ទិដ្ឋភាពទូទៅនៃប្រពន្ធ័សរសៃឈាមបេះដូង
ប្រព័ន្ធសរសៃឈាមបេះដូងរួមមានបេះដូង និងសរសៃឈាម។ សរសៃឈាមទាំងនោះមានច្រើនប្រភេទខុសៗគ្នា។
- សរសៃអាទែ (artery) សំរាប់ដឹកនាំឈាមពីបេះដូងទៅកាន់ជាលិកា និងសរីរាង្គផ្សេងៗ។ គ្រប់ពេលដែលបេះដូងកន្រ្តាក់ ឈាមត្រូវបានបញ្ជូនទៅកាន់សរសៃអាកទែ រួចដឹកនាំទៅកាន់ខ្លួនប្រាណទាំងមូល។ ប្រសិនបើយើងស្ទាបទៅលើសរសៃអាកទែ នោះយើងនឹងមានអារម្មណ៍ថា ជីពចរលោតគ្រប់ពេលដែលបេះដូងកន្រ្តាក់។
- សរសៃអាកទែតូចៗ (arteriole) វាភ្ជាប់សរសៃអាកទែទៅនឹងសរសៃបណ្តូរឧស្ម័ន (capillaries)។
- សរសៃបណ្តូរឧស្ម័ន (capillaries) គឺជាចំនួនសរសៃឈាមតូចៗជាច្រើនដែលមាននៅក្នុងជាលិកា។ សរសៃបណ្តូរឧស្ម័នមានកំរាស់ស្តើង ដែលអាចអនុញ្ញាតិអោយមានការផ្លាស់ប្តូរសារធាតុផ្សេងៗរវាងឈាម (នៅក្នុងសរសៃបណ្តូរឧស្ម័ន) និងកោសិកាដែលមាននៅក្នុង ជាលិកា។ សារធាតុដែលត្រូវបានផ្លាស់ប្តូរមានដូចជា ឧស្ម័នអុកស៊ីសែន សារធាតុចិញ្ចឹម និងកាកសំណល់ផ្សេងៗ។
- សរសៃវ៉ែនតូចៗ (venule) វាភ្ជាប់សរសៃបណ្តូរឧស្ម័នទៅនឹងសរសៃវ៉ែន (vein)។
- សរសៃវ៉ែន (vein) សំរាប់ដឹកនាំឈាមដែលត្រលប់ពីជាលិកាទៅកាន់បេះដូងវិញ។ យើងមិនអាចស្ទាបដឹងពីជីពចរនៅលើសរសៃវ៉ែនទេ ដោយសារសម្ពាធនៃជីពចរត្រូវបានបន្សាយចូលទៅក្នុងប្រពន្ធ័នៃសរសៃបណ្តូរឧស្ម័ន។ សរសៃវ៉ែនមានសន្ទះបិទបើក សំរាប់រក្សាការលំហូរឈាមអោយស្ថិតក្នុងទិសដៅតែមួយ។ សន្ទះបិទបើកទាំងនោះអនុញាតិអោយ ឈាមឆ្លងកាត់បានប៉ុនែ្តវាការពារមិនអោយឈាមហូរត្រឡប់មកក្រោយវិញទេ។ នៅក្នុងទិសដៅនេះគឺឈាមត្រូវបានដឹកនាំទៅកាន់បេះដូង។
កាយវិភាគវិទ្យារបស់បេះដូង
នៅក្នុងបេះដូងមាន ៤ ថតៈ ថតលើ (atrium) មានឆ្វេងនិងស្តាំ និងថតក្រោម (ventricle) ក៏មានឆ្វេងនិងស្តាំដែរ។ ថតនិមួយៗមានសន្ទះបិទបើក ដែលអនុញ្ញាតិអោយមានឈាមហូរឆ្លងកាត់បាន ក៏ប៉ុនែ្តវាការពារមិនអោយមានឈាមហូរត្រឡប់មកក្រោយវិញទេ។ នៅផ្នែកខាងឆ្វេងនៃបេះដូង មានសន្ទះបិទបើក ២ ដែលមានឈ្មោះថា ប្រឺសមីត្រាល់ (mitral valve) និងប្រឺសអាអក (aortic valve) ចំណែកនៅខាងស្តាំនៃបេះដូងវិញមានសន្ទះបិទបើក២ដែរ ដែលមានឈ្មោះថាប្រឺសទ្រីគីស្ពីត (tricupid valve) និងប្រឺសសួត (pulmonary valve)។
