ការបង្ករោគដោយវីរុសនៅប្រព័ន្ធផ្លូវដង្ហើម

 
ការបង្ករោគដោយសារវីរុសនៅប្រព័ន្ធផ្លូវដង្ហើមគឺជាជំងឺមួយក្នុងចំណោមជំងឺស្រួចស្រាវដែលកើតញឹកញាប់បំផុតនៅលើសកលលោកយើងនេះ។ មានពពួកវីរុសច្រើនជាង ២០០ប្រភេទដែលបង្កជំងឺនៅតាមប្រព័ន្ធផ្លូវដង្ហើម។ ដោយសារតែមានវីរុសច្រើន​ប្រភេទដែលបង្ក​ជំងឺតាមប្រព័ន្ធ​ផ្លូវដង្ហើម​ដូច្នេះហើយទើបមានការបង្កជំងឺតាមប្រព័ន្ធផ្លូវដង្ហើមកើតឡើងជាញឹកញាប់។

មូលហេតុ

ការបង្ករោគដោយវីរុសគឺកើតមានជាញឹកញាប់នៅតាមប្រព័ន្ធផ្លូវដង្ហើមពីព្រោះវាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ។ វីរុសអាចសាយភាយពីការក្អក រឺកណ្តាស់។ វីរុសអាចរស់បាននៅលើស្បែក ដូច្នេះវាអាចចម្លងបានតាមរយៈការចាប់ដៃរឺកាន់ឧបករណ៍ផ្សេងៗ។

សញ្ញា និងរោគសញ្ញា

ផ្តាសាយធម្មតា (common cold) គឺជាការបង្ករោគដោយវីរុសមិនធ្ងន់ធ្ងរទៅលើប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ។ វាអាចបង្កដោយវីរុសជាច្រើន​ប្រភេទ​ផ្សេងៗគ្នា។ រោគសញ្ញារួមមាន ក្អក ហៀរសំបោរ និងកណ្តាស់ហើយក៏អាចមានឈឺកផងដែរ។ រោគសញ្ញាទាំងនេះ ធម្មតាបាត់ទៅវិញក្នុងអំឡុងពី ២ទៅ ៥ថ្ងៃ។

 វីរុសដ៏ទៃទៀតអាចបង្កអោយមានការបង្ករោគធ្ងន់ធ្ងរទៅលើប្រព័ន្ធផ្លូវដង្ហើមដែលច្រើនជួបជាញឹកញាប់នោះគឺ influenza (ផ្តាសាយធំ)។ អ្នកជំងឺ​ដែល​បង្ករោគដោយ influenza គឺទំនងជាមាននូវរោគសញ្ញាខាងលើនិងរួមផ្សំជាមួយនូវក្តៅខ្លួន អស់កំលាំង ឈឺសាច់ដុំ និងពេលខ្លះមានឈឺក្បាល។ រោគ​សញ្ញាទាំងអស់នេះច្រើនតែបាត់ទៅវិញក្នុងអំឡុងពេលពី ៣ទៅ ៥ថ្ងៃ ទោះបីជាពេលខ្លះអាចយូរជាងនេះ។ អស់កំលាំងអាចកើតមានរាប់អាទិត្យ។

ការស្វែងរកមូលហេតុ

ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទៅលើរោគសញ្ញានិងការពិនិត្យរាងកាយ។ ប្រសិនបើគ្មានរោគសញ្ញាអ្វីផ្សេងទៀតកើតឡើងទេនោះមិនទាមទារអោយមានការស្វែងរកមូលហេតុទេ។ ប្រសិនបើសង្ស័យថាមានជំងឺរលាកសួតពេលនោះការរកមូលហេតុដែលសមស្របអាចនិងត្រូវការ។

