ជំងឺស្ទះសរសៃឈាមនៅក្នុងសួត

ជំងឺស្ទះសរសៃឈាមនៅក្នុងសួត (pulmonary embolism) កើតឡើងនៅពេលដែលដុំឈាមកកធ្វើដំនើរទៅកាន់សរសៃឈាមក្នុងសួតហើយក្លាយជាការស្ទះក្នុងសរសៃឈាម។

មូលហេតុ

ដុំឈាមកកអាចកើតឡើងនៅគ្រប់កន្លែងទាំងអស់ក្នុងរាងកាយប៉ុន្តែភាគច្រើនបំផុតគឺកើតនៅក្នុងសរសៃវែនដែលស្ថិតនៅជ្រៅនៃជើង។ កន្លែងណាមួយនៃសរសៃវែនដែលមានលំហូរឈាមយឺត (ដូចជាតំបន់នៅជិតប្រឹស) គឺទំនងជាបង្កអោយមានដុំឈាមកក។ ប្រសិនបើដុំឈាមកករបូតចេញបន្ទាប់មកវានឹងធ្វើដំណើរតាមចរន្តឈាមតាមរយៈសរសៃវែនរហូតដល់វែនកាវក្រោម (inferior vena cava)។

2- resp kh 8-1

ឈាមនៅវែនកាវក្រោមហូរចូលបេះដូងថតលើស្តាំ (right atrium) រួចទៅកាន់បេះដូងថតក្រោមស្តាំ (right ventricle) និងបន្ទាប់មកទៀតត្រូវហូរទៅកាន់សរសៃអាកទែរបស់សួត  (pulmonary artery)។ នៅក្នុងសួតគឺសរសៃអាកទែរបស់សួតបានបែកមែកទៅជាសរសៃអាកទែតូចៗជាច្រើនទៀត។ ដុំឈាមកកបន្ទាប់មកនឹងស្ទះនៅក្នុងសរសៃអាកទែមួយក្នុងចំនោមសរសៃអាកទែទាំងអស់។ ការស្ទះនូវលំហូររបស់ឈាមក៏កើតមានឡើងនៅក្នុងសរសៃឈាមដែលស្ទះនោះ។

ប្រសិនបើមិនមានឈាមហូរតាមរយៈសរសៃអាកទែទៅកាន់សរសៃបណ្តូរឧស្ម័នទេនោះមិនមានការបណ្តូរឧស្ម័នកើតឡើងទេនៅក្នុងថង់ខ្យល់តូចៗក្នុងសួត។

2- resp kh 8-2

កត្តាប្រឈមមុខ

កត្តាប្រឈមមុខសម្រាប់បង្កជាដុំឈាមកកនៅក្នុងសរសៃវែនដែលជ្រៅរួមមានការមិនធ្វើចលនារយៈពេលយូរ ទើបតែវះកាត់ហើយថ្មីៗ ជំងឺមហារីក ជក់បារី និងធាត់។ ស្រ្តីដែលមានផ្ទៃពោះហើយនិងស្ត្រីដែលប្រើថ្នាំពន្យាកំណើតក៏ជាកត្តាគ្រោះថ្នាក់ខ្ពស់ដែរ។

សញ្ញា និងរោគសញ្ញា

អាចមានអាការៈពិបាកដកដង្ហើមភ្លាមៗ ចង្វាក់បេះដូងដើរញាប់ ពិបាកក្នុងទ្រូង។ ការធ្វើរោគវិនិច្ឆ័យគឺមានការពិបាកព្រោះសញ្ញានិងរោគសញ្ញាគឺស្រដៀងគ្នាទៅនឹងជំងឺជាច្រើនទៀត។

ការស្ទះសរសៃឈាមនៅក្នុងសួតធ្ងន់ធ្ងរអាចបណ្តាលអោយសម្ពាធឈាមទាប (hypotension) និងរីកប៉ោងសរសៃវែននៅ ក (distended jugular veins)។ អាចមានវិបត្តិដង្ហើម និងថយចុះនូវកម្រិតឧស្ម័នអុកស៊ីសែននៅក្នុងឈាម។

ការស្វែងរកមូលហេតុ

កម្រិតអុកស៊ីសែននៅក្នុងឈាមគួរតែត្រួតពិនិត្យអោយញឹកញាប់។

ការថតទ្រូងដោយប្រើកាំរស្មីអ៊ិចមិនសូវជាមានប្រយោជន៍សម្រាប់ជួយក្នុងការធ្វើរោគ វិនិច្ឆ័យពីជំងឺស្ទះសរសៃឈាមក្នុងសួតនោះទេ ប៉ុន្តែពេលខ្លះវា​ត្រូវ​​​​​បានអនុវត្តន៍ដើម្បីតាមដាននូវបញ្ហាសួតផ្សេងទៀត។

ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (electrocardiogram  រឺ ECG) ធម្មតាបង្ហាញថាចង្វាក់បេះដូង​ដើរញាប់​ហើយជួនកាល​បង្ហាញ​ពីភាពមិនប្រក្រតីដ៏ទៃទៀត។ ECG មិនសូវមានប្រយោជន៍សម្រាប់ជួយក្នុងការធ្វើរោគវិនិច្ឆ័យពីជំងឺស្ទះសរសៃឈាមក្នុងសួតនោះទេ តែវាត្រូវបាន​អនុវត្តន៍​​​​ធ្វើដើម្បីតាមដាននូវជំងឺធ្ងន់ធ្ងរផ្សេងទៀតដែលមានសញ្ញាស្រដៀងគ្នា។

ការពិនិត្យដោយ ECHO បេះដូង ពេលខ្លះអាចរកឃើញភាពមិនប្រក្រតីមួយចំនួនដែលអាច បណ្តាលមកពីការស្ទះសរសៃឈាមនៅក្នុងសួត។

ការធ្វើតេស្តឈាមមួយដែលកំណត់រកកម្រិតរបស់ D-dimer ពេលខ្លះមានប្រយោជន៍ ប្រសិនបើមន្ទីរពិសោធន៍អាចធ្វើបាន។ D-dimer គឺជាសារធាតុ​​មួយ​​ដែលបញ្ចេញទៅក្នុងឈាមនៅពេលដែលមានវត្តមានរបស់ជំងឺស្ទះសរសៃឈាមក្នុងសួត។

ការធ្វើវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមនៅក្នុងសួតគឺត្រូវការឧបករណ៍ទំនើបៗ ដូចជា ម៉ាស៊ីន CT សម្រាប់មើលសរសៃឈាមនៅក្នុងសួត (CT Pulmonary​ angiogram រឺ CTPA)។

ការព្យាបាល

ផ្តល់អុកស៊ីសែនដល់អ្នកជំងឺដែលហត់។

ថ្នាំប្រឆាំងដុំឈាមកក (anticoagulation) គឺជាការព្យាបាលដ៏សំខាន់សម្រាប់ជំងឺស្ទះសរសៃឈាមនៅក្នុងសួត។ គោលបំណងគឺដើម្បីការពារនូវដុំឈាមកកថ្មីដែលនិងកើតមានជាបន្តទៀត។