ជំងឺខ្សោយបេះដូង

ផ្នែកខាងស្តាំនៃបេះដូងច្របាច់ឈាមបញ្ជូនទៅកាន់សួត (pulmonary circulation) ហើយផ្នែកខាងឆេ្វងនៃបេះដូង​ច្របាច់ឈាមបញ្ជូន​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀតនៃរាងកាយ (systemic circulation)។ ប្រសិនបើផ្នែកណាមួយ រឺផ្នែកទាំងសងខាងនៃបេះដូងដំនើរការ​ច្របាច់ឈាមមិនបានល្អយើង​ហៅថា ជំងឺខ្សោយបេះដូង (heart failure)។ 

ជំងឺខ្សោយបេះដូងផ្នែកខាងឆ្វេង

ប្រសិនបើផ្នែកខាងឆ្វេងនៃបេះដូងមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់សរីរាង្គទេនោះ វានឹងបង្កអោយឈាមប្រមូលផ្តុំក្នុង​សរសៃវ៉ែន និងសរសៃបណ្តូរឧស្ម័ននៃ pulmonary circulation។ ការកើនឡើងបរិមាណឈាមក្នុងសរសៃឈាមទាំងនោះ ធ្វើអោយមាន​ការកើន​ឡើង​នូវសម្ពាធក្នុងសរសៃឈាម។ នៅពេលដែលកើនឡើងនូវសម្ពាធក្នុងសរសៃឈាមទាំងនោះ គឺវាបណ្តាលអោយសារធាតុ​រាវដែលនៅក្នុងឈាម​ត្រូវ​បាន​បង្ខំអោយចេញក្រៅសរសៃ បណ្តូរឧស្ម័នតូចៗ ដែលព័ន្ធនៅលើថង់ខ្យល់តូចៗក្នុងសួត ហើយទឹកក៏ចូលទៅ​ក្នុងថង់ខ្យល់តូចៗ​ក្នុងសួតទាំងនោះ​ដែលយើងហៅថា ជំងឺហើមសួត (pulmonary edema)។ 

1- cardio kh 2-1

ទឹកដែលបានចូលទៅក្នុងថង់ខ្យល់តូចៗក្នុងសួតទាំងនោះ គឺវាបានបន្ថយកន្លែងរបស់ ខ្យល់។ ការថយចុះនូវកន្លែងរបស់ខ្យល់ គឺវាបណ្តាលអោយមាន​ការថយចុះនូវការផ្លាស់ប្តូរឧស្ម័នរវាងថង់ខ្យល់តូចៗក្នុងសួត និងសរសៃបណ្តូរឧស្ម័ន។ ហេតុដូចេ្នះហើយទើបអ្នកជំងឺមានសញ្ញាហត់ (short of breath)។​ អ្នកជំងឺក៏អាចស្តែងចេញនូវរោគសញ្ញាដូចជាដកដង្ហើមញាប់ (tachypnea) ហត់ (dyspnea) ប្រឹងក្នុងការដកដង្ហើម (ដោយប្រើសាច់ដុំជំនួយ) និងមានការថយចុះនូវកម្រិត អុកស៊ីសែននៅក្នុងឈាម (decreased oxygen saturation)។  

 មូលហេតុញឹកញាប់បំផុតដែលធ្វើអោយខ្សោយបេះដូងផ្នែកខាងឆ្វេងគឺ ជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម។ មូលហេតុដ៏ទៃ​ទៀត​មានដូចជា ជំងឺបញ្ហាចង្វាក់បេះដូង (cardiac arrhythmias) ជំងឺប្រឹសបេះដូង (valve disease) ជំងឺរលាកសាច់ដុំបេះដូង (myocarditis) ជំងឺទឹកក្នុង​ស្រោម​បេះដូង (pericardial effusion) កង្វះគ្រាប់ឈាមក្រហម (anemia) និងជំងឺលើសបរិមាណទឹកក្នុងរាងកាយ។ ខ្សោយបេះដូងផ្នែកខាងឆ្វេង​ជាធម្មតា​វិវឌ្ឍន៏ទៅជាខ្សោយបេះដូងផ្នែកខាងស្តាំផងដែរ។ 

