គ្រួសក្នុងតម្រងនោម
គ្រួសក្នុងតម្រងនោម (kidney stone) គឺជាការកកើតគ្រួសនៅក្នុងតម្រងនោម។ គ្រួសតូចៗអាចឆ្លងកាត់ប្រព័ន្ធផ្លូវទឹកនោមបានដោយគ្មានការកត់សំគាល់។ ទោះបីជាយ៉ាងណាក៏ដោយគ្រួសធំៗអាចអោយស្ទះនៅបំពង់ទឹកនោមបាន។
មូលហេតុ
មានគ្រួសច្រើនប្រភេទខុសៗគ្នាដូចជាគ្រួសមានជាតិកាល់ស្យូម (calcium stone) គ្រួសមានជាតិអាស៊ីតអ៊ុយរិច (uric acid stone) និងគ្រួសមានជាតិម៉ាញ៉េស្យូមអាម៉ូញ៉ូមផូស្វាត (magnesium ammonium phosphate stone)។ គ្រួសមានជាតិកាល់ស្យូមគឺតែងតែកើតមានញឹកញាប់។
មនុស្សមួយចំនួនមានទំនោរក្នុងការវិវត្តន៏គ្រួសក្នុងតម្រងនោមជាងមនុស្សដ៏ទៃទៀតដែលវាអាចមកពីហ្សែន។ មនុស្សដទៃខ្លះទៀតអាចមានជំងឺ ដែលធ្វើអោយងាយមានគ្រួសក្នុងតម្រងនោម ឧទាហរណ៍ ជាតិកាល់ស្យូមឡើងក្នុងឈាម (hypercalcemia) រឺជាតិអាស៊ីតអ៊ុយរីចឡើងក្នុងឈាម(hyperuricemia)។
កត្តាប្រឈមមុខ
អ្នកដែលមានគ្រោះថ្នាក់ខ្ពស់គឺបុរសមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ។ បុគ្គលម្នាក់គឺទំនងជាវិវត្ដន៏សក្នុងតម្រងនោមប្រសិនបើមនុស្សម្នាក់នោះបានមានគ្រួសក្នុងតម្រងនោមពីមុនមកហើយរឺប្រសិនបុគ្គល់ម្នាក់នោះមានសាច់ញាតិធ្លាប់កើតគ្រួសក្នុងតម្រងនោម។ ការដែលទទួលទានទឹកមានចំនួនតិចអាចធ្វើអោយមានគ្រួសក្នុងតម្រងនោមដោយសារទឹកនោមមានចំនួនតិចហើយខាប់។ កត្តាប្រឈមមុខផ្សេងទៀតដែលងាយមានគ្រួសក្នុងតម្រងនោមនោះគឹមានការបង្ករោគ ជាញឹកញាប់នៅក្នុងប្រព័ន្ធទឹកនោមផ្នែកខាងលើ។
សញ្ញា និងរោគសញ្ញា
គ្រួសនៅក្នុងបំពង់ទឹកនោមធ្វើអោយឈឺខ្លាំងភ្លាមៗនៅម្តុំចង្កេះ (flank pain) ដែលអាចឈឺចាក់ទៅរកក្រលៀន។ ភាពធ្ងន់ធ្ងរនៃការឈឺខុសៗគ្នាប៉ុនែ្តអ្នកជំងឺភាគច្រើនតែងតែត្អូញហាក់ដូចជាឈឺខ្លាំង។ ដោយសារតែការឈឺចាប់ធ្វើអោយអ្នកជំងឺសម្រាកមិនបាននិងមានអារម្មណ៍តានតឹងមិនអាចនៅនឹងបានដោយសារតែគ្មានឥរិយាបថណាមួយធ្វើអោយមានអារម្មណ៍ស្រួលទេ។ អ្នកជំងឺអាចស្លេកស្លាំង ត្រជាក់ និងបែកញើសហើយញឹកញយមានអារម្មណ៏ចង្អោរ។ ព្រោះតែការឈឺចាប់អ្នកជំងឺជាធម្មតាមានចង្វាក់បេះដូងដើរញាប់និងលើសសម្ពាធឈាម។
ជាទម្លាប់ការឈឺចាប់មកដូចជាទឹករលកកើននូវភាពធ្ងន់ធ្ងររហូតដល់ឈឺចុកខ្លាំងបន្ទាប់មកអាចបន្ថយការឈឺបានមួយមួយរយះពេលខ្លីនឹងចាប់ផ្តើមឈឺម្តងទៀត។ ទោះយ៉ាងណាក៏ដោយអ្នកជំងឺខ្លះទៀតត្អូញថាការឈឺចុកគឺមានរហូត។
