ជំងឺឆ្កួតជ្រូក
ជំងឺឆ្កួតជ្រូក (epilepsy) គឺជាជំងឺមួយដែលបង្កអោយមានសកម្មភាពមិនធម្មតាជាញឹកញាប់នៅក្នុងខួរក្បាលដែលបណ្តាលអោយប្រកាច់។ មានច្រើនប្រភេទនៃការប្រកាច់ប៉ុន្តែញឹកញាប់ជាងគេនោះគឺកន្រ្តាក់យ៉ាងខ្លាំងទៅលើអវៈយវៈជាមួយនិងការបាត់បង់ស្មារតី (ត្រូវបានគេស្គាល់ថា tonic clonic seizure)។
មូលហេតុ
ជំងឺឆ្កួតជ្រូកធម្មតាមិនអាចកំណត់ពីមូលហេតុបាន ប៉ុន្តែវាទំនងជាមកពីកត្តាដំណរពូជ។ កក្តាផ្សេងៗអាចបណ្ដាលអោយប្រកាច់សម្រាប់អ្នកជំងឺឆ្កួតជ្រូកគឺមានដូចជា គេងមិនបានគ្រប់គ្រាន់ ភាពតានតឹង ផឹកស្រា រឺក៍ប្រើឱសថដែលមិនត្រឹមត្រូវតាមក្បួនខ្នាត។ ពន្លឺភ្លឹបភ្លែតខ្លាំងអាចបង្កអោយមានការប្រកាច់ចំពោះអ្នកជំងឺឆ្កួតជ្រូកខ្លះ ប៉ុន្តែពេលខ្លះមូលហេតុនៃការប្រកាច់មិនអាចរកឃើញចំពោះអ្នកជំងឺឆ្កួតជ្រូកនោះទេ។
សញ្ញា និងរោគសញ្ញា
មានច្រើនប្រភេទនៃការប្រកាច់ ប៉ុន្តែឃើញញឹកញាប់ជាងគេនៅក្នុងមន្ទីរពេទ្យនោះគឺ tonic clonic seizure។ ការប្រកាច់នេះគឺចាប់ផ្តើមដោយបាត់បង់ស្មារតីភ្លាមៗ ហើយសាច់ដុំនៅដៃ ជើងនិងខ្នងចាប់ផ្តើមរឹង។ អាការៈនេះច្រើនតែមានរយៈពេល១នាទី បន្ទាប់ពីនេះនិងមានការកន្រ្តាក់ញ័រអវៈយវៈ។ ការប្រកាច់ភាគច្រើនមានរយៈពេលតែ១ រឺ២នាទី តែទោះបីជាយ៉ាងណាពេលខ្លះវាអាចយូរជាងនេះ។ ការដែលប្រកាច់យូរហៅថា status epilepticus ដោយវាបំផ្លាញទៅលើកោសិកាខួរក្បាលនិងអាចធ្វើអោយរបួសទៅលើកោសិកាខួរក្បាលជាអចិន្រ្តៃយ៍។
មុនប្រកាច់ពេលខ្លះអ្នកជំងឺមានអារម្មណ៍ចម្លែក (ដែលហៅថា aura)។ អារម្មណ៍ទាំងនោះអាចជា ពិបាកទ្រាំនៅក្នុងពោះ អារម្មណ៍ភ័យខ្លាច ធំក្លិនស្អុយ បន្ទាប់មកក៍មានការប្រកាច់តែម្តង។ បន្ទាប់ពីអាការៈនេះកើតបានពីរបីដងរួចមក អ្នកជំងឺចាប់ផ្តើមសំគាល់នូវសញ្ញាទាំងនេះថាជាសញ្ញាគំរាមប្រកាច់។
ក្នុងអំឡុងពេលប្រកាច់អ្នកជំងឺអាចមានបែកពពុះមាត់និងខាំអណ្តាត ហើយក៍អាចបត់ជើងតូចនិងបត់ជើងធំដោយមិនដឹងខ្លួន។