ជំងឺខ្សោយបេះដូងផ្នែកខាងស្តាំ

ប្រសិនបើផ្នែកខាងស្តាំនៃបេះដូងមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់សួតទេនោះ វានឹងបង្កអោយឈាមប្រមូលផ្តុំក្នុងសរសៃ​វ៉ែន​និងសរសៃបណ្តូរឧស្ម័ននៃ systemic circulation។ ការកើនឡើងនូវបរិមាណឈាមក្នុងសរសៃឈាម​ទាំងនោះធ្វើអោយមានការកើនឡើង​នូវសម្ពាធក្នុង​សរសៃឈាម។ នៅពេលដែលកើនឡើងនូវសម្ពាធក្នុងសរសៃឈាមទាំងនោះ គឺវាបណ្តាលអោយសារធាតុរាវ​ដែលនៅក្នុងឈាមត្រូវបានបង្ខំចេញ​ក្រៅ​សរសៃបណ្តូរឧស្ម័នតូចៗ រួចចូលទៅក្នុងជាលិកានិងសរីរាង្គផ្សេងៗដែលបង្កអោយមានបញ្ហាដូចជាៈ

  • ការហើមនៅចុងអវៈយវៈផ្នែកខាងក្រោម (peripheral edema) 
  • ថ្លើមរីកធំ (hepatomegaly) អណ្តើករីកធំ (spleenomegaly) 
  • ទាចទឹក (ascites)
  • ទឹកនៅចន្លោះស្រោមសួត (pleural effusion) 
  • ប៉ោងសរសៃឈាមវែននៅ ក (distended jugular veins) 

1- cardio 2-2

ខ្សោយបេះដូងផ្នែកខាងស្តាំ ភាគច្រើនជាផលវិបាកមកពីខ្សោយបេះដូងផ្នែកខាងឆ្វេង។ អ្នកជំងឺទាំងនេះស្តែងចេញនូវសញ្ញា​ខ្សោយបេះដូងខាងស្តាំ​ផង ​និងខាងឆ្វេងផង។ ភាគតិចណាស់ដែលខ្សោយបេះដូងខាងស្តាំកើតឡើងតែឯង។ មូលហេតុមួយចំនួនដែលបណ្តាលឲ្​យមានជំងឺខ្សោយបេះដូង​ផ្នែកខាងស្តាំតែឯងរួមមាន ជំងឺសួតធ្ងន់ធ្ងរ (severe pulmonary disease) ជំងឺស្លាប់សាច់ដុំបេះដូងផ្នែកខាងស្តាំ (right sided myocardial infarction) និង​ជំងឺប្រឹសបេះដូងផ្នែកខាងស្តាំ (right sided valve disease)។ 

ការស្វែងរកមូលហេតុ

ការពិនិត្យរាងកាយអ្នកជំងឺ គឺចាំបាច់រួមបញ្ចូលទាំងសញ្ញាតំអូញដែលបានបញ្ជាក់រួចមកហើយមានដូចជាការហើមនៅចុងអវៈយវៈផ្នែកខាងក្រោម (peripheral edema) និងប៉ោងសរសៃ វ៉ែននៅ ក (distented jugular veins)។

ការថតទ្រូងប្រើដោយកាំរស្មីអ៊ិច (chest x-ray) គួរតែប្រព្រឹត្តទៅបានដើម្បីស្វែងរកភ័ស្តុតាង នៃជំងឺហើមសួត (pulmonary edema) និងជំងឺស្ទះសរសៃឈាមនៅក្នុងសួត (pulmonary vascular congestion)។

1- cardio 2-3

ទំហំរបស់បេះដូងអាចដឹងបានតាមរយៈការថតទ្រូងប្រើដោយកាំរស្មីអ៊ិច (chest x-ray)។ នៅក្នុងជំងឺខ្សោយបេះដូងរាំរ៉ៃសាច់ដុំបេះដូងជារើយៗ តែងតែកើននូវទំហំក្នុងគោលបំណងដើម្បីច្របាច់ឈាមអោយបានល្អគ្រប់គ្រាន់។ ទោះយ៉ាងណាក៏ដោយទំហំរបស់បេះដូង​ធំធ្វើអោយជំងឺខ្សោយ​បេះដូងកាន់តែធ្ងន់ធ្ងរថែមទៀត។ ការដែលបេះដូងរីកធំហៅថា cardiomegaly។

