ជំងឺកូវីដ-១៩
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ករណីដំបូងនៃវីរុសថ្មីមួយដែលត្រូវបានគេហៅថា“បណ្តុំរោគសញ្ញារលាកផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរដែលបង្កឡើងដោយវីរុសកូរ៉ូណា២(SARS-CoV-2)” ត្រូវបានគេកត់សម្គាល់ឃើញនៅក្នុងទីក្រុង Wuhan ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានខែបន្តបន្ទាប់ទៀតវីរុសបានរាលដាលពាសពេញពិភពលោក។ នៅពេលដែលវីរុសឆ្លងទៅនរណាម្នាក់បន្ទាប់មកជំងឺនេះត្រូវបានគេហៅថាជំងឺបង្កដោយវីរុសកូរ៉ូណា២០១៩ (Coronavirus Disease 2019) ឬ ជំងឺកូវីដ-១៩។
របៀបចម្លង
ការចម្លងរោគត្រូវបានរីករាលដាលយ៉ាងខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារអ្នកដែលមានផ្ទុកមេរោគអាចបញ្ចេញវីរុសតាមរយៈដំណក់តូចៗចេញពីផ្លូវដង្ហើមរបស់ពួកគាត់តាមរយៈការក្អក កណ្តាស់ ឬនិយាយ។
ការចម្លងរោគក៏អាចឆ្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុ ឬ លើផ្ទៃនៃវត្ថុផ្សេងៗផងដែរ មានន័យថា នៅពេលមនុស្សណាម្នាក់បានប៉ះពាល់លើផ្ទៃនៃវត្ថុដែលមានវីរុស អាចបណ្តាលឲ្យគាត់ឆ្លង ប្រសិនបើគាត់ប៉ះ មាត់ ច្រមុះ ឬភ្នែក។
មកទល់ពេលបច្ចុប្បន្ននេះមិនទាន់ដឹងថាតើអ្នកដែលមានជំងឺកូវីដ-១៩ អាចឆ្លងបានរយៈពេលប៉ុន្មាននោះទេ។
កត្តាហានិភ័យ
មនុស្សវ័យចំណាស់ងាយនឹងមានជំងឺធ្ងន់ធ្ងរ។ អ្នកដែលមានបញ្ហាសុខភាពក៏ងាយរងគ្រោះនឹងជំងឺធ្ងន់ធ្ងរដែរ។ ឧទាហរណ៍អ្នកដែលមានជំងឺបេះដូង ជំងឺផ្លូវដង្ហើម ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ឬមហារីក។
កុមារ និងក្មេងវ័យជំទង់ជាទូរទៅមានត្រឹមតែជំងឺស្រាល ហើយងាយជាឡើងវិញ។
ស្ត្រីមានផ្ទៃពោះគួរតែប្រុងប្រយ័ត្នពីព្រោះថាវាជាវីរុសថ្មី ហើយភាគច្រើនមិនទាន់ដឹងពីវាច្បាស់នៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយមកទល់នឹងពេលសរសេរអត្ថបទនេះ (ខែឧសភា ឆ្នាំ២០២០) មិនទាន់មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាស្ត្រីមានផ្ទៃពោះងាយនឹងមានជំងឺធ្ងន់ធ្ងរ ឬ អាចបង្កបញ្ហាដល់ទារកដែលកំពុងលូតលាស់នោះទេ។
សញ្ញា និងរោគសញ្ញា
ក្តៅខ្លួន ហត់ ក្អកជាប់រហូត គឺជារោគសញ្ញាដែលកើតមានញឹកញាប់ជាងគេ។
