ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ
ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ (cerebral malaria) បញ្ហាខួរក្បាលបណ្ដាលមកពីជំងឺគ្រុនចាញ់ហើយតែងតែត្រូវបានគិតថាជាមូលហេតុមួយដែលធ្វើឲ្យភ្លឹកចំពោះបុគ្គលដែលត្រឡប់មកពីតំបន់គ្រុន ចាញ់។
មូលហេតុ
ជំងឺគ្រុនចាញ់អាចជាបញ្ហាមិនធ្ងន់ធ្ងរសម្រាប់មនុស្សមួយចំនួនដោយគ្រាន់តែមានអាការៈដូចជា ជំងឺផ្តាសាយធំតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនវាអាចវិវឌ្ឍន៍ទៅជាជំងឺធ្ងន់ធ្ងរ។ ផលវិបាកធ្ងន់ធ្ងរបំផុតរបស់ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ គឺនៅពេលដែលពពួកប៉ារ៉ាស៊ីតគ្រុនចាញ់បណ្ដាលអោយមានបញ្ហាខួរក្បាល។
ជំងឺគ្រុនចាញ់ គឺបង្កឡើងដោយ ពពួកប៉ារ៉ាស៊ីត (parasite) ដែលឆ្លងតាមរយៈមូសខាំ។ មានច្រើនប្រភេទនៃប៉ារ៉ាស៊ីតតែប្រភេទដែលបង្កជំងឺគ្រុនចាញ់ធ្ងន់ធ្ងរមានឈ្មោះថា Plasmodium falciparum។ ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរគឺកើតឡើងនៅពេលដែលប៉ារ៉ាស៊ីតនៅក្នុងឈាមទៅស្ទះនៅសរសៃឈាមបណ្តូរតូចៗដែលនៅក្នុងខួរក្បាល។
កត្តាប្រឈមមុខ
កត្តាប្រឈមមុខដែលងាយទទួលរងនូវជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ គឺកូនក្មេងរឺចាស់ជរា ស្រ្តីមានផ្ទៃពោះ កង្វះអាហារូបត្ថម្ភ រឺអ្នកជំងឺអេដស៍។
សញ្ញា និងរោគសញ្ញា
ការថយចុះនូវកម្រិតស្មារតីគឺជារោគសញ្ញាសំខាន់របស់ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរដែលអាចបណ្តាលអោយភ្លឹកបាន ដែលជាហេតុបណ្តាលអោយមានការខូចខាតខួរក្បាលជាអចិន្រ្តៃយ៍ រឺស្លាប់បាន។ អ្នកជំងឺគ្រុនចាញ់ទំនងជាមានប្រវត្តិ កៅ្តខ្លួន អស់កម្លាំង ឈឺសាច់ដុំ និងឈឺក្បាល។
ផលវិបាក
ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរអាចបណ្ដាលអោយ៖
- ខ្វះគ្រាប់ឈាមក្រហម (anemia) ដោយសារតែប៉ារ៉ាស៊ីតបានបំផ្លាញគ្រាប់ឈាមក្រហម
- វិបត្តិកំណកឈាម (coagulopathy)
- ការថយចុះនូវបរិមាណជាតិស្ករនៅក្នុងឈាម (hypoglycemia)
- ហើមសួត (pulmonary edema) និងពិបាកដកដង្ហើម
- ខូចនូវសរីរាង្គជាច្រើនដូចជា ខូចថ្លើម (ធ្វើអោយឡើងលឿង) និងខូចតំរងនោម (ធ្វើអោយនោមតិច)
- អាការៈប្រកាច់អាចកើតមានឡើង កន្រ្តាក់យ៉ាងខ្លាំងទៅលើអវៈយវៈជាមួយនិងការបាត់បង់ស្មារតី (tonic clonic seizure) រឺប្រកាច់ដែលតិចតួចដូចជាញាក់ដៃ រឺភ្នែកផ្ទួនៗគ្នា។
ការស្វែងរកមូលហេតុ
