ជំងឺរលាកលំពែង

ជំងឺរលាកលំពែងគឺ ជាការរលាកនៃលំពែង។ ជំងឺរលាកលំពែងស្រួចស្រាល់ ចាប់ផ្តើមកើតឡើងភ្លាមៗ និង រយៈពេលខ្លី។ ជំងឺរលាកលំពែងរ៉ាំរ៉ៃ កើតឡើងបន្ទាប់ពី មានការរលាក ម្តងហើយម្តងទៀតរាប់ឆ្នាំ ដែលបណ្តាលឱ្យមាន ការខូចខាតដល់ លំពែងជារៀងរហូត។ 

5- digestive kh 7-1

ជំងឺរលាកលំពែងស្រួចស្រាល់ (acute pancreatitis)
ជំងឺរលាកលំពែងស្រួចស្រាល់ កើតឡើងភ្លាមៗ ហើយជាធម្មតាវាបាត់ទៅវិញ ក្នុងកំឡុងពេល ពី​១ទៅ២សប្តាហ៍។  

មូលហេតុ 
ជំងឺរលាកលំពែងស្រួចស្រាល់​ ភាគច្រើនបណ្តាលមកពី គ្រួសក្នុងប្រម៉ាត់​ (gallstone) ឬ អ្នកសេព​គ្រឿងស្រវឹង​ច្រើន ។ 
ជំងឺរលាកលំពែងបណ្តាលមកពីគ្រួសក្នុងប្រម៉ាត់៖ អង់ស៊ីមរំលាយអាហារដែលផលិត នៅក្នុង​លំពែង​ជាធម្មតា ហូរតាមបំពង់លំពែង ហើយចូលទៅក្នុងដើមពោះវៀនតូច (ផ្នែកដំបូងនៃពោះ​វៀន​តូច)។ យ៉ាងណាមិញគ្រាប់គ្រួសដែលបានបង្កើតនៅក្នុង ទងប្រម៉ាត់អាចហូរចុះមកក្រោម​​ ហើយធ្វើឱ្យ​ស្ទះ​​បំពង់​លំពែង ប្រការនេះធ្វើឱ្យអង់ស៊ីមរំលាយអាហារ ប្រមូលផ្តុំនៅក្នុងលំពែង ហើយ​​ធ្វើ​​ឱ្យខូច​លំពែង ​ដែលបណ្តាលឱ្យរលាកស្រួចស្រាល់។ 

5- digestive kh 7-2

សារជាតិអាល់កុលជម្រុញឱ្យរលាកលំពែង៖ ទម្លាប់សេពគ្រឿងស្រវឹងច្រើន ហួសកម្រិតអាច​បណ្តាល​ឱ្យមានជំងឺរលាកលំពែងស្រួចស្រាល់។ មិនមានការពន្យល់ច្បាស់លាស់ ពីមូលហេតុដែលជាតិអាល់កុលបណ្តាលឱ្យ រលាកលំពែងនោះទេ ប៉ុន្តែវាទំនងជាថា សារធាតុពុលនៅក្នុង អេតាណុល បណ្តាលឱ្យខូចខាតដល់កោសិកាលំពែង។


មូលហេតុដទៃទៀត ដែលបណ្តាលឱ្យកើតមានជំងឺរលាកលំពែងស្រួចស្រាល់ រួមមានការប៉ះទង្គិចថ្នាំមួយចំនួន និង ការរងរបួសដោយចៃដន្យ ដល់លំពែងក្នុងកំឡុងពេលវះកាត់ ដើម្បីយកគ្រួសក្នុងថង់ទឹកប្រមាត់ចេញ។