បន្ទាប់ពីប្រកាច់អ្នកជំងឺនៅតែបាត់បង់ស្មារតី។ អ្នកជំងឺចាប់ផ្តើមដឹងខ្លួនបន្តិចម្តងៗតែ អាការៈងងុយដេកនិងវង្វេងមានរយៈពេលយូរ អាចពីរាប់នាទីដល់ពីរបីម៉ោង។ អ្នកជំងឺញឹកញាប់ត្អូញពីឈឺក្បាលនិងមិនចាំពីព្រឹត្តិការណ៍។
ការស្វែងរកមូលហេតុ
កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែពិនិត្យពីព្រោះការថយចុះនូវបរិមាណជាតិស្ករក្នុងឈាមក៍អាចធ្វើអោយប្រកាច់។ ការធ្វើតេស្តឈាមអាចនិងត្រូវការដូចជា កម្រិតអេឡិចត្រូឡាយ (សូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម) និងមុខងាររបស់តំរងនោម (អ៊ុយរេ និង creatinine)។
នៅពេលដែលអ្នកជំងឺស្វាងពីការប្រកាច់ ត្រូវសាកសួរពីប្រវត្តិជំងឺអោយបានក្បោះក្បាយនិងត្រូវធ្វើតេស្តប្រព័ន្ធប្រសាទផងដែរ។ ការត្រួតពិនិត្យរាងកាយអោយបានល្អិតល្អន់ដើម្បីរកមើលរបួសដែលមានក្នុងអំឡុងពេលនៃការប្រកាច់ត្រូវតែធ្វើឡើង។
ការព្យាបាល
Benzodiazepines (ដូចជា Diazepam) ត្រូវតែអោយនៅពេលប្រកាច់។ ការចាក់តាមសរសៃវែនគឺចូលចិត្តអនុវត្តន៍ ទោះបីយ៉ាងណាក៍ដោយការចាក់តាមសាច់ដុំ រឺរន្ធគូទអាចប្រព្រឹត្តទៅបានបើសិនជាមិនអាចចាក់តាមសរសៃវែន។ ការផ្តល់អោយនូវឱសថឡើងវិញម្តងហើយម្តងទៀតអាចប្រព្រឹត្តទៅបានប្រសិនបើចាំបាច់។
មិនត្រូវចាប់ រឺទប់អ្នកជំងឺនៅពេលដែលគាត់ប្រកាច់នោះទេ ប៉ុន្តែត្រូវយករបស់របស់នៅជុំវិញខ្លួនដែលរឹងដូចជាគ្រឿងសង្ហារឹមចេញ ហើយយកខ្នើយទន់ៗមកការពារក្បាលអ្នកជំងឺពីការប៉ះទង្គិច។
ប្រសិនបើប្រកាច់រយៈពេលយូរនោះត្រូវផ្តល់អោយនូវឧស្ម័នអុកស៊ីសែនតាមរយៈម៉ាសនិងត្រូវត្រួតពិនិត្យនូវកម្រិតឧស្ម័នអុកស៊ីសែន។ អ្នកជំងឺគួរតែត្រូវបានគេដាក់អោយដេកផ្អៀង (ធម្មតាផ្អៀងទៅខាងឆ្វេង) ដើម្បីអោយកំហាក រឺទឹកមាត់ហូរចេញក្រៅបានស្រួលដើម្បីការពារការឈ្លក់។
ប្រសិនបើឱសថ Diazepam មិនអាចបញ្ឈប់ការប្រកាច់បាននោះទេនោះ ឱសថផ្សេងៗត្រូវតែប្រើដូចជា ឱសថ Phenytoin រឺ Phenobarbitol ចាក់បញ្ចូលតាមសរសៃវែន។
