ជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាម (hypertension) គឺជាជំងឺមួយក្នុងជំងឺដែលកើតច្រើនបំផុតក្នុងពិភពលោក​ហើយបង្កអោយមាន​អត្រាមរណៈភាព​ជាច្រើន​ដោយសារ​​វាបំផ្លាញទៅលើសរីរាង្គផ្សេងៗនៅក្នុងខ្លួន។

សម្ពាធស៊ីសស្តូល (systolic pressure) ជាសម្ពាធនៅពេលដែលបេះដូងកន្រ្តាក់និងច្របាច់ឈាមចូលទៅក្នុងសរសៃអាកទែ។ សម្ពាធដ្យាស្តូល (diastolic pressure) ជាសម្ពាធនៅពេលដែលបេះដូងសំរាក។

1- cardio kh 6-1

តាមការអនុវត្តន៍ប្រចាំថ្ងៃគេវាស់សម្ពាធឈាមនៅដើមដៃដែលវាស់ពីសម្ពាធក្នុងសរសៃអាកទែដើមដៃ (brachial artery)។ រង្វាស់គិតជាមីលីម៉េត្របារត (mmHg)។ ប្រសិនបើសម្ពាធឈាមឡើងត្រូវបានគេហៅថា ជំងឺលើសសម្ពាធឈាម (hypertension)។ អ្នកជំងឺដែលមានសម្ពាធឈាមលើសពី 140/90 ក្នុងរយះយូរជាប់គ្នាគឺត្រូវសន្មត់ថាមានជំងឺលើសសម្ពាធឈាម។  

ផលវិបាករបស់ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ

ប្រសិនបើអ្នកជំងឺលើសម្ពាធឈាមរ៉ាំរ៉ៃមិនត្រូវបានព្យាបាលនោះទេវានឹងធ្វើអោយមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយរបស់យើង។ ជាទូទៅ​គ្មាន​​​​រោគសញ្ញារបស់ជំងឺលើសសម្ពាធឈាមដែរក្នុងដំណាក់កាលប៉ុន្មានឆ្នាំដំបូង។ អញ្ចឹងហើយបានជាយើងហៅជំងឺនេះថាជាអ្នកពិឃាតដ៏ស្ងប់ស្ងាត់ ព្រោះពេលមានរោគសញ្ញាបង្ហាញឡើងគឺនៅពេលដែលខ្លួនប្រាណយើងបានបំផ្លាញធ្ងន់ធ្ងររួចទៅហើយ។ 

ជម្ងឺលើសម្ពាធឈាមរ៉ាំរ៉ៃដែលមិនបានព្យាបាលបានត្រឹមត្រូវនឹងអាចបណ្តាលទៅជា៖

  • ធ្វើឲ្យខូចតម្រងនោមៈ សម្ពាធឈាមឡើងខ្ពស់អាចបំផ្លាញសរសៃឈាមនៅក្នុងតម្រងនោមដែលជាលទ្ធផលបង្កជាជំងឺតម្រងនោមរ៉ាំរ៉ៃ (chronic kidney disease)។ 
  • ធ្វើឲ្យខូចភ្នែកៈ សម្ពាធឈាមឡើងខ្ពស់អាចបំផ្លាញសរសៃឈាមដែលនៅក្នុងរ៉េទីន (retina) ដែលជាលទ្ធផលបង្កជាជំងឺស្រវាំងភ្នែក រឺអាច​បណ្តាល​​​អោយខ្វាក់។ 
  • ធ្វើឲ្យខូចសរសៃឈាមៈ សម្ពាធឈាមឡើងខ្ពស់ក្នុងសរសៃអាកទែអាចបំផ្លាញផ្នែកខាងក្នុងនៃសរសៃអាកទែបាន​ដែលបង្ករអោយ​កើត​ជា​ជំងឺក្រិនសរសៃអាកទែ (atherosclerosis) រឺធ្វើអោយជំងឺក្រិនសរសៃអាកទែកាន់តែធ្ងន់ធ្ងរថែមទៀត។ ជំងឺក្រិនសរសៃអាកទែអាច ​បណ្តាល​អោយកើតជា​ជំងឺ​ស្លាប់​សាច់ដុំ​​​​បេះដូង (myocardial infarction) រឺជំងឺស្លាប់ខួរក្បាលដោយគ្មានឈាមទៅចិញ្ចឹម (ischemic stroke)។
  • ធ្វើឲ្យខូចសរសៃអាកទែខួរក្បាលៈ សម្ពាធឈាមឡើងខ្ពស់អាចបណ្តាលអោយធ្លាយបែកនូវសរសៃអាកទែក្នុងខួរក្បាល ដែលបណ្តាលអោយ​កើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។ 
  • ធ្វើឲ្យខូចបេះដូងៈ សម្ពាធឈាមឡើងខ្ពស់អាចធ្វើអោយថតក្រោមរបស់បេះដូងផ្នែកខាងឆ្វេងរីកធំ (left ventricle hypertrophy) ដែលអាចបង្កជា​ជំងឺខ្សោយបេះដូង (heart failure) រឺក៏ជំងឺបញ្ហាចង្វាក់បេះដូង (cardiac arrhythmias)។ 
  • ធ្វើឲ្យខូចសរសៃឈាមអាអកៈ សម្ពាធឈាមឡើងខ្ពស់អាចធ្វើអោយជញ្ជាំងរបស់សរសៃឈាមអាអក​ខ្សោយដែលអាចបង្​កជាជំងឺហើម​ប៉ោង​សរសៃឈាមអាអក (aortic aneurysm) ឬ ជំងឺសរសៃឈាមអាអកញែកចេញពីគ្នា (aortic dissection)។ 

