ជំងឺរលាកសួត
ជំងឺរលាកសួត (pneumonia) គឺជាការបង្ករោគនៅក្នុងសួតដែលជាធម្មតាវាត្រូវបានកំណត់ទៅលើក្លែបតែមួយរបស់សួត (ហៅថា lobar pneumonia)។ ការបង្ករោគបណ្តាលអោយថង់ខ្យល់តូចៗក្នុងសួត (alveoli) និងទងសួតតូចៗ (bronchioles) ដែលបានប៉ះពាល់នោះក្លាយទៅជា រលាក។ ជាងនេះទៅទៀតខ្ទុះនិងសារធាតុផ្សេងៗទៀតត្រូវបានបង្កើតឡើងហើយដក់នៅក្នុងថង់ខ្យល់តូចៗក្នុងសួតដែលបានរងការប៉ះពាល់។ ថង់ខ្យល់តូចៗក្នុងសួតដែលបានបំពេញទៅដោយខ្ទុះធ្វើអោយមានការថយចុះនូវលំហសំរាប់ការធ្វើបណ្តូរឧស្ម័ន។
មូលហេតុ
ជំងឺរលាកសួតជាធម្មតាបណ្តាលមកពីបាតេរី (bacteria) ទោះបីជាយ៉ាងណាភាគតិចបង្កពីវីរុស (virus) ផ្សិត (fungus) និងអតិសុខុមប្រាណផ្សេងៗ។ ជាធម្មតាអតិសុខុមប្រាណត្រូវបានស្រូបចូលទៅក្នុងសួតតាមមាត់រឺច្រមុះ។
កត្តាប្រឈមមុខ
ការជក់បារីដែលជាទំលាប់គឺជាកត្តាគ្រោះថ្នាក់ដែលវិវត្តន៍ទៅជាការបង្ករោគនៅក្នុងសួត។ មនុស្សទាំងអស់នឹងងាយមានការបង្ករោគប្រសិនបើប្រព័ន្ធភាពសុំាទន់ខ្សោយដូចជាអ្នកដែលមានអាយុច្រើន កង្វះអាហាររូបត្ថម្ភ ទឹកនោមផ្អែម ជំងឺតម្រងនោមរុំារៃ រឺអ្នកផ្ទុកមេរោគអេដស៍។ កង្វះអនាម័យមាត់ធ្មេញក៏ជាកត្តាដែលធ្វើឲ្យមានការបង្កររោគដែរ។
សញ្ញា និងរោគសញ្ញា
សញ្ញានិងរោគសញ្ញាអាចមានផ្សេងៗគ្នាដោយយោងទៅតាមភាពធ្ងន់ធ្ងរនៃជំងឺ។ អាចមានការពិបាកដកដង្ហើមនិងថយចុះនូវកម្រិតអុកស៊ីសែននៅក្នុងឈាម តែទោះបីជាយ៉ាងណាបរិមាណគឺអាចមានកំរិតខុសៗគ្នា។ អាចមានអាការៈក្អកដែលអាចជាក្អកមានកំហាកហើយកំហាកនោះអាចមានពណ៌បៃតងរឺលឿង។ អាចមានគ្រុនក្តៅ អស់កំលាំង និងតឹងទ្រូង។
ការស្វែងរកមូលហេតុ
កម្រិតអុកស៊ីសែននៅក្នុងឈាមគួរតែត្រួតពិនិត្យអោយញឹកញាប់។ការស្ដាប់សួតអាចលឺនូវសំលេងផ្សេងៗដូចជា crackle (សំលេងប្រេះៗដូចអំបិលផ្ទុះ) rhonchi (សំលេងស្លេស) wheeze (សំលេងដូចហួច) និងថយចុះនូវសម្លេងសួត។
ការថតទ្រូងដោយប្រើកាំរស្មីអ៊ិចអាចជួយធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកសួត។ ហ្វីលនឹងបង្ហាញនូវខ្ទុះនិងសារធាតុដទៃទៀតនៅក្លែបសួតដែលរងការប៉ះពាល់ដែលមានរូបរាងដូចដុំពពកពណ៌សស្រអាប់។ នេះគឺជាឧទាហរណ៍ខ្លះៗនៃហ្វីលសួតដែលបង្ហាញពីការបង្ករោគនៅក្លែបផ្សេងៗគ្នាៈ
