ការស្លាប់រឺការបំផ្លាញនៃសាច់ដុំ (Rhabdomyolysis)
Rhabdomyolysis គឺជាលក្ខខ័ណ្ឌមួយដែលបណ្ដាលមកពីការស្លាប់នៃកោសិកាសាច់ដុំ។ នៅពេលដែលសាច់ដុំស្លាប់សារធាតុរបស់វាត្រូវបានបញេ្ចញចោលទៅក្នុងឈាម។ សារធាតុរួម បញ្ចូល myoglobin និងប៉ូតាស្យូម (potassium) និង creatine kinase (CK) ជាមួយសារធាតុ ដ៏ទៃទៀត។
បរិមាណដ៏ច្រើនរបស់ myoglobin នៅក្នុងឈាមធ្វើអោយមានការពុលទៅដល់តម្រងនោម(nephrotoxic)។ ធម្មតាតម្រងនោមមានលទ្ធភាពបញ្ចេញចោលនូវបរិមាណតិចតួចនៃ myoglobinតាមទឹកនោម។ Rhabdomyolysis បង្កអោយមានការកើនឡើងនូវ myoglobin ជាច្រើនភ្លាមៗក្នុងឈាមដែលតម្រងនោមមិនអាចច្រោះបានគ្រប់គ្រាន់។ បរិមាណដ៏ច្រើននៃ myoglobin គឺពុលទៅដល់តម្រងនោម ដែលអាចបណ្តាលអោយមានជំងឺតម្រងនោមស្រួចស្រាវ។
ជាតិប៉ូតាស្យូមឡើងក្នុងឈាម (hyperkalemia) គឺគ្រោះថ្នាក់។ ធម្មតាតម្រងនោមបញ្ចេញចោលនូវប៉ូតាស្យូមដែលលើសទៅតាមទឹកនោម។ Rhabdomyolysis បង្កអោយមានការកើនឡើងបរិមាណប៉ូតាស្យូមយ៉ាងច្រើននិងភ្លាមៗដែលធ្វើអោយតម្រងនោមមិនអាចមានលទ្ធភាពបញ្ចេញ ចោលគ្រប់គ្រាន់ លើសពីនេះទៅទៀតប្រសិនបើមានជំងឺតម្រងនោមស្រួចស្រាវ (ដោយសារការពុលរបស់ myoglobin) នោះវានឹងបង្អាក់នូវសមត្ថភាពចម្រោះរបស់តម្រងនោម។
មូលហេតុ
ការស្លាប់របស់សាច់ដុំមានមូលហេតុជាច្រើនដូចជា៖
- គ្រោះថ្នាក់ដោយសារការបុក : ដូចជាគាបសង្កត់
- ការដែលមិនធ្វើចលនារយៈពេលយូរដោយនៅលើផ្ទៃរឹងណាមួយ: ដូចជាការដែលមិនអាចកំរើកបានដោយសារតែគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល (stroke) រឺបាក់ឆ្អឹងត្រគាក រឺសន្លប់ដោយសារការពុលថ្នាំ
- ការធ្វើចលនាខ្លួនប្រាណជ្រុលពេក: ច្រើនកើតឡើងចំពោះបុគ្គលដែលមិនបានហ្វឹកហាត់បានល្អ
- ក្តៅខ្លួនធ្ងន់ធ្ងរ: ដូចជាសីតុណ្ហភាពរាងកាយលើសពី៤០ដឺក្រេ
- Compartment syndrome: ហើមនៅក្នុងផ្ទៃខណ្ឌចែករបស់សាច់ដុំភាគច្រើនកើតឡើងនៅកំភួនជើងបន្ទាប់ពីការបាក់ឆ្អឹងស្មងជើង
- គ្រោះថ្នាក់ដោយសារចរន្តអគ្គីសនី: អាចមកពីចរន្តដែលមានកម្លាំងវ៉ុលខ្ពស់ រឺរន្ទះបាញ់
- រលាកធ្ងន់ធ្ងរចំពោះរាងកាយ
- ប្រកាច់រយៈពេលយូរ: មកពីការកន្រ្តាក់របស់សាច់ដុំញឹកញាប់និងរយៈពេលយូរ កើតឡើងក្នុងអំឡុងពេលប្រកាច់
- ពស់ចឹក: ពិសពស់ប្រភេទខ្លះធ្វើអោយស្លាប់កោសិកាបានក្នុងជាលិកា