មានតេស្តដើម្បីធ្វើរោគវិនិច្ឆ័យរហ័សដែលអាចធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់ដោយគ្រាន់តែយកឈាមបន្តិចពីការចាក់ចុងម្រាមដៃ។ តេស្តនេះអាចធ្វើរោគវិនិច្ឆ័យបានលឿនសម្រាប់ជំងឺគ្រុនចាញ់ Plasmodium falciparum។
វិធីមួយទៀតដែលអាចធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់បានគឺបញ្ជូនឈាមទៅធ្វើការវិភាគនៅក្នុងមីក្រូទស្សន៍។ វិធីនេះមានប្រយោជន៍ដើម្បីកំណត់ពីប្រភេទផ្សេងគ្នារបស់ប៉ារ៉ាស៊ីតដែលបង្កជំងឺគ្រុនចាញ់ ហើយក៍អាចដឹងពីចំនួនប៉ារ៉ាស៊ីតផងដែរ។ គុណវិបត្តិគឺត្រូវការអ្នកជំនាញខាងមន្ទីរពិសោធន៍ទើបអាចអនុវត្តន៍បាន។
កម្រិតជាតិស្ករក្នុងឈាមត្រូវតែពិនិត្យអោយបានញឹកញាប់ព្រោះជំងឺគ្រុនចាញ់ធ្ងន់ធ្ងរអាច បណ្តាលអោយថយចុះនូវបរិមាណស្ករនៅក្នុងឈាម។
ធ្វើការពិនិត្យឈាមរួមមាន មុខងាររបស់តំរងនោម ថ្លើម និងកំណកឈាម។ គួរតែពិនិត្យមើលកម្រិតអេម៉ូក្លូប៊ីនផងដែរ។
ការព្យាបាល
ជំងឺគ្រុនចាញ់ Plasmodium falciparum ត្រូវធ្វើការព្យាបាលយ៉ាងគំហុកដោយសារតែជំងឺគ្រុនចាញ់ធ្ងន់ធ្ងរបង្កអោយមានអត្រាមរណៈខ្ពស់។
ការព្យាបាលរួមមាន ឱសថ Artemisinin (ដូចជា Artemether) ប្រើរួមជាមួយឱសថប្រឆាំងជំងឺគ្រុនចាញ់ដទៃទៀត។ ប្រសិនបើគ្មានឱសថនេះទេអាចអោយ Quinine តាមសរសៃដោយលាយចូលក្នុងសេរ៉ូម។ ទោះបីយ៉ាងណាក៍ដោយត្រូវធ្វើការថែទាំឲ្យបានដិតដល់នៅពេលផ្តល់ឱសថ Quinine ព្រោះអាចពុលនៅពេលដែលផ្តល់អោយច្រើនហើយផលអាក្រក់របស់វាគឺអាចបណ្តាលអោយមានបញ្ហាចង្វាក់បេះដូង (cardiac arrhythmias)។ ឱសថ Quinine គឺត្រូវបានផ្តល់អោយដោយផ្អែកទៅតាមទម្ងន់របស់អ្នកជំងឺ និងត្រូវពិនិត្យអោយបានហ្មត់ចត់។ ឱសថអាចប្តូរមកប្រើលេបនៅពេលដែលអ្នកជំងឺមានស្មារតីឡើងវិញ។
ចំពោះអ្នកជំងឺបាត់ស្មារតី សំខាន់ត្រូវរក្សាអោយផ្លូវខ្យល់បើកចំហរ និងផ្តល់អោយនូវឧស្ម័នអុកស៊ីសែនប្រសិនបើចាំបាច់។
ប្រសិនបើមានការថយចុះបរិមាណជាតិស្ករក្នុងឈាមនោះត្រូវធ្វើការព្យាបាល។ ទោះបីជាការបង្រ្គប់ជាតិស្ករនៅក្នុងឈាមឡើងវិញមិនបានធ្វើអោយមានកម្រិតស្មារតីប្រសើរឡើងវិញ ក៍ដោយ។ កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែពិនិត្យអោយបានហ្មត់ចត់ប្រសិនបើមានការប្រើប្រាស់ឱសថ Quinine ព្រោះឱសថនេះធ្វើអោយកម្រិតជាតិស្ករកាន់តែថយចុះ។
ប្រសិនបើមានការប្រកាច់នោះត្រូវតែព្យាបាលជាមួយឱសថ benzodiazepines (ដូចជា Diazepam) ហើយការផ្តល់អោយនូវឱសថឡើងវិញម្តងហើយម្តងទៀតអាចប្រព្រឹត្តទៅបានប្រសិនបើចាំបាច់។ ប្រសិនបើអាការៈប្រកាច់នៅតែបន្តនោះត្រូវប្រើឱសថប្រឆាំងការប្រកាច់ផ្សេងៗទៀតដូចជា ឱសថ Phenytoin រឺ Phenobarbitone។