ការព្យាបាល

ការបង្ករោគនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើជាធម្មតាមិនទាមទារអោយមានការព្យាបាលទេ។ ថ្នាំមួយចំនួនដែលអាចប្រើប្រាស់បានដោយមិនត្រូវការមានវេជ្ជបញ្ជាអាចជួយបន្ធូរបន្ថយរោគសញ្ញាបានខ្លះដូចជាថ្នាំបៀមសំរាប់ឈឺបំពង់ក សេរ៉ូក្អក​សំរាប់​ការក្អកច្រើន រឺថ្នាំបន្ថយការតឹង ច្រមុះ។ ថ្នាំអង់ទីប៊ីយ៉ូទិកគឺមិនត្រូវការទេតែទោះជាយ៉ាងណាក៏ដោយអាចត្រូវបានផ្ដល់អោយផងដែរប្រសិនបើមានការបង្ករោគដោយបាក់តេរីវិវត្ដន៍ឡើងដូចជាការបង្ករោគនៅត្រចៀកជាដើម។

ជំងឺផ្តាសាយធំ (influenza) ជាទូទៅក៏មិនត្រូវការអោយមានការព្យាបាលផងដែរ។ រោគសញ្ញាជាទូទៅនឹងបាត់ទៅវិញបន្ទាប់ពីសម្រាកនៅផ្ទះ។ អ្នកជំងឺគួរតែត្រូវបានផ្តល់ដំបូន្មានអោយញុំាទឹកអោយបានគ្រប់គ្រាន់។ ថ្នាំបំបាត់ការឈឺចាប់អាចប្រើបានចំពោះអ្នកឈឺក្បាលនិងឈឺ សាច់ដុំ។

ទោះបីយ៉ាងណាក៏ដោយអ្នកជំងឺដែលអាចត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគឺអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយដូចជាមនុស្សចាស់ អ្នកកង្វះអាហាររូបត្ថម្ភ អ្នកជំងឺទឹកនោមផ្អែម អ្នកមានជំងឺតំរងនោមរុំារៃ អ្នកផ្ទុកមេរោគអេដស៍។ អ្នកទាំងអស់នោះអាចអោយសម្រាកព្យាបាលនៅក្នុងមន្ទើរពេទ្យព្រោះ influenza អាចធ្វើអោយអ្នកទាំងនោះកាន់តែធ្ងន់ធ្ងរឡើង។ ផលវិបាកដែលកើតញឹកញាប់បំផុតទៅលើមនុស្សទាំងនោះគឺជំងឺរលាកសួត។

ជំងឺផ្តាសាយបក្សី

ជំងឺផ្តាសាយបក្សី (avian influenza) គឺជាខ្សែស្រលាយរបស់វីរុស influenza។ គឺជាខ្សែស្រលាយដែលបង្កបញ្ហាស្មុកស្មាញបំផុតត្រូវបានហៅថា H5N1។ វាកម្រមានណាស់ ទោះបីជាយ៉ាងណាក៏ដោយវាមានការគំរាមកំហែងដល់អាយុជីវិតយ៉ាងខ្លាំង។

ពីដំបូងបង្អស់វីរុសនេះបង្កជំងឺតែនៅលើសត្វបក្សីទេរួមមានទាំងមាន់ផងដែរ។ នៅពេលថ្មីៗនេះវីរុសនេះអាចចម្លងពីសត្វបក្សីមកមនុស្សបាន។ ស្ទើរតែទាំងអស់នៃមនុស្សដែលឆ្លងនូវជំងឺនេះ ពួកគេសុទ្ធតែបានប៉ះពាល់ជាមួយបក្សីដែលឈឺទាំងរស់ រឺស្លាប់ រឺក៏បានប៉ះជាមួយនឹងវត្ថុរាវ រឺលាមករបស់បក្សីដែលឈឺ។ ទំនងជាមិនមានការចម្លងពីមនុស្សទៅមនុស្សនោះទេ។

ទោះបីជាមានការព្រួយបារម្ភជាអន្តរជាតិថានៅពេលណាមួយវីរុសនឹងអាចធ្វើការផ្លាស់ប្តូរអោយស្រដៀងទៅនឹងវីរុសផ្តាសាយរបស់មនុស្ស។ ប្រសិនបើកើតឡើងមែននោះវាមានភាពងាយស្រួលក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយនឹងធ្វើអោយមានអត្រាមរណៈកាន់តែធំ។