សញ្ញា និងរោគសញ្ញា 
រោគសញ្ញាដែលគេជួបញឹកញាប់ជាងគេ ចុកពោះភ្លាមៗ ហើយចុកនៅផ្នែកខាងលើ (ចុងដង្ហើម) ប៉ុន្តែ អាចឈឺពេញពោះផងដែរ។ ការឈឺចាប់ជាញឹកញាប់ត្រូវបាន គេពិពណ៌នាថាឈឺចុកណែន ហើយ ជួនកាលចាក់ទៅខ្នង។ ការឈឺចាប់អាចកាត់​បន្ថយ ​ក្នុងស្ថានភាពឱនទៅមុខ ឬ អង្គុយអោប​ជង្គង់ (អង្គុយអោនទៅមុខ)​ ហើយដេកផ្ងាអាចធ្វើឱ្យ ការឈឺចុកចាប់កាន់តែខ្លាំង។ អាចមានសញ្ញាផ្សេងៗទៀតដូចជា ក្តៅខ្លួន រាក ចង្អោរ និងក្អួត។

ការអង្កេត
ការពិនិត្យរាងកាយ ជាពិសេសនៅត្រង់តំបន់ពោះ ប៉ះទៅឈឺ និងរឹង (រឹងដូចក្តា)។
ការពិនិត្យឈាម រួមមាន អាមីឡាស (amylase) និង លីប៉ាស (lipase) ដែលជាអង់ស៊ីម ផលិត​​ចេញពីលំពែង។ 
ក្នុងកំឡុងពេល ដែលមានរលាកលំពែង កម្រិតសេរ៉ូមអាមីឡាស និង លីប៉ាស នឹងមានការ​កើន​ឡើង។ កម្រិតនៃការកើនឡើង នៃសេរ៉ូមទាំងពីរនេះ មិនអាចជួយកំណត់ ថាតើអ្នកជំងឺមាន​ស្ថានភាព ស្រាល មធ្យម ឬ ធ្ងន់​ឡើយ។ កម្រិតសេរ៉ូម អាមីឡាស និង លីប៉ាស មាន​សារៈ​សំខាន់ក្នុងការជួយធ្វើរោគវិនិច្ឆ័យ តែទោះជាយ៉ាងណាក៏ដោយ ចូរចាំថាវាក៏អាចកើនឡើង ចំពោះ​លក្ខខណ្ឌ​ផ្សេងៗទៀតផងដែរ ដូច្នេះ​ហើយ ចាំបាច់ត្រូវ​ សួរប្រវត្តគ្លីនិកឱ្យបានគ្រប់ជ្រុង ជ្រោយ។ 
ការធ្វើរោគវិនិច្ឆ័យដោយរូបភាពវេជ្ជសាស្ត្រ មិនសូវចាំបាច់ក្នុងការស្វែងរករោគវិនិច្ឆ័យឡើយ ប៉ុន្តែ​អាច​មានប្រយោជន៍ក្នុងការ ជួយកំណត់មូលហេតុនៃជំងឺ និង អាចរកមើលពីផលវិបាក​របស់វា។  ឧទាហរណ៍ រូបភាពវេជ្ជសាស្ត្រមួយចំនួនដូចជា ថតកាំរស្មី-X នៅពោះ ឆ្លុះអេកូ ឬថតដោយ CT ស្កែន។ រូបភាពវេជ្ជសាស្ត្រកម្រិតខ្ពស់រួមមាន ឧបករណ៍ឆ្លុះចូលដល់ក្នុងទង បំពង់លំពែង (endoscopic retrograde cholangiopancreatography- ERCP)​ និង ការថតដោយប្រើរលក​ម៉ា​ញ៉េទិក​ មើល​ដល់ទង​បំពង់លំពែង (magnetic resonance cholangiopancreatography-MRCP) ជម្រើសរូបភាពទាំង​នោះ អាស្រ័យទៅលើព័ត៌មាន បន្ថែមផ្សេងៗទៀត ពីអ្នកជំងឺផងដែរ។ 
គួរតែធ្វើតេស្តរកមើលពីការមានគភ៌ គ្រប់ស្ត្រីទាំងអស់ក្នុងវ័យបន្តពូជផងដែរ ក្នុងករណីធ្វើ​ការអង្កេត​ទៅលើ ការចុកពោះ​ក្នុងក្រុមអាយុនេះ។