រោគវិនិច្ឆ័យញែក
ជំងឺកូវីដ-១៩ អាចពិបាកញែកពីការបង្ករោគដោយវីរុសផ្សេងៗទៀតនៅក្នុងសួត ដូចជាជំងឺផ្តាសាយ។ វាត្រូវបានញែកពីជំងឺសួតដែលបង្កឡើងដោយពពួកបាក់តេរីផងដែរ ដូចជាជំងឺរលាកសួត។
ការអង្កេត
ការធ្វើរោគវិនិច្ឆ័យជាទូរទៅធ្វើតាមរយៈការសួរប្រវត្តជំងឺ និង ពិនិត្យរាងកាយ។
ការធ្វើរោគវិនិច្ឆ័យត្រូវបានបញ្ជាក់ដោយការពាសយកកោសិកាពីក្នុងរុន្ធច្រមុះ។
ឧបករណ៍វាស់កំហាប់អុកស៊ីសែនអាចបង្ហាញពីការថយចុះកំហាប់អុកស៊ីសែនក្នុងឈាម។
ការធ្វើតេស្តឈាមអាចមានប្រយោជន៍ ជាពិសេស ការរាប់គ្រាប់ឈាម (FBC)។
ការថតសួតអាចបង្ហាញពីកោសិកាសាច់សួតមានការផ្លាស់ប្តូរ។
ការថតសួតដោយប្រើឧបករណ៍ស៊ីធីស្កែន (CTscan) អាចបង្ហាញពីការផ្លាស់ប្តូរកោសិកាសួតកាន់តែច្បាស់ ប៉ុន្តែវាមិនតម្រូវចាំត្រូវតែធ្វើជាទូរទៅនោះទេ។
ការព្យាបាល
អ្នកជំងឺដែលមានរោគសញ្ញាស្រាលត្រូវបានផ្តល់ដំបូន្មានឲ្យសម្រាកនៅផ្ទះ។ ពួកគាត់ត្រូវប្រាកដថា ពិសារជាតិទឹកឲ្យបានគ្រប់គ្រាន់ ហើយអាចប្រើថ្នាំបំបាត់ឈឺចាប់ ថ្នាំបញ្ចុះកម្តៅ និង ថ្នាំបំបាត់ក្អកដើម្បីសម្រួលរោគសញ្ញា។ ពួកគាត់គួរតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីកាត់បន្ថយការចម្លងទៅអ្នកដ៏ទៃ (ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល)។
អ្នកជំងឺដែលមានរោគសញ្ញាពីមធ្យមទៅធ្ងន់ធ្ងរត្រូវតែដាក់ឲ្យសម្រាកពេទ្យ។ ត្រូវផ្តល់អុកស៊ីសែនដោយធ្វើការតាមដានកម្រិតអុកស៊ីសែនក្នុងឈាមឲ្យបានទៀងទាត់។
អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវដាក់ឲ្យសម្រាកពេទ្យនៅផ្នែកសង្គ្រោះជំងឺធ្ងន់ និងត្រូវការសប់ខ្យល់ (mechanical ventilation)។
ថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កំពុងតែអភិវឌ្ឍ។ ថ្នាំ Remdesivir ជាថ្នាំប្រឆាំងនឹងវីរុសកំពុងពិសោធន៍ដែលអាចមានប្រសិទ្ធភាព។ តែទោះជាយ៉ាងណាក៏ដោយវាស្ថិតក្នងការសាកល្បងនៅឡើយមកទល់នឹងពេលសរសេរអត្ថបទនេះ (ខែឧសភា ឆ្នាំ២០២០)។ ថ្នាំ Hydroxychloroquine គឺជាថ្នាំដែលមានសក្តានុពលមួយផ្សេងទៀត ដែលបានប្រើអស់រយៈពេលជាច្រើនទសវត្សមកហើយក្នុងការព្យាបាលជំងឺគ្រុនចាញ់ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់បានផ្តល់អាជ្ញាប័ណ្ណសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅឡើយទេ។