1- cardio kh 6-2

ចំណាត់ថ្នាក់នៃជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាមត្រូវបានបែងចែកជាពីរប្រភេទដោយផ្អែកទៅលើមូលហេតុ។ ជំងឺ លើសសម្ពាធឈាមប្រភេទទីមួយ (primary hypertension) គឺជាជំងឺលើសសម្ពាធឈាមដែលមិនមែនបង្កដោយលក្ខណៈវេជ្ជសាស្រ្តជាក់លាក់នោះទេ ប៉ុនែ្តវាបង្កដោយភាពមិនធម្មតាផ្សេងៗទៀត។ ជំងឺលើស​សម្ពាធឈាមប្រភេទទីពីរ (secondary hypertension) គឺបង្កឡើងដោយមូលហេតុវេជ្ជសាស្រ្តជាក់លាក់។

ជំងឺលើសសម្ពាធឈាមប្រភេទទីមួយ

ជំងឺលើសសម្ពាធឈាមប្រភេទទីមួយ (primary hypertension) មានរហូតដល់ ៩០ ទៅ ៩៥ភាគរយនៃករណីចំនួនលើសសម្ពាធឈាមទាំងអស់។ មូល​ហេតុនៃការលើសសម្ពាធឈាមប្រភេទទីមួយ គឺសុំាញុំាដោយសារតែវាកត្តារួមផ្សំជាច្រើន ឧទាហរណ៍ដូចជា សារធាតុគីមីដែលមានពីធម្មជាតិ​នៅ​ក្នុង​ឈាម ភាពយឺតរបស់សរសៃឈាម ផ្ទៃមុខកាត់របស់សរសៃឈាម បរិមាណនៃឈាមក្នុងសរសៃឈាម និងការរំញោចពីប្រពន្ធ័ប្រសាទស៊ីមប៉ាទេទិច (sympathetic nervous system)។

កត្តាប្រឈមមុខដែលងាយវិវត្តន៍ទៅជាជំងឺលើសសម្ពាធឈាមប្រភេទទីមួយមានដូចជា ការជក់បារី ផឹកស្រា ធាត់ខ្លាំង មិនបានហាត់ប្រាណ និងញុំា​ប្រៃ ​​ប៉ុន្តែកត្តាទាំងនេះយើងអាចកែប្រែបាន។ កត្តាប្រឈមមុខដែលមិនអាចកែប្រែបានរួមមាន អាយុច្រើន និងតំណពូជ។

ជំងឺលើសឈាមប្រភេទទីមួយ គឺត្រូវបានព្យាបាលដោយលេបថ្នាំប្រឆាំងនឹងសម្ពាធឈាម (antihypertensive medication) អោយបានទៀងទាត់។ នេះជាឧទាហរណ៍នូវថ្នាំមួយចំនួនដែលអាចនឹងត្រូវប្រើ៖

  • ថ្នាំដែលទប់សកម្មភាពរបស់ angiotensin (ACE inhibitor) មានដូចជា Lisinopril រឺ Enalapril
  • ថ្នាំប្រឆាំងនឹងសកម្មភាពរបស់ beta (beta blocker) ដូចជា Atenolol រឺ Propranolol 
  • ថ្នាំទប់សកម្មភាពនៃការបញ្ចូនអ៊ីយ៉ុងកាល់ស្យូម (calcium channel blocker) ដូចជា Nifedipine រឺ Amlodipine  
  • ថ្នាំបញ្ចុះទឹកនោមប្រភេទ thiazide (thiazide diuretic) ដូចជា Hydrochlorothiazide 

