គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល

គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល (stroke) គឺជាលក្ខខ័ណ្ឌមួយដែលមានការកាត់ផ្តាច់ចរន្តឈាម​ទៅចិញ្ចឹមផ្នែកមួយនៃខួរក្បាល​ដែលបណ្ដាល​អោយ​​ខូចខាតទៅដល់ខួរក្បាលផ្នែកនោះ។ Stroke ត្រូវបានបែងចែកចេញជា ២ប្រភេទគឺ៖

  • Stroke ដោយសារកង្វះឈាមទៅចិញ្ចឹមខួរក្បាល (ischemic stroke)។ Ischemic stroke មានការកកស្ទះនូវសរសៃឈាមដែលទៅ​ចិញ្ចឹមខួរក្បាល​ធ្វើ​​អោយឈាមទៅចិញ្ចឹមខួរក្បាលមិនបានគ្រប់។
  • Stroke ដោយសារដាច់សរសៃឈាមខួរក្បាល (hemorrhagic stroke)។ Hemorrhagic stroke មានការដាច់សរសៃឈាមក្នុង​ខួរក្បាលបណ្ដាល​អោយមានហូរឈាមក្នុងខួរក្បាល (intracerebral hemorrhage) ឬមានការហូរឈាមនៅចន្លោះស្រោមខួរក្បាល (subarachnoid hemorrhage)។

មូលហេតុ

៨០ភាគរយនៃ stroke គឺកង្វះឈាមទៅចិញ្ចឹមខួរក្បាល (ischemic stroke) បណ្តាលមកពីមានដុំខ្លាញ់ស្ទះនៅក្នុងសរសៃអាកទែ​ដែលនាំឈាមទៅ​ចិញ្ចឹម​​​​​ខួរក្បាល​​ដែលជាហេតុធ្វើអោយរាំងស្ទះដល់លំហូររបស់ឈាម។ មូលហេតុមួយទៀតនោះគឺដុំកំណកឈាម​ដែលធ្វើដំណើរក្នុងចរន្ត​ឈាមបាន​ទៅស្ទះនៅសរសៃអាកទែតូចដែលជាហេតុធ្វើអោយរាំងស្ទះដល់លំហូររបស់ឈាម។

4- nervous kh 3-1

១៥ភាគរយនៃ stroke គឺការដាច់សរសៃឈាមក្នុងខួរក្បាលបណ្ដាលអោយមានហូរឈាមក្នុងខួរក្បាល (intracerebral hemorrhage)។ 

4- nervous kh 3-2

៥ភាគរយនៃ stroke គឺការហូរឈាមនៅចន្លោះស្រោមខួរក្បាល (subarachnoid hemorrhage)។ លក្ខខ័ណ្ឌនេះនឹងពិភាក្សាដាច់ដោយឡែកនៅចុងជំពូក។

4- nervous kh 3-3

កត្តាប្រឈមមុខ

កត្តាប្រឈមមុខចំពោះគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលដោយសារកង្វះឈាមទៅចិញ្ចឹមខួរក្បាល (ischemic stroke) រួមមាន លើសសម្ពាធឈាម ជក់បារី ផឹកស្រាច្រើន ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ធាត់ និងមិនបានហាត់ប្រាណ។

កត្តាប្រឈមមុខចំពោះគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលដោយសារដាច់សរសៃឈាមខួរក្បាល (hemorrhagic stroke) រួមមាន លើសសម្ពាធឈាម ជក់បារី ផឹកស្រាច្រើន ការប៉ះទង្គិច និងប្រើថ្នាំដែលខុសច្បាប់ (amphetamines និង cocaine)។

សញ្ញា និងរោគសញ្ញា

ភាពធ្ងន់ធ្ងររបស់រោគសញ្ញាពឹងផ្អែកទៅលើទំហំនៃការខូចខាតរបស់ខួរក្បាល។ រោគសញ្ញាអាចរួមមាន ទន់សាច់ដុំមុខ និងអវៈយវៈមួយចំហៀងខ្លួន រឺក៍អាចស្លាប់មួយចំហៀង។ អ្នកជំងឺអាចនិយាយមិនច្បាស់ និងពិបាកក្នុងការរកពាក្យនិយាយអោយបានត្រឹមត្រូវ ឬក៍មិនអាចនិយាយបានតែម្តង។ អាចមានអាការៈវង្វេង ឬថយចុះនូវស្មារតី ឬក៍អាចភ្លឹកប្រសិនបើទំហំខូចខាតធំ។