វដ្តនៃបេះដូង
វដ្តនៃបេះដូងចាប់ផ្តើមនៅពេលដែលថតទាំងបួនរបស់បេះដូងសម្រាក។ ឈាមហូរចូលក្នុងថតលើនៃបេះដូងហើយហូរចូលទៅថតក្រោមនៃបេះដូង។ បន្ទាប់មកទៀត គឺការកន្រ្តាក់របស់ថតលើធ្វើអោយឈាមដែលនៅសល់ពីថតលើនោះហូរចូលថតក្រោមបន្ថែមទៀត។ បន្ទាប់មកទៀតថតក្រោមកន្រ្តាក់រួចឈាមច្របាច់ចេញពីបេះដូង។ រួចហើយថតក្រោមសម្រាកហើយវដ្តគឺចាប់ផ្តើមម្តងទៀត។
វដ្តនៃបេះដូង
វដ្តនៃបេះដូងចាប់ផ្តើមនៅពេលដែលថតទាំងបួនរបស់បេះដូងសម្រាក។ ឈាមហូរចូលក្នុងថតលើនៃបេះដូងហើយហូរចូលទៅថតក្រោមនៃបេះដូង។ បន្ទាប់មកទៀត គឺការកន្រ្តាក់របស់ថតលើធ្វើអោយឈាមដែលនៅសល់ពីថតលើនោះហូរចូលថតក្រោមបន្ថែមទៀត។ បន្ទាប់មកទៀតថតក្រោមកន្រ្តាក់រួចឈាមច្របាច់ចេញពីបេះដូង។ រួចហើយថតក្រោមសម្រាកហើយវដ្តគឺចាប់ផ្តើមម្តងទៀត។
យើងប្រើស្តេតូ (stethoscope) អាចស្តាប់លឺសំលេងបេះដូង (ដែលត្រូវបានហៅថា auscultation)។ សំលេងទី ១ របស់បេះដូង (S1) កើតឡើងពេល mitral valve និង tricuspid valve ត្រូវបានបិទ (នៅពេលចាប់ផ្តើមកន្រ្តាក់ថតក្រោម)។ សំលេងទី ២ របស់បេះដូង (S2) កើតឡើងនៅពេល aortic valve និង pulmonary valve ត្រូវបានបិទ (នៅពេលចាប់ផ្តើមថតក្រោមសម្រាក)។ សំលេងមិនធម្មតារបស់បេះដូងអាចមានចំពោះជំងឺបេះដូងច្រើនប្រភេទផ្សេងៗគ្នា។
ប្រព័ន្ធចរន្តឈាម
មុខងាររបស់បេះដូង គឺច្របាច់ឈាមបញ្ជូនទៅកាន់ប្រពន្ធ័សរសៃឈាមដោយអាចនិយាយបានថាគឺជាប្រព័ន្ធចរន្តឈាម (circulatory system)។
ប្រព័ន្ធចរន្តឈាមត្រូវបានបែងចែកជា ២ ប្រភេទផ្សេងៗគ្នា។ ដែលមួយគឺជាចរន្តឈាមរត់ទៅកាន់សួតហៅថា ចរន្តឈាមរបស់សួត (pulmonary circulation) និងមួយទៀតគឺជាចរន្តឈាមរត់ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយហៅថា ចរន្តឈាមរបស់សរីរាង្គ (systemic circulation)។
ចរន្តឈាមរបស់សរីរាង្គ (Systemic Circulation)
សរសៃវ៉ែនសួត (pulmonary veins) បញ្ចេញឈាមចូលទៅក្នុងថតលើឆេ្វង (left atrium) នៃបេះដូង។ ពេលដែលថតលើឆេ្វងកន្រ្តាក់ ឈាមត្រូវបានចូលទៅក្នុងថតក្រោមឆ្វេងនៃបេះដូង (left ventricle)។ ពេលដែលថតក្រោមឆ្វេងនៃបេះដូងកន្រ្តាក់ឈាមត្រូវបានច្របាច់ចេញតាមរយះ សរសៃឈាមអាអក (aorta)។ Aorta បានបែកមែកជាសរសៃអាកទែតូចៗសំរាប់ដឹកនាំឈាមទៅកាន់ជាលិកានិងសរីរាង្គផ្សេងៗ (លើកលែងតែសួត) នៃខ្លួនប្រាណ។