ការព្យាបាល 
ការព្យាបាលអាស្រ័យទៅលើកម្រិតធ្ងន់ធ្ងរនៃជំងឺ ប្រសិនបើនៅក្នុងកម្រិតស្រាល ជាធម្មតាបាត់​ទៅ​វិញបន្ទាប់ពី ២ទៅ៣ថ្ងៃដោយគ្រាន់តែសម្រាកតែប៉ុណ្ណោះ។ ករណីមធ្យម តម្រូវឱ្យសម្រាក​ពេទ្យ​រយៈ​ពេល ពីរ បីយប់ ហើយអាចបាត់ទៅវិញក្នុងកំឡុងពេល១ ឬ ២សប្តាហ៍ក្រោយ។ ករណី​ធ្ងន់ធ្ងរ អាចមានការប្រឈម នឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូច្នេះហើយតម្រូវដាក់ ឱ្យសម្រាកនៅ​ផ្នែកសង្គ្រោះជំងឺធ្ងន់។ 

ក្នុងករណីពីកម្រិតមធ្យម ទៅធ្ងន់ អាចតម្រូវឱ្យព្យាបាលដូចខាងក្រោមនេះ៖ 
ចាក់សេរ៉ូមបង្គ្រប់ជាតិទឹក ពីព្រោះថារលាកលំពែងស្រួចស្រាល់ អាចទាញទឹកចេញពី​សរសៃ​ឈាម ​​​​(សរសៃឈាម)​ ទៅក្នុងចន្លោះកោសិកា ​ដូច្នេះហើយជាដំបូងត្រូវបញ្ចូលជាតិទឹកឱ្យបាន​ច្រើន​​។ 
ការរំលាយអាហារ អាចធ្វើឱ្យលំពែងប្រឹងធ្វើការ ដូច្នេះអ្នកជំងឺគួរតែអត់ញាំអាហារតាមមាត់ (NBM) ​សិន ដើម្បីឱ្យលំពែងបានសម្រាក។ ការបង្គ្រប់ជាតិទឹកសមស្រប អាចជួយរក្សាជាតិទឹក នៅ​ក្នុង​សរសៃឈាមបានគ្រប់គ្រាន់។ 
ក្នុងករណីធ្ងន់ធ្ងរដែល ពន្យាក្នុងការអត់អាហារតាមមាត់ (NBM) តម្រូវឱ្យដាក់សុងតាម ច្រមុះរហូត ដល់​ដើម​ពោះវៀនតូច ដើម្បីផ្តល់ចំណីអាហារឱ្យ ដល់ពោះវៀនតូចតែម្តង។ 
ចុកពោះត្រូវតែគ្រប់គ្រង ដោយប្រើថ្នាំបំបាត់ការឈឺចាប់ ជារឿយៗគេប្រើថ្នាំដែលមាន សារធាតុ​អាភៀនខ្លាំង ដូចជាពពួក morphine។ 
មិនតម្រូវឱ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិក ចាក់តាមសរសៃឡើយ លើកលែងតែសង្ស័យថា មានការបង្ក រោគ។ 
វាមានសារៈសំខាន់ផងដែរ ក្នុងការកំណត់ពីមូលហេតុ ឱ្យបានច្បាស់លាស់ និង ព្យាបាលទៅ តាម​មូល​ហេតុ​នោះ ឧទាហរណ៍ដូចជាការវះកាត់យកគ្រាប់គ្រួស ក្នុងទងប្រម៉ាត់ចេញ ឬ កាត់បន្ថយការ​សេពគ្រឿងស្រវឹង។ 