ការកែទំលាប់នូវរបៀបរស់នៅប្រចាំថ្ងៃក៏ត្រូវបានអនុវត្តន៍ផងដែរ រួមមានញុំាអាហារដែលជួយ​ទ្រទ្រង់នៅសុខភាពគឺមាន​ជាតិអំបិលនិងកូលេសស្ទរ៉ូល​ទាប​ ហើយហាត់ប្រាណអោយបានទៀងទាត់ផងដែរ។ ការឈប់នូវការជក់បារី និងញុំាស្រាត្រូវបានផ្តល់ដំបូន្មានចំពោះអ្នកដែលកំពុងប្រព្រឹត្ត។ 

ជំងឺលើសសម្ពាធឈាមប្រភេទទីពីរ  

ជំងឺលើសសម្ពាធឈាមប្រភេទទីពីរ (secondary hypertension) មានត្រឹមតែ ៥ ទៅ ១០ ភាគរយនៃករណីចំនួនលើសសម្ពាធឈាមទាំងអស់។ ជំងឺ​លើស​​សម្ពាធឈាមប្រភេទទីពីរ បង្កដោយមូលហេតុវេជ្ជសាស្រ្តជាក់លាក់មានដូចជា៖

  • ជំងឺតម្រងនោម (kidney disease) : ដែលបង្កអោយសម្ពាធកើនឡើងតាមយន្តការខុសៗគ្នា ដូចជា ការធ្វើអោយមានសកម្មភាពនៃប្រពន្ធ័ renin-angiotensin system។ 
  • ជំងឺត្បៀតសរសៃឈាមអាកទែរបស់តម្រងនោម (renal artery stenosis) : ការរួមតូចនៃសរសៃអាកទែរបស់តម្រងនោមធ្វើអោយបន្ថយនូវបរិមាណឈាមទៅកាន់តម្រងនោម​ដែលជាហេតុធ្វើអោយសម្ពាធ​ឈាម​កើនឡើង។ 
  • ភាពមិនប្រក្រតីនៃប្រពន្ធ័អង់ដូគ្រិន (endocrine system) ដូចជាការផលិតច្រើនលើសលុប នៃអ័រម៉ូនទីរ៉ូអ៊ីដ (thyroid) ដោយក្រពេញទីរ៉ូអ៊ីដ (ហៅថា hyperthyroidism)។  

ជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ

ជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ (hypertensive emergency) គឺនៅពេលដែលសម្ពាធឈាមកើនឡើងខ្ពស់ខ្លាំងដោយសម្ពាធស៊ីស្តូល (systolic pressure) លើសពី១៨០ រឺក៏សម្ពាធដ្យាស្តូល (diastolic pressure) លើសពី១១០។ ការឡើងសម្ពាធឈាមខ្ពស់បែបនេះគឺវាបំផ្លាញសរីរាង្គក្នុងខ្លួន និងអាច​បង្កទៅ​ជា​​ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (hemorrohagic stroke)។ ជាងនេះទៅទៀតវាអាចបណ្តាលអោយហើមខួរក្បាល (cerebral edema)។ ការហើម​ខួរក្បាលវាធ្វើអោយ ឈឺក្បាលស្រវាំងភ្នែក (បែកអំពិលអំពែក) ក្អួត ហើយបើធ្ងន់ធ្ងរអាចបណ្តាលអោយប្រកាច់ វងេ្វង និងភ្លឹក។ ប្រសិនបើមាន​​​​ភស្តុ​តាង​​​​​​​​​បង្ហាញពីភាពមិនប្រប្រតីរបស់មុខងារនៃសរីរាង្គណាមួយ នោះការបញ្ចុះសម្ពាធឈាមត្រូវធ្វើឡើងជាបន្ទាន់និងដោយបង្ខំ តែមិនត្រូវបញ្ចុះខ្លាំង​រហូត​​​​ដល់ធ្វើអោយ ខួរក្បាលនិងបេះដូងមានឈាមទៅចិញ្ចឹមតិចតួចនោះទេ។ ការអោយនូវថ្នាំ Hydralazine តាមសរសៃវែនគឺអាចផ្តល់អោយបាន ប៉ុន្តែអោយនូវចំនួនតិចតួចជាទៀងទាត់ហើយត្រូវតែតាមដានសម្ពាធឈាមអោយបានហ្មត់ចត់។ 

ការមានផ្ទៃពោះបង្កអោយមានជំងឺលើសសម្ពាធឈាម

ជំងឺបម្រុងក្រឡាភ្លើង (pre-eclampsia) និងក្រឡាភ្លើង (eclampsia) មិនត្រូវបានលើកយកមកពិភាក្សានៅទីនេះទេ។ លក្ខខ៍ណ្ឌទាំងអស់នេះនិងការព្យាបាល គឺត្រូវបានពិភាក្សានៅឋកសារផ្សែងទៀត។