នៅពេលដែលអាការៈប្រកាច់ថយចុះ ត្រូវដាក់អ្នកជំងឺនៅក្នុងស្ថានភាពសុវត្ថភាព (recovery position)។ ការបូមស្លេស្មតាមមាត់អាចនឹងត្រូវអនុវត្តន៍។ វាសំខាន់ណាស់ក្នុងការរក្សាអោយផ្លូវខ្យល់បើកចំហរ និងតាមដាននូវកម្រិតឧស្ម័នអុកស៊ីសែន។ ការធានាអះអាងចំពោះអ្នកជំងឺត្រូវអនុវត្តន៍នៅពេលដែលអ្នកជំងឺងើបពីប្រកាច់វិញព្រោះការបាត់បង់ការចងចាំរយៈពេលខ្លីអាចធ្វើអោយអ្នកជំងឺមានការបារម្ភ។
ការគ្រប់គ្រងរយៈពេលយូរចំពោះអ្នកជំងឺឆ្កួតជ្រូក គឺត្រូវប្រើឱសថប្រឆាំងការប្រកាច់ព្រោះឱសថនេះអាចការពារការប្រកាច់ រឺបន្ថយការប្រកាច់ និងបន្ថយនូវគ្រោះថ្នាក់បណ្តាលមកពីការប្រកាច់។ ត្រូវយល់ដឹងថាឱសថទាំងនោះមានផលប៉ះពាល់ច្រើន ហើយអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ចំពោះស្រ្តីដែលមានផ្ទៃពោះ។ ទោះជាយ៉ាងណាក៍ដោយឱសថដែលសមរម្យត្រូវតែប្រើ។
អ្នកជំងឺឆ្កួតជ្រូកត្រូវដាក់កំហិតក្នុងការបើកបរដើម្បីការពារខ្លួនឯងនិងអ្នកដទៃ។ សកម្មភាពដទៃទៀតដូចជា ហែលទឹក ចំអិនអាហារ និងឡើងភ្នំ ក៍ត្រូវប្រុងប្រយ័ត្នផងដែរ។
ការប្រកាច់មិនមែនជាជំងឺឆ្កួតជ្រូក
ការប្រកាច់ដែលបណ្តាលមកពីរបួសនៅលើប្រព័ន្ធប្រសាទ រឺជំងឺផ្សេងៗទៀតមិនត្រូវចាត់ទុកជាជំងឺឆ្កួតជ្រូកនោះទេ។ ឧទាហរណ៍នៃការប្រកាច់ដែលមិនមែនជាជំងឺឆ្កួតជ្រូក៖
- មានការបង្ករោគនៅប្រព័ន្ធប្រសាទ (ដូចជា គ្រុនចាញ់ធ្ងន់ធ្ងរ រលាកស្រោមខួរក្បាល)
- ជាតិស្ករក្នុងឈាមចុះទាប
- វិបត្តិអេឡិចត្រូឡាយ (ជាពិសេស សូដ្យូម កាល់ស្យូម រឺម៉ាញ៉េស្យូម ចុះទាប)
- ខ្សោយតំរងនោម និងជាតិអ៊ុយរេឡើងនៅក្នុងឈាម
- ការប៉ះទង្គិចក្បាល
- ឈាមហូរនៅក្នុងខួរក្បាល រឺមានការហូរឈាមនៅចន្លោះស្រោមខួរក្បាល
- ដុំសាច់នៅក្នុងខួរក្បាល (brain tumor)
- ខ្វះឧស្ម័នអុកស៊ីសែន
- លើសសម្ពាធឈាមខ្លាំង
- ក្រឡាភ្លើង (eclampsia)
- អ្នកប្រមឹកដែលផ្តាច់ស្រា
- ពុលថ្នាំ រឺសារធាតុពុល
មូលហេតុទាំងអស់ដែលមិនមែនមកពីជំងឺឆ្កួតជ្រូក គឺតែងតែពិចារណានៅពេលដែលអ្នកជំងឺប្រកាច់។ ការប្រកាច់មិនមែនជាជំងឺឆ្កួតជ្រូកនីមួយៗខាងលើត្រូវការការស្វែងរកមូលហេតុនិងព្យាបាលជាក់លាក់។ ប្រសិនបើមូលហេតុទាំងអស់នេះមិនត្រូវបានរកឃើញនោះទើបយើងចាប់ ផ្តើមធ្វើរោគវិនិច្ឆ័យជាជំងឺឆ្កួតជ្រូក។