងឺរលាកបេះដូង
កាយវិភាគវិទ្យារបស់បេះដូង
បេះដូងត្រូវបានបង្កើតឡើង ដោយច្រើនស្រទាប់ហើយស្រទាប់និមួយៗមានមុខងារពិសេសខុសៗគ្នា។
ស្រទាប់ខាងក្នុងនៃបេះដូង
ស្រទាប់ខាងក្នុងនៃបេះដូង (endocardium) គ្របដណ្តប់ផ្ទៃខាងក្នុងបេះដូងរួមទាំងប្រឹសទាំងបួន (valves) បេះដូងផងដែរ។ វាកើតឡើងពីកោសិកាដែលមានឈ្មោះថា endothelial cell ដែលដូចគ្នានិងកោសិកាដែលគ្របដណ្តប់ផ្ទៃខាងក្នុងរបស់សរសៃឈាមផងដែរ។ វាអនុញាតិយឈាមហូរឆ្លងកាត់បានយ៉ាងរលូន។
រលាកស្រទាប់ខាងក្នុងនៃបេះដូង
ការរលាកស្រទាប់ខាងក្នុងនៃបេះដូងយើងអោយឈ្មោះថា endocarditis។ ជាញឹកញាប់វា ប៉ះពាល់ដល់ប្រឹសបេះដូង។ នៅក្នុងករណីខ្លះប្រឹសបេះដូងដែលខូតខាតមិនអាចនឹងត្រលប់មករកភាពដើមវិញបានទេដែលជាហេតុនាំអោយកើតជំងឺខ្សោយបេះដូង។
មូលហេតុ : មូលហេតុជាញឹកញាប់គឺបណ្តាលមកពីបាក់តេរី (bacteria) ដែលគេហៅបានថា ជំងឺរលាកស្រទាប់ខាងក្នុងនៃបេះដូងបណ្តាលមកពីការឆ្លងរោគ (infective endocarditis)។ បាក់តេរីអាចចូលទៅក្នុងចរន្តឈាមតាមវិធីមួយចំនួនដូចជាអំឡុងពេលធ្វើធ្មេញ ការព្យាបាលនៅតាមមន្ទីពេទ្យខ្លះ (មានដូចជាការចាក់ថ្នាំហើយនិងការវះកាត់) ឬក៏ប្រើប្រាស់ថ្នាំញៀន។
សញ្ញា និងរោគសញ្ញា : មានផ្សេងៗគ្នា និងមិនជាក់លាក់ទេប៉ុន្តែធម្មតាមានក្តៅខ្លួនអស់កំលាំងនិងល្ហិតល្ហៃ។
ការស្វែងរកមូលហេតុ : ការពិនិត្យដោយ ECHO បេះដូង អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យការរលាកស្រទាប់ខាងក្នុងនៃបេះដូងបាន។ ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គិសនី (ECG) និងការថតទ្រូងប្រើដោយកាំរស្មីអ៊ិច (chest x-ray) ច្រើនតែគ្មានអ្វីគួរអោយកត់សំគាល់ឡើយ។ ជំងឺរលាកស្រទាប់ខាងក្នុងនៃបេះដូងមកពីការឆ្លងរោគ (infective endocarditis) បើយើងធ្វើតេស្តឈាមវាបង្ហាញថា មានការកើនឡើងនៃកោសិកាឈាមស (white blood cell) ហើយនិងកើនឡើងសញ្ញាបង្ហាញពីការរលាក (ដូចជា CRP និង ESR)។ ការយកឈាមទៅបណ្ដុះមើល មេរោគ (blood culture) អាចត្រូវបានអនុវត្តន៏ប្រសិនជាអាចធ្វើទៅបាន។
ការព្យាបាល : ការព្យាបាលដោយគំហុកនូវថ្នាំអង់ទីប៊ីយូទិក (antibiotic) តាមសរសៃវ៉ែនគឺត្រូវបានអនុវត្តន៍ចំពោះជំងឺរលាកស្រទាប់ខាងក្នុងនៃបេះដូងមកពីការឆ្លងរោគ។ ការជាសះនិងពឹងថាអន់ថយ ពីព្រោះការផ្គត់ផ្គង់ឈាមទៅកាន់ស្រទាប់ខាងក្នុងនៃបេះដូងតិច។ ប្រសិនបើប្រឹសបេះដូងត្រូវបានបំផ្លាញហើយបង្កអោយមានជំងឺខ្សោយបេះដូង នោះយើងត្រូវតែធ្វើការព្យាបាលផងដែរ។
ស្រទាប់សាច់ដុំបេះដូង
នេះគឺជាស្រទាប់ដែលមានសាច់ដុំបេះដូងដ៏ក្រាស់ដែលអាចធ្វើអោយបេះដូងច្របាច់ឈាមបាន។ សរសៃអាទែកូរូនែ (coronary arteries) ជាអ្នកដឹកនាំឈាមទៅចិញ្ចឹមសាច់ដុំបេះដូង (myocardium)។
