រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន (gastroenteritis) គឺជាការបង្ករោគនៅប្រព័ន្ធរំលាយអាហារដែលបណ្តាលអោយមានការរលាកនៅស្រទាប់ខាងក្នុងរបស់ក្រពះ និងពោះវៀន។ រលាកក្រពះ ពោះវៀន គឺជាជំងឹមួយដែលមិនល្អនោះទេ ប៉ុន្តែវាញឹកញាប់បាត់ដោយខ្លួនឯងវិញក្នុងរយៈពេលពីរ បីថ្ងៃ ចំពោះមនុស្សពេញវ័យភាគច្រើន។ ទោះបីជាយ៉ាងណាក៏ដោយបុគ្គលមួយចំនួនអាចប្រឈមខ្ពស់ទៅនឹងការបាត់បង់ជាតិទឹកយ៉ាងធ្ងន់ធ្ងរ។
មូលហេតុ
រលាកក្រពះ ពោះវៀនជាធម្មតាបង្កឡើងដោយសារវឺរុស ប៉ុន្តែវាអាចបង្កដោយសារបាក់តេរី រីប៉ារ៉ាស៊ីត។ ពពួកមេរោគទាំងនេះចូលទៅប្រព័ន្ធរំលាយអាហារតាមមាត់ ធម្មតាមាននៅក្នុងចំណីអាហារ រឺទឹកដែលកខ្វក់ រឺក៏អាចឆ្លងមកពីបុគ្គលដែលមានជំងឺរលាកក្រពះពោះវៀន។
សញ្ញា និងរោគសញ្ញា
រលាកក្រពះ ពោះវៀន បង្កអោយមានការរាករូស ចង្អោរ និងក្អួត ចុកពោះ។ ពោះញឹកញាប់ឈឺនៅពេលស្ទាប ហើយពេលខ្លះអាចមានគ្រុនក្តៅផងដែរ។ ជាធម្មតារោគសញ្ញាទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេល ៤៨ ទៅ ៧២ម៉ោង។
ការស្វែងរកមួលហេតុ
ធម្មតាមិនទាមទារអោយមានការស្វែងរកមូលហេតុនោះទេ។ រោគវិនិច្ឆ័យត្រូវបានធ្វើឡើងតាមរយៈការសួរពីប្រវត្តិជំងឺ និងពិនិត្យរាងកាយអោយបានម៉ត់ចត់។
ក្នុងករណីធ្ងន់ធ្ងរអាចទាមទារអោយមានការពិនិត្យឈាម។ អាចបញ្ជូនលាមកទៅកាន់មន្ទីរពិសោធដើម្បីធ្វើការវិភាគប្រសិនបើអាច។
ការព្យាបាល
ការព្យាបាលគឺអាស្រ័យទៅលើមួលហេតុ។ រលាកក្រពះ ពោះវៀន ដែលបង្កដោយវឺរុស គឺព្យាបាលដោយផ្តល់អោយនូវទឹក និងអេឡិចត្រូឡាយ។ ចំពោះរលាកក្រពះ ពោះវៀន ដែលបង្កដោយបាក់តេរីគឺត្រូវការអង់ទីបីយ៉ូទិកផងដែរ។
រលាកក្រពះ ពោះវៀនដែលមិនធ្ងន់ធ្ងរអាចព្យាបាលនៅផ្ទះក៏បាន ដោយមិនចាំបាច់មកកាន់មន្ទីរពេទ្យនោះទេ។ អ្នកជំងឺគួរតែទទូលទានទឹកអោយបានគ្រប់គ្រាន់ដើម្បីបំពេញនូវជាតិទឹកដែលបាត់បង់។ អេឡិចត្រូឡាយដែលបានបាត់បង់គួរតែបំពេញវិញដោយបន្ថែមអំបិលនិងស្ករនៅក្នុងទឹក រឺក៏ទិញភេសជ្ជៈសំរាប់អ្នកកីឡាញុំា រឺប្រើទឹកអូរ៉ាលីត។ ឱសថសំរាប់ ចង្អោរ និងក្អួតអាចប្រើបាន។ ឱសថទប់កុំអោយរាគធម្មតាគឺមិនចាំបាច់នោះទេ។
ករណីរលាកកក្រពះ ពោះវៀនដែលធ្ងន់ធ្ងរគឺត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយនិងការផ្តល់អោយនូវសេរ៉ូមតាមសរសៃវែន។ អ្នកជំងឺដែលប្រឈមខ្លាំងទៅនឹងគ្រោះថ្នាក់ គឺអ្នកដែលក្មេងពេក រឺចាស់ពេក និងអ្នកដែលមានជំងឺប្រចាំកាយ ដោយសារបុគ្គលទាំងនេះអាចបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សដែលបណ្តាលអោយសរីរាង្គជាច្រើនត្រូវខូច។
ករណីភាគច្រើននៃរលាកក្រពះ ពោះវៀន គឺងាយចម្លងពីមនុស្សម្នាក់ទៀតដោយឆ្លងពីមេរោគនៅក្នុងលាមករបស់អ្នកជំងឺចូលទៅក្នុងមាត់។ មេរោគអាចបញ្ជូនពីអ្នកជំងឺនៅពេលប៉ះដៃ រឺប្រើឧបករណ៍រួមគ្នា។ ហេតុដូច្នេះហើយទើបស្រោមដៃនិងឧបករណ៍ការពារដទៃទៀតត្រូវប្រើចំពោះអ្នកកំដរអ្នកជំងឺហើយត្រូវលាងដៃអោយបានស្អាតល្អគឺសំខាន់។