សញ្ញា និងរោគសញ្ញា
Rhabdomyolysis អាចធ្វើអោយខ្សោយសាច់ដុំ ឈឺសាច់ដុំ និងទឹកនោមមានពណ៌ក្រម៉ៅ។ទឹកនោមដែលមានពណ៌ក្រម៉ៅគឺជា myoglobin ដែលបានបញ្ចេញដោយតម្រងនោមទៅក្នុងទឹក នោម ប៉ុន្តែសញ្ញាអាចមានខុសៗគ្នាហើយសញ្ញាទាំងបីមិនតែងតែបង្ហាញនោះទេ។
វាអាចមានសញ្ញាដែលពាក់ព័ន្ធទៅនឹងមូលហេតុដែលមានពីមុនមក។ ឧទាហរណ៍ៈ ការមិនធ្វើចលនារយៈពេលយូរអាចធ្វើអោយស្បែកមានការប្រែពណ៌ រឺក៏ក្តៅខ្លួនធ្ងន់ធ្ងរអាចបន្ថយនូវ សា្មរតីរបស់អ្នកជំងឺ។
ផលវិបាក
ជំងឺតម្រងនោមស្រួចស្រាវនិងជាតិប៉ូតាស្យូមឡើងក្នុងឈាម (hyperkalemia) គឺជាផលវិបាកដែលកើតញឹកញាប់បំផុតបន្ទាប់ពី rhabdomyolysis។ ជំងឺតម្រងនោមស្រួចស្រាវធ្វើអោយ ជាតិអ៊ុយរ៉េឡើងក្នុងឈាម (uremia) លើសបរិមាណសារធាតុរាវ (volume overload) និង metabolic acidosis។ ជាតិប៉ូតាស្យូមឡើងក្នុងឈាម (hyperkalemia) អាចបណ្តាលអោយមាន ជំងឺបញ្ហាចង្វាក់បេះដូង (cardiac arrhythmias) ដែលជាការគំរាមកំហែង ដល់ជីវិត។
Rhabdomyolysis ក៏អាចបណ្តាលអោយមានភាពមិនប្រក្រតីនៃសារធាតុផ្សេងទៀតនៅក្នុងឈាមដូចជាជាតិអាស៊ីតអ៊ុយរីចឡើងក្នុងឈាម (hyperuricemia) ជាតិកាល់ស្យូមចុះទាបក្នុងឈាម(hypocalcemia)។ ទោះបីយ៉ាងណាក៏ដោយក៏នៅក្នុងកំឡុងពេលជាសះស្បើយកម្រិតជាតិកាល់ ស្យូមឡើងក្នុងឈាម (hypercalcemia)។
ផលវិបាកដែលកម្រមាន
ផលវិបាករបស់ rhabdomyolysis ដែលមិនសូវកើតមានគឺការហើមនៅត្រង់កន្លែងដែលសាច់ដុំនោះបានបំផ្លាញដែលអាចបណ្ដាលទៅជា compartment syndrome។ ផលវិបាកដែលមិនសូវមានផ្សេងទៀតគឺការកកឈាមនៅក្នុងសរសៃឈាមពាសពេញរាងកាយ (disseminated intravascular coagulation រឺ DIC) ដែលនេះបង្កដោយសារជាតិម៉្យាងដែលបញ្ចេញពីសាច់ដុំដែលបានស្លាប់ចូលទៅក្នុងចរន្តឈាម។
ការស្វែងរកមូលហេតុ
មន្ទីរពិសោធន៍ខ្លះអាចវាស់បាននូវបរិមាណ creatine kinase (CK) រឺ myoglobin នៅក្នុងឈាមដែលធ្វើអោយការធ្វើរោគវិនិច្ឆ័យមានលក្ខណៈងាយ ស្រួល។ទោះជាយ៉ាងណាក៏ដោយប្រសិនបើការពិសោធន៍មិនអាចធ្វើទៅបាននោះរោគវិនិច្ឆ័យដោយផ្អែកទៅលើស្ថានភាពអ្នកជំងឺត្រូវតែបានអនុវត្តន៏។ ការធ្វើរោគវិនិច្ឆ័យដោយពឹងផ្អែកទៅលើស្ថានភាពអ្នកជំងឺគឺមានដូចជាការសាកសួរប្រវត្តិជំងឺពីអ្នកជំងឺផ្ទាល់រឺពីសាច់ញាតិនិងការធ្វើការពិនិត្យខ្លួនប្រាណអ្នកជំងឺអោយបានម៉ត់ចត់។