អាចមានផងដែរនូវអាការៈឈឺក្បាល ចង្អោរ និងក្អួត ប្រកាច់ ដែលភាគច្រើនវាកើតមានចំពោះការដាច់សរសៃឈាម (hemorrhagic stroke) ជាជាងកង្វះឈាមទៅចិញ្ចឹម (ischemic stroke)។

ការស្វែងរកមូលហេតុ

កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែពិនិត្យពីព្រោះការថយចុះនូវបរិមាណជាតិស្ករក្នុងឈាមក៍អាចបង្កអោយមានរោគសញ្ញាស្រដៀងគ្នានិង stroke ដែរ។

ការសាកសួរពីប្រវត្តិជំងឺនិងពិនិត្យរាងកាយអោយបានល្អិតល្អន់ត្រូវតែអនុវត្តន៍។ ការពិនិត្យប្រព័ន្ធប្រសាទត្រូវរួមបញ្ចូលទាំងកម្រិតស្មារតីរបស់អ្នកជំងឺ កម្លាំងរបស់អវៈយវៈ ទម្រង់មុខ ទំហំប្រស្រីភ្នែក និងចលនារបស់ប្រស្រីភ្នែក។

ការពិនិត្យឈាមនិងការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គិសនី (ECG) ត្រូវតែអនុវត្តន៍។

ប្រសិនបើអាចធ្វើបានការពិនិត្យ CT Scan គួរតែអនុវត្តន៍ដើម្បីសម្រេចចិត្តថាតើមូលហេតុជាកង្វះឈាមទៅចិញ្ចឹម ឬក៍ដាច់សរសៃឈាមនៅក្នុងខួរក្បាល។

ការព្យាបាល

ការព្យាបាលដែលជាក់លាក់ពឹងផ្អែកថាតើមូលហេតុគឺមកពីកង្វះឈាមទៅចិញ្ចឹម (ischemic stroke) ឬក៍ដាច់សរសៃឈាមនៅក្នុងខួរក្បាល (hemorrhagic stroke)។

  • ប្រសិនបើមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាល (ischemic stroke) នោះឱសថដែលជួយធ្វើអោយឈាមរាវត្រូវតែផ្តល់អោយដូចជា Aspirin (ជាឱសថប្រឆាំងនឹងផ្លាកែត)។ ការព្យាបាលដែលជឿនលឿនជាងនេះគឺចាក់បញ្ចូលនូវឱសថរំលាយកំណកឈាមតាម សរសៃវែន។
  • ប្រសិនបើមកពីដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke) នោះការវះកាត់អាចនឹងត្រូវអនុវត្តន៍ តែទោះបីជាយ៉ាងណាក៏ដោយវាមិនតែងតែអាចធ្វើទៅបានឬត្រឹមត្រូវគ្រប់ពេលនោះទេ។

ប្រសិនបើអ្នកជំងឺបាត់បង់ស្មារតីនោះត្រូវតែរក្សាយ៉ាងណាអោយផ្លូវខ្យល់បើកចំហរ និងផ្តល់អោយនូវឧស្ម័នអុកស៊ីសែន។

សម្ពាធឈាមញឹកញាប់ឡើងខ្ពស់នៅដំណាក់កាលដំបូង ដូច្នេះត្រូវគ្រប់គ្រងវាដោយប្រុងប្រយ័ត្ន។ ការបញ្ចុះសម្ពាធឈាមត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុតក្នុងករណីដែលវាឡើងខ្លាំង។ ប្រសិនបើវាត្រូវបានបន្ថយលឿនពេកនោះនឹងបណ្តាលអោយឈាមទៅចិញ្ចឹមខួរក្បាលមិនគ្រប់។