ការធ្វើតេស្តឈាមអាចរួមមានចំនួនកោសិកាឈាមស (white blood cell) និងសញ្ញានៃការរលាក (ដូចជា CRP និង ESR) ។
ការយកកំហាកទៅបណ្តុះមើលមេរោគ (sputum culture) គឺមានប្រយោជន៍ក្នុងការកំនត់ពីមេរោគដែលបង្ករោគនិងជួយកំណត់ពីថ្នាំអង់ទីប៊ីយ៉ូទិក (antibiotic) ដែលសមស្របសម្រាប់ សំលាប់មេរោគនោះ។
ការយកឈាមទៅបណ្តុះមើលមេរោគ (blood culture) គឺដើម្បីកំណត់ថាតើមេរោគបានសាយភាយពីសួតចូលចរន្តឈាមហើយរឺនៅ។
ការព្យាបាល
ផ្តល់អុកស៊ីសែនចំពោះអ្នកជំងឺដែលហត់។
ផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកដល់អ្នកជំងឺរលាកសួតដែលបង្កឡើងដោយពពួកបាក់តេរី។ ជាកំរ
ថ្នាំសម្រាប់សំលាប់មេរោគដ៏ទៃទៀតអាចត្រូវបានប្រើប្រាស់ដោយអាស្រ័យទៅតាមការសង្ស័យប្រភេទនៃមេរោគ។
អ្នកជំងឺត្រូវបានលើកទឹកចិត្តអោយដកដង្ហើមអោយជ្រៅដើម្បីអោយខ្យល់បានចូលទៅគ្រប់ផ្នែកទាំងអស់នៃសួត។ ចំពោះអ្នកជំងឺសម្រាកជាប់នៅលើគ្រែគួរតែត្រូវបានផ្លាស់ប្តូរទីតាំង អោយបានទៀងទាត់ដើម្បីអោយខ្យល់អាចចូលបានទៅគ្រប់ក្លែបនៃសួត។
អ្នកជំងឺដែលឈឺទ្រូងដកដង្ហើមរាក់ហើយមិនអាចក្អកបានខ្លំាងល្អដូច្នេះថ្នាំបំបាត់ការឈឺចាប់ត្រូវផ្តល់អោយបានគ្រប់គ្រាន់។
ការផ្តល់ជាតិទឹកបានគ្រប់គ្រាន់ធ្វើអោយកំហាករាវដែលវាអាចចេញមកស្រួលនៅពេលអ្នកជំងឺក្អក។ អាស្រ័យទៅលើជំងឺដទៃទៀតដែលអ្នកជំងឺមានយើងអាចអោយអ្នកជំងឺញុំាទឹកតាមមាត់ រឺសេរ៉ូមតាមសរសៃវែន។
ការស៊កទុយោចូលក្នុងផ្លូវខ្យល់ (intubation) និងសប់ដោយម៉ាស៊ីន (mechanical ventilation) អាចនិងត្រូវការចំពោះករណីជំងឺរលាកសួតធ្ងន់ធ្ងរ។
ផលវិបាក
ជំងឺរលាកសួតមានលទ្ធភាពដើម្បីសាយភាយនិងធ្វើអោយមានការបង្ករោគធ្ងន់ធ្ងរដែលប៉ះពាល់ដល់ខ្លួនប្រាណទាំងមូល។ ជំងឺ sepsis ត្រូវតែធ្វើការព្យាបាលយ៉ាងគំហុកជាមួយនឹងថ្នាំអង់ទីប៊ីយូទិកហើយនិងសេរ៉ូមតាមសរសៃវែន។ អាចឲ្យថ្នាំបង្កើននូវការកន្ត្រាក់របស់បេះដូង (ដូចជា Dopamine) អាចនិងចាំបាច់។