ក្រុមហ៊ុនឱសថនៅជុំវិញពិភពលោកបច្ចុប្បន្នកំពុងព្យាយាមផលិតថ្នាំបង្ការ ទោះយ៉ាងណាការផលិតថ្នាំបង្ការ ធម្មតាវាជាដំណើរការមួយដែលត្រូវការពេលច្រើនឆ្នាំ។ ការសាកល្បងថ្នាំបង្ការ កំពុងដំណើរការមកទល់នឹងពេលសរសេរអត្ថបទនេះ។
ការការពារ
ត្រូវប្រើឧបករណ៍ការពារខ្លួន (PPE) នៅពេលថែទាំជំងឺដែលសង្ស័យ ឬ អ្នកជំងឺកូវីដ-១៩ គឺដើម្បីកាត់បន្ថយការប៉ះពាល់របស់គ្រូពេទ្យទៅនឹងវីរុសក៏ដូចជាការពារការរីករាលដាលដល់អ្នកជំងឺដទៃទៀត។ ឧបករណ៍ការពារខ្លួន (PPE) រួមមាន ម៉ាស់ ស្រោមដៃ និងអាវបំពង់។ គួរតែប្រើរបាំងការពារភ្នែក ដូចជាវ៉ែនតាការពារភ្នែក ឬរបាំងការពារមុខ ប្រសិនបើអ្នកជំងឺក្អក ឬ អនុវត្តទម្រង់ការទាំងឡាយណាដែលបង្កើតឲ្យមានការសាយភាយភាគល្អិតតូចៗតាមខ្យល់ដូចជា ការស៊កទុយោចូលបំពង់ខ្យល់ ឬ បូមស្លេស្ម។
ការសម្អាតឧបករណ៍ដែលប្រើពីអ្នកជំងឺមួយទៅអ្នកជំងឺមួយទៀតគឺចាំបាច់។ វាក៏សំខាន់ផងដែរក្នុងការសម្អាតលើផ្ទៃ និងវត្ថុដែលប៉ះញឹកញាប់ (ដូចជាដៃទ្វារ កុំព្យូទ័រ និង ទូរស័ព្ទ)។
ការលាងដៃឱ្យបានទៀងទាត់និងហ្មត់ចត់គឺចាំបាច់។ វាក៏សំខាន់ផងដែរក្នុងការចៀសវាងការប៉ះមុខ (ជាពិសេសភ្នែក ច្រមុះ និងមាត់)។
ការរក្សាគម្លាតសង្គមគួរតែត្រូវបានអនុវត្តទៅតាមសេចក្តីណែនាំក្នុងតំបន់។
ការធ្វើតេស្តឈាមរកអង្គបដិប្រាណ(ភាពស៊ាំ)
ការធ្វើតេស្តឈាមអាចត្រូវបានអនុវត្តដើម្បីរកឲ្យឃើញអង្គបដិប្រាណ។រាងកាយបង្កើតអង្គបដិប្រាណដើម្បីប្រឆាំងនឹងការឆ្លងរោគ។ ដូច្នេះតេស្តនេះត្រូវបានគេប្រើដើម្បីកំណត់ថាតើមាននរណាម្នាក់ធ្លាប់មានជំងឺកូវីដ-១៩ក្នុងពេលកន្លងមកដែរឬទេ។
វាមានប្រយោជន៏បើបានដឹង ពីព្រោះការឆ្លងជំងឺកូវីដ-១៩ កាលពីលើកមុនអាចផ្តល់នូវកម្រិតភាពស៊ាំខ្លះៗទៅនឹងវីរុសប្រសិនបើបានប៉ះពាល់ជាមួយវាម្តងទៀត។ ជំងឺកូវីដ-19 គឺជាវីរុសថ្មីមួយ ហើយយើងកំពុងសិក្សាអំពីរបៀបដែលវារាលដាល និងរបៀប អង្កេត និងព្យាបាល។ ចំណេះដឹងរបស់យើងនឹងកើនឡើងបន្ថែមទៀត នៅពេលដែលការស្រាវជ្រាវជាច្រើនត្រូវបានបោះពុម្ពផ្សាយនៅក្នុងខែនិងឆ្នាំបន្ទាប់ៗ ទៀត។