ស្រទាប់សាច់ដុំបេះដូងកើតឡើងពីកោសិកាឈ្មោះ myocardial cell។ កោសិកាទាំងនោះគឺខុសគ្នាទៅនិងកោសិកាផ្សេងៗទៀតនៅក្នុងខ្លួនប្រាណ។ Myocardial cell ជាកោសិកាពិសេសហើយមានតែនៅក្នុងសាច់ដុំបេះដូងប៉ុណ្ណោះដោយវាអាចផលិតនិងឆ្លើយតបទៅនិងកំលាំងអគ្គិសនីបាន។ កំលាំងអគ្គិសនីធ្វើអោយសាច់ដុំបេះដូងកន្រ្តាក់។
រលាកសាច់ដុំបេះដូង
ការរលាកសាច់ដុំបេះដូងយើងហៅថា myocarditis។ សាច់ដុំបេះដូងចាប់ផ្តើមរីកធំនិងហើមដែលអាចនាំអោយទៅជាខ្សោយបេះដូង ឬជំងឺបញ្ហាចង្វាក់បេះដូង (cardiac arrhythmias)។
មូលហេតុ : វាមានមូលហេតុច្រើនដូចជាការចំលងរោគ សារធាតុពុល រឺជំងឺដែលប្រពន្ធ័ការពាររាងកាយបំផ្លាញខ្លួនឯង (autoimmune disease) ដូចជា systemic lupus erythematosus។ មូលហេតុដែលកើតញឹកញាប់ជាងគេគឺបណ្តាលមកពីការឆ្លងវីរុស ដូចជាជំងឺគ្រុនផ្ដាសាយធំ។
សញ្ញា និងរោគសញ្ញា : មានផ្សេងៗគ្នា និងមិនជាក់លាក់ប៉ុនែ្តអាចមានអាការៈមិនសូវស្រួលក្នុងទ្រូង ហត់តិចតួចហើយជួនកាលមានគ្រុនក្តៅ។ អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរអាចមានអាការៈខ្សោយបេះដូងនិងជំងឺបញ្ហាចង្វាក់បេះដូង។
ការស្វែងរកមូលហេតុ : ការពិនិត្យដោយ ECHO បេះដូង អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរលាកសាច់ដុំបេះដូង។ ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (ECG) អាចបង្ហាញពីភាពមិនប្រក្រតីខុសៗគ្នា។ ការថតទ្រូងដោយប្រើកាំរស្មីអ៊ិច (chest x-ray) អាចត្រូវធ្វើឡើងដើម្បីពិនិត្យរោគសញ្ញានៃបេះដូងរីក (cadiomegaly) ប៉ុន្តែជួនកាលទំហំរបស់បេះដូងនៅ ធម្មតា។ ចំពោះការរលាកសាច់ដុំបេះដូងដោយសារវីរុស តេស្តឈាមវាបង្ហាញថា មានការកើនឡើងនៃកោសិកាឈាមស (white blood cell) ហើយនិងកើនឡើងសញ្ញាបង្ហាញពីការរលាក (ដូចជា CRP និង ESR )។
ការព្យាបាល : ប្រសិនបើវីរុសជាអ្នកបង្កនោះគ្មានការព្យាបាលជាក់លាក់ទេគឺមានតែថ្នាំបំបាត់ការឈឺចាប់និងសម្រាក។ ថ្នាំប្រឆាំងការរលាកដែលគ្មានជាតិស្តេរ៉ូអ៊ីត (nonsteroidal anti-inflammatory drugs រឺ NSAID) គឺជាទូទៅមិនត្រូវបានផ្ដល់ដំបូន្មានអោយប្រើប្រាស់ទេ។ ប្រសិនបើមូលហេតុមិនមែនមកពីវីរុសនោះការព្យាបាលត្រូវតែជាក់លាក់ដោយពឹងផ្អែកទៅលើមូលហេតុនិមួយៗផ្សេងៗគ្នា។ ប្រសិនបើមានខ្សោយបេះដូង រឺក៏ជំងឺបញ្ហាចង្វាក់បេះដូងនោះយើងក៏ត្រូវធ្វើការព្យាបាលផងដែរ។
ស្រទាប់ស្រោមបេះដូង
បេះដូងស្ថិតនៅក្នុងស្រោមមួយដែលមានឈ្មោះថា ស្រទាប់ស្រោមបេះដូង (pericardium)។ ស្រទាប់ស្រោមបេះដូងមានច្រើនស្រទាប់។ ស្រោមបេះដូងផ្នែកខាងក្នុងត្រូវបានហៅថា visceral pericardium។ បន្ទាប់មកផ្នែកបន្ទាប់ទៀតគឺត្រូវបានហៅថា parietal pericardium។ នៅចន្លោះផ្នែកទាំងអស់នេះគឺ pericardial space។ វាបំពេញទៅដោយសារធាតុរាវមានតួនាទីដូចជា ប្រេងរំអិលដើម្បីកាត់បន្ថយភាពកកិតរវាងផ្ទៃនៃស្រទាប់ទាំងពីរនោះនៅពេលដែលបេះដូងកន្រ្តាក់។ ចុងបញ្ចប់ស្រោមបេះដូងផ្នែកខាងក្រៅបង្អស់ត្រូវបានហៅថា fibrous pericardium។
