ទិដ្ឋភាពទូទៅរបស់ប្រព័ន្ធរំលាយអាហារ

មុខងារសំខាន់របស់ប្រព័ន្ធរំលាយអាហារគឺដើម្បីបំបែកចំណីអាហារ និងអោយសារធាតុចិញ្ចឹមអាចស្រូបចូលទៅក្នុងចរន្តឈាមបាន។

5- digestive kh 1-1

ប្រព័ន្ធរំលាយអាហារចាប់ផ្តើមពីមាត់ជាកន្លែងដែលអាហារត្រូវបានទំពារដោយធ្មេញដើម្បីបំបែកជាចំណែកតូចៗ។ ទឹកមាត់ជួយផ្សើមអាហារដើម្បីសំរួលដល់ការលេប។ នៅពេលដែលអាហារត្រូវបានលេបហើយនោះ វាក៏ធ្លាក់ចុះក្រោមតាមរយៈបំពង់អាហារ (esophagus) ទៅដល់ក្រពះ (stomach)។

សាច់ដុំក្រពះកកូរនិងលាយអាហារជាមួយអាស៊ីត នឹងអង់ស៊ីមដើម្បីបំបែកវាអោយកាន់តែតូចៗថែមទៀតរហូតដល់ចំណីអាហារនោះក្លាយទៅជាសារធាតុរាវដែលខាប់។ បន្ទាប់មកវាក៏ធ្វើដំនើរទៅកាន់ ពោះវៀនតូច (small intestine)។ នៅក្នុងពោះវៀនតូច សារធាតុចិញ្ចឹមមួយចំនួន (ទឹកផងដែរ) អាចឆ្លងកាត់ជញ្ជាំងរបស់ពោះវៀនតូចចូលទៅក្នុងចរន្តឈាមដើម្បីចែកចាយទៅកាន់រាងកាយ។

អាហារនិងទឹកដែលនៅសល់បន្តដំនើរទៅកាន់ពោះវៀនធំ​ (large intestine)។ នៅក្នុងដំណាក់កាលនេះសារធាតុចិញ្ចឹមមួយចំនួនធំត្រូវបានស្រូបរួចរាល់ហើយ។ មុខងារសំខាន់របស់ពោះវៀនធំគឺស្រូបយកទឹកដែលនៅសេសសល់។

សារធាតុដែលនៅសល់ (លាមក) ត្រូវធ្វើដំនើរទៅកាន់ថង់លាមក (rectum) និងស្តុកទុកនៅទីនោះ។ លាមកបញ្ចេញពីរាងកាយតាមរយៈរន្ធគូទ (anus)។

សរីរាង្គបន្ទាប់បន្សំរបស់ប្រដាប់រំលាយអាហារ

សរីរាង្គផ្សេងទៀតដែលជួយក្នុងការរំលាយអាហាររួមមាន៖

ថ្លើម (liver) បញ្ចេញនូវរសរំលាយអាហារហៅថាទឹកប្រមាត់ (bile) ចូលទៅក្នុងពោះវៀនតូចរឺទៅក្នុងថង់ទឹកប្រមាត់ដើម្បីរក្សាទុក។ 

ថង់ទឹកប្រមាត់ (gall bladder) រក្សាទុកនូវទឹកប្រមាត់បន្ទាប់មកបញ្ចេញទៅក្នុងពោះវៀនតូចនៅពេលដែលត្រូវការ។

លំពែង (pancreas) បញ្ចេញនូវរសរំលាយអាហារនិងអង់ស៊ីមរំលាយអាហារទៅក្នុងពោះវៀនតូច។