ជំងឺតម្រងនោមស្រួចស្រាវ

ជំងឺតម្រងនោមស្រួចស្រាវ (acute kidney injury) គឺជាការបាត់បង់ភ្លាមៗនូវមុខងារតម្រងនោមចំពោះបុគ្គលដែលធ្លាប់មានមុខងារតម្រងនោមល្អពី មុនមក។ ការបាត់បង់នូវមុខងាររបស់តម្រងនោមអាចដឹងតាមរយៈការកើនឡើងនូវ creatinine និងអ៊ុយរ៉េ (urea) នៅក្នុងឈាម។

មូលហេតុ

មូលហេតុដែលបណ្តាលអោយមានជំងឺតម្រងនោមស្រួចស្រាវត្រូវបានបែងចែកចេញជា៣ក្រុម៖ មុនតម្រងនោម (prerenal) ក្នុងតម្រងនោម (intrinsic renal) និងក្រោយតម្រងនោម (postrenal)។ 

3- urinary kh 3-1

មុនតម្រងនោម (prerenal): នេះជាភាពមិនប្រក្រតីដែលកើតឡើងមុនតម្រងនោមបង្កអោយមានឈាមមិនគ្រប់គ្រាន់ទៅចិញ្ចឹមតម្រងនោម បើវា មិនមានឈាមទៅចិញ្ចឹមតម្រងនោមបានគ្រប់គ្រាន់នោះតម្រងនោមក៏មិនអាចបំពេញមុខងារបានល្អដែរ។ ឧទាហរណ៍ខ្លះៗគឺ៖

  • ចំនួនឈាមនៅក្នុងខ្លួនគឺចុះទាប (hypovolemia): ឧទាហរណ៍ ការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ (dehydration) រឺហូរឈាម (hemorrhage)។
  • បាត់បង់នូវឥទ្ធិពលរបស់ចលនាឈាមរត់: ឧទាហរណ៍ ខ្សោយបេះដូងធ្ងន់ធ្ងរ (heart failure) រឺស្ហុកបណ្តាលមកពីការបង្ករោគ (septic shock)។ ​

ក្នុងតម្រងនោម (intrinsic renal): នេះគឺជាវិបត្តិដោយសារតម្រងនោមខ្លួនឯងដែលបណ្តាលមកពីមុខងារដំណើរការមិនបានល្អ។ វាមានឈាមទៅ ចិញ្ចឹមតម្រងនោមគ្រប់គ្រាន់តែទោះជាយ៉ាងណាក៏ដោយតម្រងនោមខ្លួនឯងមានវិបត្តិ។ ឧទាហរណ៍ខ្លះៗគឺ៖

  • ជាតិពុលដែលបំផ្លាញទៅលើតម្រងនោម (ហៅថា nephrotoxins)។
  • ឱសថដែលបំផ្លាញទៅលើតម្រងនោម (ហៅថា nephrotoxic drugs)។
  • ឈាមទៅចិញ្ចឹមតម្រងនោមមិនគ្រប់គ្រាន់រយៈពេលយូរធ្វើអោយ nephron ខ្វះឈាមទៅចិញ្ចឹមដែរ។

ក្រោយតម្រងនោម (postrenal): នេះដោយសារតែមានការបង្អាក់ក្នុងការហូរចូលរបស់ទឹកនោមបន្ទាប់ពីវាបានចាកចេញពីតម្រងនោម។ មានឈាម គ្រប់គ្រាន់ទៅចិញ្ចឹមតម្រងនោមហើយតម្រងនោមមានមុខងារត្រឹមត្រូវល្អតែទឹកនោមមិនអាចហូរចុះទៅកាន់ប្រព័ន្ធទឹកនោមតាមដែលវាអាចធ្វើទៅបាន។ ឧទាហរណ៍ខ្លះគឺ៖

  • ស្ទះប្រព័ន្ធផ្លូវបង្ហូរនោមដូចជាគ្រួសក្នុងតម្រងនោម ដុំមហារីករឺក្រពេញប្រូស្តាតរីកធំ។
  • ប្លោកនោមមានបញ្ហាដោយសារតែមានការបំផ្លាញទៅលើប្រព័ន្ធប្រសាទរឺមកពីឱសថ (ដូចជាឱសថ anticholinergic)។

សញ្ញានិងរោគសញ្ញា

ការបង្ហាញអាចមានច្រើនខុសៗគ្នាអាស្រ័យទៅលើមូលហេតុ។  រោគសញ្ញាអាចនៅចន្លោះពីសភាពធូរស្រាលទៅសភាពធ្ងន់ធ្ងរ។ រោគសញ្ញាធ្ងន់ធ្ងអាចមាន ចង្អោរ ក្អួត មិនឃ្លានអាហារ អស់កម្លាំងនិងវង្វេង។ អ្នកជំងឺផ្សេងទៀតអាចនិងគ្មានរោគសញ្ញាទាល់តែសោះ។

ការស្វែងរកមូលហេតុ

ការពិនិត្យរាងកាយអោយបានជាក់លាក់និងប្រវត្តិជំងឺគឺត្រូវការចាំបាច់ក្នុងការកំណត់រកនូវមូលហេតុរបស់ជំងឺតម្រងនោមស្រួចស្រាវ។

នៅពេលដែលមូលហេតុណាមួយត្រូវបានសង្ស័យការស្វែងរកមូលហេតុជាក់លាក់និងត្រូវការ។ ឧទាហរណ៍ៈ ការវិភាគទឹកនោម រឺ ultrasound ទៅលើប្រព័ន្ធបង្ហូរទឹកនោម រឺថតពោះដោយប្រើកាំរស្មីអ៊ិច (abdominal x-ray)។ តម្រូវការនៃការស្វែងរកមូលហេតុគឺវាអាស្រ័យទៅលើមូលហេតុដែលសង្ស័យ។