ការធ្វើតេស្តឈាមដើម្បីបញ្ជាក់ពីមុខងាររបស់តម្រងនោម (creatinine និង urea) គួរតែធ្វើដើម្បីវាយតម្លៃពីជំងឺតម្រងនោមស្រួចស្រាវ។
ការធ្វើតេស្តឈាមផងដែនោះរួមមានបរិមាណអេឡិចត្រូឡាយ (electrolytes) ជាពិសេសកម្រិតជាតិប៉ូតាស្យូម។ ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (ECG) អាចអនុវត្តន៏ដើម្បីវាយតម្លៃសម្រាប់បញ្ហាបេះដូងដែលពាក់ព័ន្ធជាមួយនឹង ជាតិប៉ូតាស្យូមឡើង (hyperkalemia)។
ការព្យាបាល
គោលបំណងសំខាន់ក្នុងការព្យាបាលគឺថែរក្សានូវមុខងាររបស់តម្រងនោមដោយផ្តល់អោយនូវសេរ៉ូមប្រៃ 0,9% (normal saline) ច្រើន។ គួរចៀសវាងការអោយទឹកតាមសរសៃវែនដែលមានផ្ទុកជាតិប៉ូតាស្យូម (ដូចជាសេរ៉ូម lactate ringer)។
ត្រូវមានការតាមដាននូវបរិមាណទឹកចូលនិងចេញ។ ក្នុងករណីធ្ងន់ធ្ងរយើងអាចដាក់សុងផ្លូវទឹកនោមដើម្បីទទួលនូវការតាមដានបរិមាណទឹកនោមដែលចេញអោយបានត្រឹមត្រូវនិងទៀង ទាត់។
វិបត្តិអេឡិចត្រូឡាយអាចត្រូវមានការព្យាបាល។ ជាតិប៉ូតាស្យូមឡើងក្នុងឈាម (hyperkalemia) ត្រូវតែព្យាបាលជាបន្ទាន់។ ការព្យាបាលអាចអោយគ្លុយកូស (Glucose) និង អ៊ីនស៊ុយលីន (Insulin) តាមសរសៃវែននិងឆ្ពុង Salbutamol និងអោយសូដ្យូមប៊ីការបូណាត (Sodium Bicarbonate) តាមសរសៃវែន។ ការអោយកាល់ស្យូមតាមសរសៃវែន (ដូចជា Calcium Gluconate) គួរតែផ្តល់អោយសម្រាប់ជាតិប៉ូតាស្យូមឡើង វាជួយខ្លះៗក្នុងការការពារ ជំងឺបញ្ហាចង្វាក់បេះដូង។
ជាតិកាល់ស្យូមចុះទាបក្នុងឈាម (hypocalcemia) ជាធម្មតាគឺមិនទាមទាការព្យាបាននោះទេពីព្រោះកម្រិតកាល់ស្យូមនៅក្នុងឈាមជាញឹកញាប់មានការកើនឡើងក្នុងអំឡុងពេលជាសះស្បើយ។ យ៉ាងណាក៏ដោយប្រសិនបើជាតិប៉ូតាស្យូមឡើងក្នុងឈាមនោះកាល់ស្យូមអាចប្រើបាន។
ការលាងឈាម (dialysis) អាចនឹងត្រូវការសំរ៉ាប់អ្នកជំងឺដែលវិវត្តន៏ទៅរកជំងឺតម្រងនោមស្រួចស្រាវនិងមានជាតិប៉ូតាស្យូមឡើងក្នុងឈាមធ្ងន់ធ្ងរ (hyperkalemia) រឺហើមសួត (pulmonary edema) រឺ metabolic acidosis រឺជាតិអ៊ុយរ៉េឡើងក្នុងឈាមធ្ងន់ធ្ងរ (uremia)។
មានមូលហេតុជាច្រើននៃ rhabdomyolysis ដូចនេះវាក៏សំខាន់ផងដែរដើម្បីស្វែងរកនិងព្យាបាលនូវមូលហេតុនិងព្យាបាលអោយបានជាក់លាក់។