ផលវិបាក 
មនុស្សភាគច្រើន ដែលកើតជំងឺរលាកលំពែងស្រួចស្រាល់ មានការជាសះស្បើយពេញលេញ តែទោះយ៉ាងណាក៏ដោយ មនុស្សខ្លះអាចវិវត្ត ទៅជាផលវិបាកធ្ងន់ធ្ងរ។​
ជំងឺក្រិនលំពែង (necrotizing pancreatitis) គឺជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ ដែលជាលិការបស់​លំពែង​មួយចំនួន ត្រូវបានងាប់(ក្រិន)។ ការក្រិនជាលិកា អាចបណ្តាល​ឱ្យមានការឆ្លងរោគ​យ៉ាងងាយ ប្រការ​នេះគឺ ជារឿងបន្ទាន់មួយ ដោយសារការបង្ករោគ អាចរាលដាលដល់ក្នុងឈាម ដែលអាចឱ្យមាន សិបស៊ីស (sepsis) និង សរីរាងផ្សេងៗទៀតចុះខ្សោយ។ ដូច្នេះហើយត្រូវតែផ្តល់ថ្នាំ​ អង់ទីប៊ីយ៉ូទិក​​តាមសរសៃ និង វះកាត់យកជាលិកាដែលងាប់ ចេញជាបន្ទាន់។ 
គ្រប់ករណីដែលមាន រលាកលំពែងស្រួចស្រាល់ធ្ងន់ធ្ងរ ត្រូវតែដាក់ឱ្យសម្រាកពេទ្យនៅ ផ្នែក​សង្គ្រោះ​ជំងឺធ្ងន់ ដើម្បីធ្វើការតាមដាន ឱ្យបានដិតដល់បំផុត ពីព្រោះថាវាអាចបង្កគ្រោះថ្នាក់ ដល់​អាយុជីវិត។ 

ជំងឺរលាកលំពែងរ៉ាំរ៉ៃ (chronic pancreatitis)
រលាកលំពែង ម្តងហើយម្តងទៀត ក្នុងរយៈពេលច្រើនឆ្នាំ នឹងនាំឱ្យមានជំងឺរលាកលំពែងរ៉ាំរ៉ៃ។ នៅក្នុងជំងឺ រលាកលំពែងរ៉ាំរ៉ៃ ធ្វើឱ្យលំពែងខូតខាត ជាលំដាប់បន្តិចម្តងៗ និងជារៀងរហូត។ 

មូលហេតុ
ការសេពគ្រឿងស្រវឹងរ៉ាំរ៉ៃ គឺជាមូលហេតុចម្បងបំផុត នៃជំងឺរលាកលំពែងរ៉ាំរ៉ៃ។ ទម្លាប់ និងការសេព​គ្រឿងស្រវឹងច្រើនពេក អាចបណ្តាលឱ្យកើតមាន ជំងឺរលាកលំពែងស្រួចស្រាល់ ម្តង​ហើយ​ម្តង​ទៀតជាច្រើនឆ្នាំ។ នៅទីបំផុត ប្រការនេះបណ្តាល ឱ្យខូចខាតជាលិកាលំពែងបន្តិចម្តងៗ ដែលមិនអាច ​ត្រឡប់ដូចដើមវិញបាន។ 
មានប្រមាណតែ ៥%ប៉ុណ្ណោះនៃមនុស្ស ដែលសេពគ្រឿងស្រវឹងច្រើន វិវត្តទៅជាជំងឺរលាក​លំពែង​រ៉ាំរ៉ៃ ដូច្នេះវាទំនង​ជាមាន​ កត្តាផ្សេងៗទៀតដូចជា កត្តាដំណពូជ ដែលធ្វើឱ្យមនុស្សមួយចំនួន ដែលមានជាតិអាល់កុលងាយ នឹងកើតមានជំងឺរលាកលំពែងរ៉ាំរ៉ៃ ជាងអ្នកដទៃទៀត។
ជំងឺរលាកលំពែងរ៉ាំរ៉ៃ ក៏អាចកើតលើមនុស្ស ដែលមិនសេពគ្រឿងស្រវឹងផងដែរ នៅក្នុងជំពូកមនុស្សទាំងនេះ ជារឿយៗមូលហេតុមិនត្រូវបាន គេដឹងឡើយ ហើយត្រូវបាន​គេហៅ​ថា ជំងឺរលាក​លំពែងរ៉ាំរ៉ៃ ដែលមិនដឹងមូលហេតុ (idiopathic chronic pancreatitis)។ 
មានករណីកម្រខ្លះ ដែលជំងឺរលាកលំពែងរ៉ាំរ៉ៃ អាចបណ្តាលមកពីលក្ខខណ្ឌផ្សេងៗទៀត ដូចជា ជំងឺ​ដុំទឹក (cystic fibrosis) និង ជំងឺប្រឆាំងភាពស៊ាំដោយស្វ័យប្រវត្ត​​ (autoimmune pancreatitis)។

