ខ្យល់គរ
ខ្យល់គរ (syncope) គឺជាការបាត់បង់ភ្លាមៗនូវស្មារតីនិងជំហរ។ វាកើតឡើងមានរយៈពេលខ្លីនិងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ បំរុងខ្យល់គរ (presyncope) មនុស្សម្នាក់មានអារម្មណ៍ថា វិលមុខ រឺអាការៈស្រាលក្បាល ប៉ុន្តែមិនបណ្តាលអោយកើតជាខ្យល់គរនោះទេ។ ទាំងខ្យល់គរនិងបំរុងខ្យល់គរត្រូវបានគ្រប់គ្រងតាមវិធីដូចគ្នា។
មូលហេតុ
ភាគច្រើននៃហេតុការណ៍ខ្យល់គរគឺមិនធ្ងន់ធ្ងរនោះទេ។ មានមូលហេតុជាច្រើនដូចជា ៖ ឈរយូរ អារម្មណ៍ភ័យខ្លាចរឺឈឺចាប់ខ្លាំង កន្លែងដែលមានហ្វូងមនុស្សច្រើនរឺក្តៅ។ ការដែលមានសម្ពាធឈាមទាប (ដូចជាខ្វះជាតិទឹក) ក៍ជាមូលហេតុសំខាន់ដែរ។ ឱសថដែលមានឥទ្ធិពលទៅលើសម្ពាធឈាមរឺចង្វាក់បេះដូង ក៍បណ្តាលអោយកើតខ្យល់គរដែរ។ ជាញឹកញាប់មូលហេតុមិនអាចកំណត់បាននោះទេ។
ទោះជាយ៉ាងណាក៍ដោយអ្នកជំងឺខ្លះដែលខ្យល់គរអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។ ជាឧទាហរណ៍ ជំងឺបេះដូង (ដូចជាជំងឺបញ្ហាចង្វាក់បេះដូង រឺជំងឺប្រឹសបេះដូង) រឺការហូរឈាម (ដូចជាការហូរឈាមតាមក្រពះ រឺធ្លាយកូនក្រៅស្បូន រឺបែកអណ្តើក) រឺការស្ទះសរសៃឈាមក្នុងសួត រឺមានការហូរឈាមនៅចន្លោះស្រោមខួរក្បាល។
ខ្យល់គរតែមួយដងទំនងជាបណ្តាលមកពីមូលហេតុមិនធ្ងន់ធ្ងរ ទោះបីជាយ៉ាងណាក៍ដោយប្រសិនបើអាការៈខ្យល់គរកើតមានច្រើនដងក្នុងអំឡុងរយៈពេលខ្លីនោះជំងឺដែលបានរៀបរាប់ខាងលើត្រូវតែមានការសង្ស័យ។
សញ្ញា និងរោគសញ្ញា
មុនពេលខ្យល់គរអ្នកជំងឺអាចមានឬគ្មាននូវអាការៈដំបូងនៃការវិលមុខរឺស្រាលក្បាល។ វានិងមានការបាត់បង់ភ្លាមៗនូវស្មារតីនិងជំហរដែលបណ្ដាលអោយអ្នកជំងឺដួលទៅលើដីឬទ្រោម លើកៅអី។ រយៈពេលនៃការបាត់ស្មារតីគឺមានរយៈពេលខ្លីហើយការដឹងខ្លួនវិញគឺឆាប់ដោយអ្នកជំងឺមានស្មារតីធម្មតាវិញយ៉ាងឆាប់រហ័ស។
ការស្វែងរកមូលហេតុ
ភាគច្រើននៃហេតុការណ៍ខ្យល់គរគឺមិនធ្ងន់ធ្ងរនោះទេ ទោះជាយ៉ាងណាក៍ដោយអ្នកជំងឺខ្លះដែលខ្យល់គរអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។ ដោយហេតុផលនេះវាអាចជាការចាំបាច់ក្នុងការ ធ្វើការស៊ើបអង្កេត។
ការសាកសួរអំពីប្រវត្តជំងឺនិងពិនិត្យរាងកាយយ៉ាងហ្មត់ចត់គឺទាមទារអោយអនុវត្តន៍។ វាមានរួមទាំងពិនិត្យប្រព័ន្ធប្រសាទនិងស្តាប់បេះដូង។
កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែពិនិត្យ។
ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គិសនី (electrocardiogram រឺ ECG) អាចកំណត់ពីភាពមិនប្រក្រតីរបស់ចង្វាក់បេះដូងបានប្រសិនបើមាន។ វាក៍អាច បើមិនមានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមសាច់ដុំបេះដូង (myocardial ischemia) ឬក៍ស្លាប់សាច់ដុំ បេះដូង (myocardial infarction)។
ការពិនិត្យឈាមជាទម្លាប់អាចត្រូវការឬអាចមិនត្រូវការដោយពឹងផ្អែកទៅលើកាលៈ ទេសៈ។ ការពិនិត្យ hemoglobin គឺចាំបាច់ប្រសិនបើមានការហូរឈាមនៅខាងក្នុង រឺប្រសិនបើសង្ស័យថាកង្វះគ្រាប់ឈាមក្រហម (anemia)។
ស្រ្តីដែលស្ថិតនៅវ័យបន្តពូជត្រូវតែពិនិត្យទឹកនោមដើម្បីធ្វើតេស្តរកមើលថាតើគេមានផ្ទៃពោះរឺអត់។ ការវិភាគគំនូសចលនាបេះដូងដោយប្រើ ECHO បេះដូង (echocardiogram) អាចនិងចាំបាច់ប្រសិនបើសង្ស័យថាមានបញ្ហាបេះដូង។
ការព្យាបាល
ការគ្រប់គ្រងជំហានដំបូង គឺត្រូវដាក់អ្នកជំងឺអោយដេកផ្ងារទៅលើដីដោយសារវាជួយជំរុញអោយលំហូររបស់ឈាមរត់ទៅខួរក្បាលបានល្អ។ ការដែលលើកជើងឡើងក៍ជួយជំរុញលំហូររបស់ឈាមទៅខួរក្បាលផងដែរ។ ជីពចរនិងដង្ហើមរបស់អ្នកជំងឺគួរតែពិនិត្យ និងត្រូវរក្សាអោយផ្លូវខ្យល់ស្រឡះជានិច្ច។
ឧស្ម័នអុកស៊ីសែនគួរផ្តល់អោយសម្រាប់ការបាត់ស្មារតីរយៈពេលយូរ (ឧទាហរណ៍ លើសពី ២នាទី) និងដាក់អ្នកជំងឺអោយនៅក្នុងស្ថានភាពសុវត្ថភាព (recovery position)។ ទោះជាយ៉ាងណាក៏ដោយភាគច្រើននៃអាការៈខ្យល់គរ គឺមានរយៈពេលខ្លីហើយការដឹងខ្លួនធម្មតាវិញច្រើនតែកើតឡើងមុនពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យ។
អ្នកជំងឺដែលមានអាការៈខ្យល់គរអាចនឹងចាំបាច់អោយមានការព្យាបាលនូវមូលហេតុ ដែលពឹងផ្អែកទៅលើលទ្ធផលបន្ទាប់ពីធ្វើការតាមដាន។ ប្រសិនបើការតាមដានបង្ហាញពីជំងឺណាមួយនោះការព្យាបាលដ៍ត្រឹមត្រូវទាមទារអោយអនុវត្តន៍។
អ្នកជំងឺដែលមានអាការៈខ្យល់គរជាញឹកញាប់ គួរតែដាក់កំហិតក្នុងការបើកបរដើម្បីការពារខ្លួនឯងនិងអ្នកដទៃ។
ផលវិបាក
របួសអាចនឹងកើតមានឡើងក្នុងអំឡុងពេលខ្យល់គរជាពិសេសប្រសិនបើអ្នកជំងឺដួល។ របួសដែលកើតជាញឹកញាប់ទាក់ទងនឹងការដួលរួមបញ្ចូលទាំងការបាក់ឆ្អឹងមុខ បាក់ឆ្អឹងត្រគាក បាក់កដៃ និងរបួសក្បាល។ ការពិនិត្យរាងកាយយ៉ាងយកចិត្តទុកដាក់ គឺចាំបាច់ដើម្បីកំណត់នូវរបួសរួចធ្វើការព្យាបាល។