កម្រិតជាតិស្ករក្នុងឈាមត្រូវតែគ្រប់គ្រងអោយស្ថិតនៅចន្លោះបរិមាណធម្មតា។ ទាំងពីរគឺកម្រិតជាតិស្ករទាបនិងឡើងខ្ពស់ក្នុងឈាមសុទ្ធតែបំផ្លាញទៅលើកោសិកាខួរក្បាល។  

ត្រូវបន្ដការពិនិត្យថាតើអ្នកជំងឺមានប្រកាច់រឺអត់ហើយប្រសិនបើមានត្រូវព្យាបាលអោយបានត្រឹមត្រូវ។

អ្នកជំងឺគួរតែត្រូវបានធ្វើការវាយតម្លៃអំពីសមត្ថភាពនៃការលេបព្រោះ stroke អាចប៉ះពាល់ទៅដល់យន្តការនៃការលេបជាហេតុអាចធ្វើអោយអ្នកជំងឺឈ្លក់អាហារ ទឹក ឬឱសថ។ អ្នកជំងឺដែលក្អកបន្ទាប់ពីលេបទឹកចូលអាចត្រូវការទឹកដែលខាប់ ឬក៍អាចដាក់សុងច្រមុះក្រពះ (nasogastric tube)។

ប្រសិនបើអវៈយវៈមិនអាចកម្រើកបាននោះសាច់ញាតិត្រូវផ្តល់អោយនូវការធ្វើលំហាត់ប្រាណស្រាលៗជាទៀងទាត់ទៅលើអវៈយវៈនោះប្រសិនបើមិនធ្វើដូច្នោះទេនោះសាច់ដុំនៅអវៈយវៈនោះនិងរឹងហើយរួញ។ វាមានសារះសំខាន់ដែលមិនត្រូវទាញអវៈយវៈដែលទទួលរងនូវផលប៉ះពាល់នោះទេ ដោយ​ហេតុថាវាអាចបណ្តាលអោយថ្លោះយ៉ាងងាយស្រួល។ ប្រសិនបើអ្នកជំងឺបាត់ស្មារតីនោះត្រូវតែប្រែអ្នកជំងឺអោយបានទៀងទាត់ដើម្បីការពារការកើតដំបៅនៅខ្នង។ អាចត្រូវសុងផ្លូវបង្ហូរនោមប្រសិនបើអ្នកជំងឺមិនអាចនោមបានដោយខ្លួនឯង។

ការផ្តល់ឱសថជារៀងរាល់ថ្ងៃនិងរយៈពេលយូរអាចប្រព្រឹត្តទៅបានបន្ទាប់ពី stroke ដូចជាឱសថប្រឆាំងនឹងការឡើងសម្ពាធឈាម (antihypertensive) និងឱសថបញ្ចុះខ្លាញ់ (statin)។ ការ ផ្តល់អោយនូវឱសថ Aspirin ជារៀងរាល់ថ្ងៃអាចត្រូវការសម្រាប់អ្នកជំងឺដែលគ្រោះថ្នាក់​សរសៃឈាមខួរក្បាល​ដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាល (ischemic stroke)។ ជាការសំខាន់ផងដែរត្រូវគ្រប់គ្រងនូវជំងឺមួយចំនួនដូចជា លើសម្ពាធឈាម ទឹកនោមផ្អែម ញ័រថតលើនៃបេះដូង (atrial fibrillation)។ ការផ្លាស់ប្តូរនូវទម្លាប់និងឥរិយាបថក្នុងការរស់នៅត្រូវតែអនុវត្តន៍ ដូចជាឈប់ជក់បារីនិងបន្ថយរបប​អាហារ​ដែលមានជាតិខ្លាញ់។ 

 ការហូរឈាមនៅចន្លោះស្រោមខួរក្បាល (subarachnoid hemorrhage)