សញ្ញា និងរោគសញ្ញា 
រោគសញ្ញាដែលគេឃើញញឹកញាប់បំផុត នៃជំងឺរលាកលំពែងរ៉ាំរ៉ៃ គឺចុកពោះ។ អ្នកជំងឺភាគច្រើនជួបប្រទះ បញ្ហានេះដូចជា ចុកបាត់ៗ នៅចន្លោះពេលមួយ ដែលមិនអាច កំណត់ទុកមុនបាន។ អ្នកជំងឺមួយចំនួនតូច អាចនឹងមានចុក ជាប់រហូត។ 
ស្រកគីឡូ ជាពិសេស នៅពេលដែលការឈឺចុកចាប់ខ្លាំង ធ្វើឱ្យមិនចង់ញាំអាហារ 
នៅពេលដែលលំពែង កាន់តែខូចខាតធ្ងន់ធ្ងរ ហើយរីករាលដាលខ្លាំង ពេលនោះកោសិកាលំពែងក៏ នឹងមិនដំណើរការដែរ ដូចនេះអាចបណ្តាល ឱ្យចុះខ្សោយមុខងារ អ៊ិចស៊ូគ្រីន (exocrine) និង អង់ដូគ្រីន​ (endocrine)។
ប្រសិនបើកោសិកា អ៊ិចស៊ូគ្រីនខូច អាចបណ្តាល ឱ្យមានវិបត្តនៃការបឺតស្រូប។ ជាធម្មតាលំពែង​ដែល​មាន​សុខភាព​ល្អ​​ ផលិតអង់ស៊ីមរំលាយអាហារ ដែលអាចមាន លទ្ធភាពរំលាយខ្លាញ់ ពីអាហារនៅក្នុងពោះវៀនតូច តែលំពែងដែលខូច មានលទ្ធភាពផលិតអង់ស៊ីម រំលាយអាហារបានតិច ប្រសិនបើអង់ស៊ីមរំលាយអាហារ ផលិតតិចពេក នោះខ្លាញ់ នឹងមិនត្រូវបានបំបែក និងស្រូបយកបានគ្រប់គ្រាន់ទេ ហើយផ្ទុយទៅវិញ វានឹងត្រូវបានបញ្ចេញ ទៅក្នុងលាមក ក្នុងករណីនេះត្រូវបានគេហៅថា លាមកលាយខ្លាញ់ (steatorrhea)។ លាមកមើលទៅមានខ្លាញ់ អណ្តែតៗ ​និងមានក្លិនស្អុយ។
ប្រសិនបើកោសិកា អង់ដូគ្រីន ខូចអាចបណ្តាល ឱ្យមានជំងឺទឹកនោមផ្អែម។ ជាធម្មតាលំពែងដែលមានសុខភាពល្អ ផលិតអាំងស៊ុយលីន ហើយបញ្ចេញដើម្បី គ្រប់គ្រងកម្រិតជាតិស្ករ ក្នុង​  ឈាម តែលំពែងដែលខូច អាចផលិតអាំងស៊ុយលីនបានតិច ប្រសិនបើអាំងស៊ុយលីន ផលិតមិនគ្រប់គ្រាន់ទេនោះ កម្រិតជាតិស្ករក្នុងឈាម នឹងកើនឡើង។
លាមកលាយខ្លាញ់ និង ជំងឺទឹកនោមផ្អែម កើតឡើងនៅដំណាក់កាល ចុងក្រោយនៃជំងឺ ហើយកើតឡើងតែនៅ ក្នុងករណីកោសិកាខូចខាតទាំងស្រុង ដែលមិនអាចវិលមករកសភាពដើមវិញ​បាន តែប៉ុណ្ណោះ។ 