ការធ្វើតេស្តឈាមសម្រាប់មុខងាររបស់តម្រងនោម (creatinine និង urea) គួរតែអនុវត្តន៏និងតាមដានអោយបានទៀងទាត់។

ការធ្វើតេស្តឈាមផងដែរនោះរួមមានបរិមាណអេឡិចត្រូឡាយ (electrolyte) ជាពិសេសបរិមាណជាតិប៉ូតាស្យូម។

ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (electrocardiogram រឺ ECG) អាចអនុវត្តន៏ដើម្បីវាយតម្លៃសម្រាប់បញ្ហាបេះដូងដែលពាក់ព័ន្ធជាមួយនឹងជាតិប៉ូតាស្យូមឡើង (hyperkalemia)។

ការព្យាបាល

ការព្យាបាលត្រូវពឹងផ្អែកទៅលើមូលហេតុ។ ជំងឺមុនតម្រងនោម (prerenal disease) ទាមទារអោយមានការកើនឡើងឈាមទៅចិញ្ចឹមតម្រងនោម។ ជំងឺក្នុងតម្រងនោម (intrinsic renal disease) ទាមទារអោយមានការព្យាបាលជាក់លាក់ទៅលើមូលហេតុនៃជំងឺ។ ជំងឺក្រោយតម្រងនោម (postrenal disease) ទាមទារអោយយកចញនូវឧបស័គ្គដែលស្ទះនិងធ្វើអោយទឹកនោមហូរវិញបាន។

ការពិចារណាជាទូទៅនៅគ្រប់ប្រភេទនៃជំងឺតម្រងនោមស្រួចស្រាវទាំងអស់គួរតែ៖

វិបត្តិអេឡិចត្រូឡាយអាចត្រូវមានការព្យាបាលជាពិសេសជាតិប៉ូតាស្យូមឡើង (hyperkalemia)។ ការព្យាបាលជាតិប៉ូតាស្យូមឡើងអាចរួមមានគ្លុយកូស (Glucose) និងអ៊ីនស៊ុយលីន (Insulin) តាមសរសៃវែននិងឆ្ពុង Salbutamol និងការអោយសូដ្យូមប៊ីកាបូណាត (Sodium Bicarbonate) តាមសរសៃវែន។ ការអោយកាល់ស្យូមតាមសរសៃវែន (ដូចជា Calcium Gluconate) គួរតែផ្តល់អោយសម្រាប់ជាតិប៉ូតាស្យូមឡើង វាជួយខ្លះៗក្នុងការការពារ ជំងឺបញ្ហា ចង្វាក់បេះដូង។

តុល្យភាពនៃបរិមាណសារធាតុរាវក៏ត្រូវការព្យាបាលដែរ (ដោយយោងទៅលើថាតើអ្នកជំងឺលើស រឺខ្វះជាតិទឹក)។ ការដែលលើសបរិមាណទឹកទាមទារអោយមានការដាក់កំហិតនៃការផ្ដល់ទឹកហើយបើសិនជាមានការខ្វះជាតិទឹកនោះទាមទារអោយមានការផ្ដល់ទឹកឡើងវិញ។ ក្នុងលក្ខខ័ណ្ឌទាំងពីរនេះគឺត្រូវមានការតាមដាននូវបរិមាណទឹកចូលនិងចេញ។ ប្រសិនបើអ្នកជំងឺនោម ដាក់ក្នុងធុងសម្រាប់វាស់មួយពេលនោះបរិមាណទឹកនោមអាចកត់ត្រាបានរាល់ពេលនៅលើតារាង។ ប្រសិនបើចំនួនទឹកនោមតិចនោះយើងអាចដាក់សុងផ្លូវទឹកនោមដើម្បីទទួលនូវការតាមដានបរិមាណទឹកនោមដែលចេញអោយបានត្រឹមត្រូវនិងទៀងទាត់។

ប្រសិនបើមាន metabolic acidosis នោះអាចទាមទារអោយមានការព្យាបាលដោយអោយសូដ្យូមប៊ីកាបូណាត (Sodium Bicarbonate)។

ឱសថណាដែលមានផលប៉ះពាល់ទៅដល់តម្រងនោម (nephrotoxic drugs) គួរតែកាត់បន្ថយការប្រើប្រាស់ដូចជាឱសថប្រឆាំងនឹងការរលាកដែលគ្មានជាតិស្តេរ៉ូអ៊ីត (NSAID) និង អង់ទីប៊ីយ៉ូទិក (antibiotic) មួយចំនួនទៀត។

ប្រសិនបើផលវិបាករបស់ជំងឺតម្រោងនោមធ្ងន់ធ្ងរនិងមិនឆ្លើយតបចំពោះការព្យាបាលនោះការលាងឈាម (dialysis) អាចនិងចាំបាច់។ ការលាងឈាមអាចជាការចាំបាច់ជាពិសេសប្រសិនបើមានជាតិប៉ូតាស្យូមឡើងខ្លាំង (severe hyperkalemia) រឺហើមសួតធ្ងន់ធ្ងរ (severe pulmonary edema) រឺ metabolic acidosis រឺជាតិអ៊ុយរ៉េឡើងក្នុងឈាមខ្លាំង (severe uremia)។ ការគ្រប់គ្រងបានត្រឹមត្រូវនៃជំងឺតម្រងនោម ស្រួចស្រាវជាទូទៅ ជំរុញមុខងារតម្រងនោមអោយទៅជាធម្មតាវិញហើយការលាងឈាមរយះពេលវែងជាទូទៅគឺមិនត្រូវការ។