ដូចដែលបានបញ្ជាក់ពីមុនហើយថា ៥ភាគរយនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល (stroke) បណ្តាលមកពីដាច់សរសៃឈាមនៅផ្ទៃខាងលើ​របស់​ខួរក្បាល​បណ្ដាលអោយមានការហូរឈាមនៅចន្លោះស្រោមខួរក្បាល (subarachnoid hemorrhage)។ ជាធម្មតានៅចន្លោះនោះមានតែសារធាតុរាវ​ម្យ៉ាងគត់ដែលហៅថាទឹកខួរក្បាលនិងខួរឆ្អឹងខ្នង (CSF)។ នៅពេលដែលមានវត្តមានឈាមនៅក្នុងនោះវាធ្វើអោយសម្ពាធកើនឡើងខ្លាំង។

4- nervous kh 3-4

មូលហេតុ : មូលហេតុញឹកញាប់បំផុតនោះគឺបណ្តាលមកពីការដាច់សរសៃឈាមនៅផ្ទៃខាងលើរបស់ខួរក្បាល។ កត្តាគ្រោះថ្នាក់មាន លើសសម្ពាធ​ឈាម ​ជក់បារី ផឹកស្រាច្រើន ការប៉ះទង្គិច និងការប្រើថ្នាំខុសច្បាប់ (ដូចជា amphetamines និង cocaine)។ 
 
សញ្ញា និងរោគសញ្ញា : ច្រើនតែកើតមានភ្លាមៗនូវអាការៈឈឺក្បាលខ្លាំងដែលអ្នកជំងឺប្រាប់ថាឈឺខ្លាំងមិនដែលធ្លាប់ជួបពីមុនមក។ ការឈឺចាប់អាចចាក់មកដល់កឬខ្នង។ វាផងដែរនោះក៏អាចមានការបាត់បង់ស្មារតីរយៈពេលខ្លី ចង្អោរនិងក្អួត ចាញ់ពន្លឺ ហើយម្ដងម្កាលប្រកាច់​នៅ​ពេល​​ចាប់ឈឺក្បាលដំបូង។

ប្រសិនបើឈាមនៅតែបន្តហូរនៅក្នុងលំហររវាងចន្លោះស្រោមខួរក្បាល​​​នោះវានឹងធ្វើអោយមានការកើនឡើងសម្ពាធក្នុងខួរក្បាលដែល​បណ្តាល​អោយភ្លឹកបាន។ ប្រសិនបើឈាមនៅតែបន្តហូរទៀតនោះការស្លាប់អាចកើតមានឡើង។ ការហូរឈាមនៅចន្លោះស្រោមខួរក្បាលគឺមានអាត្រាមរណៈខ្ពស់។

ការស្វែងរកមូលហេតុ : ការថត CT Scan នៅនឹងក្បាលអាចបញ្ជាក់ពីវត្តមានរបស់ឈាមនៅក្នុងលំហរនៅចន្លោះស្រោមខួរក្បាលបាន។ បន្ទាប់ពីថត CT Scan ហើយរោគវិនិច្ឆ័យនៅតែមិនប្រាកដនោះការចោះយកទឹកខួរឆ្អឹងខ្នង (lumbar puncture) ទៅពិនិត្យដើម្បីរកវត្តមានឈាមត្រូវប្រព្រឹត្តទៅបាន។
 
ការព្យាបាល : ការវះកាត់ គឺជាការព្យាបាលសម្រាប់ការហូរឈាមនៅចន្លោះស្រោមខួរក្បាល ទោះបីយ៉ាងណាក៍ដោយក៏វាមិនតែងតែអាចធ្វើទៅបានរឺត្រឹមត្រូវជានិច្ចនោះទេ។ ដើម្បីបន្ថយអត្រានៃការហូរឈាមសារជាថី្មទៀត នោះអ្នកជំងឺត្រូវសម្រាកនៅលើគ្រែផ្តល់អោយនូវឱសថបំបាត់ការឈឺចាប់និងឱសថបន្ទន់លាមក។ ត្រូវព្យាបាលផងដែរនូវការលើសសម្ពាធឈាមដែលធ្ងន់ធ្ងរ តែទោះបីជាយ៉ាងណាក៏ដោយសូមកុំបញ្ចុះសម្ពាធឈាមអោយចុះយ៉ាងគំហ៊ុក រឺលឿនពេកទេ។ ការផ្តល់អោយនូវឱសថការពារការប្រកាច់អាចនឹងចាំបាច់។