នៅក្នុងជាលិកានិងសរីរាង្គផ្សេងៗ ចុងបញ្ចប់នៃសរសៃអាកទែតូចៗ បានជួបជាមួយនឹងសរសៃបណ្តូរឧស្ម័ន។ ឧស្ម័នអុកស៊ីសែន និងសារធាតុចិញ្ចឹមផ្សេងទៀតត្រូវបានដឹកនាំពីសរសៃឈាម តាមរយះសរសៃបណ្តូរឧស្ម័នទៅកាន់កោសិកា។ នៅពេលជាមួយគ្នានោះដែរឧស្ម័នកាបូនឌីអុកស៊ីត និងសារធាតុកាកសំណល់ដទៃទៀត ត្រូវបានដឹកនាំពីកោសិកា តាមរយះសរសៃបណ្តូរឧស្ម័នទៅកាន់ឈាម។
ពេលនោះសរសៃបណ្តូរឧស្ម័នដែលភ្ជាប់ជាមួយនឹងសរសៃវ៉ែន បាននាំឈាមត្រលប់ទៅបេះដូងវិញ។ សរសៃវ៉ែនដែលភ្ជាប់ជាមួយវ៉ែនកាវក្រោម និងវែនកាវលើ (inferior and superior vena cava) បាននាំឈាមទៅថតលើស្តាំនៃបេះដូង។
ចរន្តឈាមរបស់សួត (Pulmonary Circulation)
វ៉ែនកាវក្រោម និងវ៉ែនកាវលើ (inferior and superior vena cava) បញ្ចេញឈាមចូលទៅក្នុង ថតលើស្តាំ (right atrium) នៃបេះដូង ។ ពេលដែលថតលើស្តាំកន្រ្តាក់ឈាមត្រូវបានបញ្ជូនទៅក្នុងថតក្រោមស្តាំនៃបេះដូង (right ventricle) ។ បន្ទាប់មកថតក្រោមស្តាំកន្រ្តាក់ឈាមត្រូវបានច្របាច់ចូលទៅក្នុងសរសៃអាកទែសួត (pulmonary artery) រួចអាកទែសួតបញ្ជូនឈាមទៅកាន់ សួតទាំងសងខាង។
សរសៃអាកទែសួត (pulmonary artery) បានចែកជាខាងឆ្វេងនិងខាងស្តាំ បន្ទាប់មកសរសៃឈាមទាំងនោះបែកមែកធាងកាន់តែតូចទៅៗ រហូតដល់ចុងបញ្ចប់ជួបគ្នាជាមួយសរសៃបណ្តូរឧស្ម័ន ។ គ្រប់សរសៃបណ្តូរឧស្ម័នទាំងនោះ គ្របដណ្តប់លើថង់ខ្យល់តូចៗក្នុងសួតនិមួយៗ ។ ការផ្លាស់ប្តូរឧស្ម័នត្រូវបានធ្វើឡើងរវាងថង់ខ្យល់តូចៗក្នុងសួត និងសរសៃបណ្តូរឧស្ម័ន ។ ដោយឧស្ម័នអុកស៊ីសែនត្រូវបានបញ្ជូនពីថង់ខ្យល់តូចៗក្នុងសួតតាមរយះសរសៃបណ្តូរឧស្ម័នទៅកាន់ចរន្តឈាម ហើយឧស្ម័នកាបូនឌីអុកស៊ីតត្រូវបានបញ្ជូនពីចរន្តឈាមតាមរយះសរសៃបណ្តូរឧស្ម័នទៅកាន់ថង់ខ្យល់តូចៗក្នុងសួតវិញ។
បន្ទាប់មកសរសៃបណ្តូរឧស្ម័នជួបជាមួយសរសៃវ៉ែន រួចក៏ដឹកនាំឈាមត្រលប់ទៅកាន់បេះដូងវិញ។ សរសៃវ៉ែនសួត (pulmonary veins) បាននាំឈាមទៅកាន់ថតលើឆេ្វងនៃបេះដូង (left atrium) ដើម្បីចាប់ផ្តើមដំណើរការចរន្តឈាមរត់ម្តងទៀត។