ការអង្កេត
ការធ្វើតេស្តឈាម អាចបង្ហាញពីកម្រិត អាមីឡាស និង លីប៉ាស កើនឡើងបន្តិច មិនដូចនៅក្នុងជំងឺ ​រលាកលំពែងស្រួចស្រាល់ ដែលកើនឡើងខ្ពស់នោះទេ។ នៅដំណាក់កាលចុងក្រោយ នៃជំងឺនេះសេរ៉ូម អាមីឡាស និង លីប៉ាស អាចស្ថិតនៅក្នុង កម្រិតធម្មតាវិញ ព្រោះកោសិកាលំពែង មិនដំណើរការបានល្អ ដូច្នេះហើយមិនអាច ផលិតអង់ស៊ីមទាំងនេះបានទេ។
ការសិក្សាតាមរូបភាព ដូចជាការស្កេនពោះ អាចជួយធ្វើរោគវិនិច្ឆ័យបាន។ លំពែងដែលខូចខាតរ៉ាំរ៉ៃ ជារឿយៗមានលក្ខណៈពិសេស ដែលអាចមើលឃើញនៅលើ CT ស្កែន។ 

ការព្យាបាល 
ការព្យាបាលផ្តោតទៅលើ ការកាត់បន្ថយ សញ្ញា និង រោគសញ្ញា 
ចុកពោះរ៉ាំរ៉ៃអាចបណ្តាលឱ្យ ស្ថានភាពរាងកាយ​ចុះខ្សោយ ​​ដូច្នេះហើយ​ការគ្រប់គ្រង សភាពឈឺចុកចាប់គឺជាផ្នែកដ៏សំខាន់មួយ នៃការព្យាបាល។ ថ្នាំបំបាត់ការឈឺចុកចាប់ផ្សេងៗ អាចត្រូវបានផ្សំ តែទោះ​ជាយ៉ាង​​ណាក៏​ដោយ វាជាការសំខាន់ ដែលត្រូវចងចាំពីហានិភ័យ នៃសារធាតុអាភៀន ជាមួយ នឹងការប្រើប្រាស់រយៈ​ពេលយូរ។ 
ប្រសិនបើមាន លាមកលាយខ្លាញ់ ត្រូវគ្រប់គ្រងដោយរបបអាហារ ដែលមានជាតិខ្លាញ់ទាប និង ថ្នាំដែល​ជួយ​បំពេញ​បន្ថែម​អង់ស៊ីមលំពែង។ ថ្នាំដែល​ជួយ​បំពេញ​បន្ថែម ​អង់ស៊ីមលំពែង គឺជាប្រភេទថ្នាំ ដែលគេប្រើ ដើម្បីជំនួសអង់ស៊ីមរំលាយអាហារ ដែលជាធម្មតាលំពែងផលិត ជាប់ជាប្រចាំ។ ថ្នាំនេះត្រូវបានគេប្រើ មុនពេលញ៉ាំអាហារ ដើម្បីជួយសម្រួលដល់ ការរំលាយអាហារ។
ប្រសិនបើមាន ជំងឺទឹកនោមផ្អែម ត្រូវគ្រប់គ្រងជាតិស្ករ ក្នុងឈាមដោយប្រើថ្នាំ បញ្ចុះជាតិស្ករ តាមមាត់ និង ថ្នាំអាំងស៊ុយលីន ចាក់ ហើយត្រូវតាមដានជាតិស្ករ ក្នុងឈាម ឱ្យបានទៀតទាត់។ 
ការជក់បារី អាចជួយ​ពន្លឿន​ការវិវត្ត​ នៃជំងឺរលាកលំពែងរ៉ាំរ៉ៃ ដូច្នេះបញ្ឈប់ការជក់បារី ត្រូវបានគេណែនាំ យ៉ាងតឹងរឹង។  
វាក៏ជាការសំខាន់ផងដែរ ក្នុងការកំណត់ និង ព្យាបាល ទៅតាមមូលហេតុ នៃជំងឺរលាកលំពែងរ៉ាំរ៉ៃ ឧទាហរណ៍ ​​ការគាំទ្រជាមួយ នឹងការបញ្ឈប់ សេពគ្រឿងស្រវឹង។