រលាកស្រោមបេះដូង
ការរលាកស្រោមស្រោបបេះដូងយើងហៅថា pericarditis។
មូលហេតុ : មានមូលហេតុជាច្រើនប៉ុន្តែមូលហេតុញឹកញាប់ជាងគេគឺមកពីការចំលងរោគដោយសារវីរុស ដូចជាជំងឺគ្រុនផ្ដាសាយធំ។
សញ្ញា និងរោគសញ្ញា : ចុកទ្រូងគឺជាសញ្ញាតំអូញដែលកើតញឹកញាប់ដែលបណ្តាលមកពីស្រោមបេះដូងដែលរលាកកកិតគ្នា។ វាមានលក្ខណះឈឺចុកចាប់ដូចគេចាក់ហើយវាធម្មតាឈឺខ្លាំងនៅពេលដកដង្ហើមនិងក្អក។ ជាងនេះទៅទៀតវាកាន់តែឈឺខ្លាំងឡើងនៅពេលដេកផ្ងារ ហើយធូរបន្តិចវិញនៅពេលអង្គុយ។ អ្នកជំងឺអាចមានគ្រុនក្តៅ ប៉ុន្តែពេលខ្លះមិនមាននោះទេ។
ការស្វែងរកមូលហេតុ : ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (ECG) អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យការរលាកស្រោមស្រោបបេះដូងបាន។ ដំបូងប្រហែលជាមានការឡើងរបស់ ST (ST elevation)។ វាអាចមានភាពមិនប្រក្តីនៅលើ ECG ដែលអាចនិងផ្លាស់ប្តូរនិងវិវឌ្ឍន៍ក្នុងអំឡុងពេលពី ២ រឺ ៣ សបា្តហ៍បន្ទាប់ទៀត។ ការថតទ្រូងដោយប្រើកាំរស្មីអ៊ិច (chest x-ray) និងការវិភាគគំនូសចលនាបេះដូងដោយប្រើ ECHO បេះដូង គឺជាទូទៅមិនបង្ហាញអ្វីនោះទេ។ ការស្តាប់បេះដូងអាចស្វែងរកសំលេងស្រោមបេះដូងកកិតគ្នា (pericardial friction rub) ដែលមានលក្ខណះជាសំលេងឆ្កូតបង្កើតឡើងដោយស្រោមបេះដូងដែលរលាកកកិតគ្នា។ សំលេងឆ្កូតនេះគឺត្រូវបានលឺអាស្រ័យទៅលើទីតាំងនៃអ្នកជម្ងឺ រឺក៏អាចមិនមានតែម្តង។ តេស្តឈាមវាបង្ហាញថាមានការកើនឡើងនៃកោសិកាឈាមស (white blood cell) ហើយនិងកើនឡើងសញ្ញាបង្ហាញពីការរលាក (ដូចជា CRP និង ESR )។
ការព្យាបាល : ប្រសិនបើវាបង្ករឡើងដោយវីរុសនោះការព្យាបាលគឺថ្នាំប្រឆាំងការរលាកដែលគ្មានជាតិស្តេរ៉ូអ៊ីត (NSAIDs) ដូចជា Diclofenac។ ជំរើសផ្សេងទៀតនោះគឺការផ្តល់នូវថ្នាំ Aspirin។ ប្រសិនបើមិនមានការធូរស្រាលបន្ទាប់ពីប្រើថ្នាំនេះបាន ៣ ឬ ៤ ថ្ងៃនោះយើងអាចប្តូរមកប្រើថ្នាំស្តេរ៉ូអ៊ីត (steroid) វិញដូចជា Prednisolone។ ប្រសិនបើមូលហេតុមិនមកពីវីរុសនោះការព្យាបាលគឺពឹងផ្អែកទៅលើមូលហេតុជាក់លាក់។
ផលវិបាក : រលាកស្រោមបេះដូងម្តងហើយម្តងទៀតហៅថា recurrent pericarditis។ វាអាចធ្វើឲ្យស្រោមបេះដូងមានសន្លាកនិងក្រិនដែលជាហេតុនាំអោយទៅជាជំងឺមួយហៅថារលាកនិងត្បៀតស្រោមបេះដូង (constrictive pericarditis)។ ចំពោះជំងឺ constrictive pericarditis គឺបេះដូងមិនអាចច្របាច់ឈាមបានល្អគ្រប់គ្រាន់នោះទេហើយអាចបណ្តាលអោយទៅជាខ្សោយបេះដូង។ ផលវិបាកមួយទៀតរបស់រលាកស្រោមបេះដូងគឺទឹកក្នុងស្រោមបេះដូង (pericardial effusion)។