ការស្តាប់ (auscultation) សួត ត្រូវបានអនុវត្តដើម្បីស្វែងរកភ័ស្តុតាងនៃជំងឺហើមសួត (pulmonary edema)។ ជំងឺហើមសួត បណ្តាលអោយមានសម្លេង crackles (សំលេងប្រេះៗដូចអំបិលផ្ទុះ)។ សម្លេងក្រេកខលនេះកើតឡើងពីទឹកបោកផ្ទប់ជាមួយផ្នែក​ខាងក្នុងនៃថង់ខ្យល់តូចៗក្នុងសួត​ខណះដែល​ខ្យល់​ក៏ចូលដែរ។ ហេតុដូចេ្នះហើយសម្លេងក្រេកខលធម្មតាស្តាប់ឮនៅពេលដែលអ្នកជំងឺដកដង្ហើមចូល។ ដោយសារកំលាំងទំនាញផែនដី​សម្លេងក្រេកខល​ស្តាប់លឺនៅផ្នែកខាងក្រោមរបស់សួតនៅពេលអ្នកជំងឺអង្គុយរឺឈរ។

ការស្តាប់ (auscultation) បេះដូង អាចត្រូវបានគេអនុវត្តដើម្បីពិនិត្យរកមើលនូវសម្លេងបន្ថែមរបស់បេះដូង (ដែលគេហៅថាសម្លេងទី ៣) ប៉ុន្តែវាមិនមានគ្រប់ករណីទាំងអស់នោះទេ។

ជាធម្មតាការពិនិត្យឈាមគេអាចរកមើលចំនួនគ្រាប់ឈាមក្រហម (កង្វះគ្រាប់ឈាមក្រហម អាចជាមូលហេតុបណ្តាលអោយខ្សោយបេះដូង រឺធ្វើអោយជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ) និងកម្រិតអេឡិចត្រូលីត (ជាពិសេសសូដ្យូម)។ ការធ្វើតេស្តដើម្បី​មើលមុខងារតំរ៉ងនោម​និងថ្លើមក៏មាន​សារៈសំខាន់ផងដែរ។

ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (electrocardiogram រឺ ECG) គួរតែត្រូវបានធ្វើដើម្បីរកមើលជំងឺបញ្ហាចង្វាក់បេះដូង (cardiac arrhythmias) និងជំងឺស្លាប់សាច់ដុំបេះដូង (myocardial infarction) ដែលជំងឺទាំង ២ នេះមានសក្តានុពលក្នុងការបង្កអោយមានជំងឺខ្សោយ បេះដូង (heart failure)។

ការវិភាគគំនូសចលនាបេះដូងដោយប្រើរលកសម្លេងបេះដូង (echocardiogram រឺ ECHO) អាចត្រូវបានធ្វើដើម្បីរកមើលទំហំថតរបស់បេះដូង។ ការពិនិត្យដោយ ECHO បេះដូង អាចអោយយើងគណនាដឹងពីសមត្ថភាពរបស់បេះដូងក្នុងការច្របាច់ឈាមចេញដែលហៅថា ejection fraction។ ការពិនិត្យដោយ ECHO បេះដូងក៏អាចកំណត់ពីភាពមិនប្រក្រតីរបស់ប្រឹសបេះដូង ដែលមានសក្តានុភាពក្នុងការបង្កជំងឺខ្សោយបេះដូងផងដែរ។  

ការព្យាបាល

មូលហេតុដែលមានត្រូវតែកំណត់អោយបាននិងព្យាបាល ឧទាហរណ៏ ជំងឺសរសៃឈាមបេះដូង (coronary artery disease) ជំងឺលើសសម្ពាធឈាម (hypertension) ឬជំងឺបញ្ហាចង្វាក់ បេះដូង (cardiac arrhythmias)។