ញឹកញាប់មានវត្តមានឈាមក្នុងទឹកនោម (hematuria) ដែលវាអាចមើលឃើញនិងភ្នែកទទេ (macroscopic hematuria) រឺក៏មើលមិនឃើញនិងភ្នែកទទេ (microscopic hematuria)។
ការស្វែងរកមូលហេតុ
ការវិភាគទឹកនោមគួរតែធ្វើដើម្បីពិនិត្យរក leucocytes និង nitrites និងឈាម។ ញឹកញាប់មានឈាមក្នុងទឹកនោម (hematuria)។ ការធ្វើតេស្តឈាមជាទម្លាប់រួមមានមុខងាររបស់តម្រងនោម (creatinine និង urea) បរិមាណអេឡិចត្រូឡាយ (electrolyte) និងកោសិកាឈាមស (white blood cell)។
Ultrasound ញឹកញាប់អាចបញ្ជាក់ពីវត្តមានរបស់គ្រួស។ ថតពោះដោយប្រើកាំរស្មីអ៊ិច (abdominal x-ray) ញឹកញាប់អាចបញ្ជាក់ពីវត្តមានរបស់គ្រួស ប៉ុន្តែមិនមែនគ្រួសទាំងអស់នោះទេដែលត្រូវបានមើលឃើញដោយការថតកាំរស្មីអ៊ិច។
ការព្យាបាល
អ្នកជំងឺជាច្រើនត្រូវបានគ្រប់គ្រងដោយឱសថបំបាត់ការឈឺចាប់យ៉ាងល្អទាល់តែគ្រួសចេញផុត។ ឱសថប្រឆាំងការរលាកដែលគ្មានជាតិស្តេរ៉ូអ៊ីត (NSAIDS) គឺមានប្រសិទ្ធភាព។ ការផ្តល់អោយនូវអាភៀន (ដូចជា Morphine) តាមសរសៃវែនក៏អាចត្រូវការដែរ។
ការអោយទឹកអោយបានគ្រប់គ្រាន់គឺសំខាន់ដើម្បីបង្ហូរលាងនូវប្រព័ន្ធទឹកនោម។ ជាញឹកញាប់ការព្យួរសេរ៉ូមគឺមានប្រយោជន៍។
ជាធម្មតាគ្រួសជ្រុះដោយខ្លួនឯង ប៉ុន្តែប្រសិនបើវាមិនជ្រុះដោយខ្លួនឯងនោះទេបន្ទាប់មក គ្រួសនឹងត្រូវធ្វើការយកចេញ។ គ្រួសផងដែនោះក៏ចាំបាច់ត្រូវការយកចេញប្រសិនបើមានផលវិបាកកើតឡើងដូចជាការបង្ករោគនៅផ្លូវទឹកនោម។
មានវិធីសាស្រ្តជឿនលឿនជាច្រើនក្នុងការយកគ្រួសចេញដូចជាប្រើរលកសំលេងដើម្បីបំបែកគ្រួស (shock wave lithotripsy)។ ការព្យាបាលផ្សេងទៀតគឺបញ្ចូលនូវឧបករណ៍ពិសេសម៉្យាងទៅក្នុងផ្លូវបង្ហួរនោមរួចចូលទៅដល់បំពង់ទឹកនោម (ureteroscopy)។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើវិធីសាស្រ្តទាំងអស់នេះមិនអាចប្រព្រឹត្តទៅបានរឺក៏គ្រួសមានទំហំធំពេកនោះការធ្វើការវះកាត់អាចនឹងអនុវត្តន៏។
ផលវិបាក
គ្រួសក្នុងតម្រងនោមអាចធ្វើអោយស្ទះនូវលំហូររបស់ទឹកនោម។ ទឹកនោមនៅផ្នែកខាងលើកន្លែងដែលស្ទះគឺនៅនឹងហើយថែមទាំងអាចធ្វើអោយមានការបង្ករោគដែលអាចបង្ករោគនៅលើតម្រងនោម។
ការស្ទះធ្ងន់ធ្ងរនៅបំពង់ទឹកនោមធ្វើអោយទឹកនោមចាល់ឡើងដល់តម្រងនោមហើយបន្ទាប់មកបំពេញតម្រងនោម។ ប្រសិនបើតម្រងនោមត្រូវពេញទៅដោយទឹកនោមនោះវានឹងហើមហើយយើងអាចហៅបានថា hydronephrosis។ ប្រសិនបើមិនព្យាបាលនោះមុខងាររបស់តម្រងនោមនិងបាត់បង់ហើយមិនអាចមានមុខងារដូចដើមវិញទេ។