  •  ផ្តល់អុកស៊ីសែនចំពោះអ្នកជំងឺដែលហត់។
  • ថ្នាំបញ្ចុះទឹកនោម (ដូចជា Furosemide) ធម្មតាត្រូវការប្រើប្រាស់សម្រាប់បង្កើនអោយ

អ្នកជំងឺនោមបានច្រើន ហេតុដូចេ្នះហើយទើបបន្ថយបរិមាណឈាមរត់នៅក្នុងសរសៃឈាម។ ការដែលបន្ថយនូវបរិមាណឈាមរត់ក្នុងសរសៃឈាម គឺមានន័យថាបន្ថយសម្ពាធក្នុងសរសៃឈាម ដែលអាចធ្វើអោយបេះដូងច្របាច់ឈាមកាន់តែមានប្រសិទ្ធភាព។

ថ្នាំដទៃទៀត ដែលអាចត្រូវការជាចាំបាច់រួមមាន៖

  • ថ្នាំទប់សកម្មភាព angiotensin (ACE inhibitor) ដូចជា Lisinopril
  • ថ្នាំទប់សកម្មភាពរបស់ beta (beta blocker) ដូចជា Metoprolol ប៉ុន្តែកំរិតថ្នាំទាបបំផុតគួរតែត្រូវបានប្រើប្រាស់ និងមិនត្រូវប្រើចំពោះជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ ឬស្រួចស្រាយឡើយ។ 
  • ថ្នាំប្រើតាមមាត់ Hydralazine ប្រើប្រាស់ជាមួយ Isosorbide Dinitrate ប៉ុន្តែមិនគួរអោយប្រសិនបើអ្នកជំងឺមានសម្ពាធឈាមទាបទេ។
  • Digoxin

ការផ្តល់អោយនូវថ្នាំសម្រាប់ជួយក្នុងការកន្រ្តាក់បេះដូង (inotrope) ដូចជា Dopamine អាចនឹងត្រូវបានប្រើប្រាស់សម្រាប់​អ្នកជំងឺដែលមាន​សម្ពាធ​ឈាម​ទាប ឬសម្រាប់អ្នកជំងឺដែលមានជំងឺហើមសួតរួមជាមួយថ្នាំដែលបានប្រើប្រាស់ខាងលើ។ 

ការគ្រប់គ្រងកម្រិតខ្ពស់

ការព្យាបាលដោយប្រើថ្នាំសម្រាប់ពង្រីកសរសៃឈាម ដើម្បីបន្ថយសម្ពាធហើយក៏អាចជួយអោយបេះដូងច្របាច់ឈាមកាន់តែមានប្រសិទ្ធភាព។ ការព្យាបាលដោយប្រើថ្នាំពង្រីកសរសៃឈាមត្រូវបានចាក់បញ្ចូលតាមសរសៃ (លាយជាមួយសេរ៉ូមរួចព្យូរ) និងកំណត់ចំនួន​ទៅតាមការឆ្លើយតប​របស់ជំងឺ និងសម្ពាធឈាម។ ឧទាហរណ៍នៃការអោយថ្នាំតាមសរសៃដោយលាយជាមួយសេរ៉ូមដែលគេប្រើជាញឹកញាប់គឺ Nitroglycerin រឺ Nitroprusside។

Dobutamine គឺជាថ្នាំដែលជួយក្នុងការកន្រ្តាក់របស់បេះដូង (inotrope) យ៉ាងមានប្រសិទ្ធភាពហើយត្រូវបានប្រើប្រាស់នៅក្នុងជំងឺខ្សោយបេះដូង ដោយវាជួយបង្កើននូវកម្លាំងកន្រ្តាក់របស់បេះដូង និងបង្កើននូវចំនួនឈាមដែលច្របាច់ចេញពីបេះដូង ហើយវាទំនងជាមិនបង្កអោយលើស​សម្ពាធ​ឈាមទេ បើប្រៀបធៀបជាមួយថ្នាំ Dopamine។ ជាងនេះទៅទៀត ថ្នាំ Dobutamine បង្កអោយមានការពង្រីកសរសៃឈាមផងដែរ ដែលជា​ប្រយោជន៍​ល្អសម្រាប់ជំងឺខ្សោយបេះដូង។