ជំងឺសរសៃឈាមបេះដូង

បេះដូងគឺជាសាច់ដុំហើយដូចជាសាច់ដុំដទៃទៀតដែរ​​​គឺវាត្រូវការឈាមដឹកនាំឧស្ម័នអុកស៊ីសែននិងសារធាតុចិញ្ចឹមផ្តល់ឲ្យទៅវា។ ថ្វីបើនួនឈាម​ដ៏ច្រើន​​ឆ្លងកាត់ថតបេះដូងនៅពេលដែលបេះដូងកន្រ្តាក់ក៏ដោយ​​តែឈាមទាំងនោះមិនបានផ្គត់ផ្គង់សំរាប់ចិញ្ចឹមសាច់ដុំបេះដូងទេ។ ផ្ទុយទៅវិញ​សាច់ដុំបេះ​ដូង (myocardium) បានទទួលឈាមចិញ្ចឹមតាមរយៈសរសៃអាទែកូរូនែ (coronary arteries)។

1- cardio kh 3-1

ជំងឺសរសៃឈាមបេះដូង

ផ្ទៃខាងក្នុងនៃជញ្ជាំងសរសៃអាទែអាចខូច។ ការខូចនេះអាចបណ្តាលមកពីមូលហេតុ ជាច្រើនដូចជាការលើសសម្ពាធឈាមរ៉ាំរ៉ៃ ការលើសជាតិខ្លាញ់ (hyperlipidemia) ឬក៏ការជក់បារី។ ការខូចនៅលើផ្ទៃខាងក្នុងនៃជញ្ជាំងសរសៃអាទែនេះអាចបង្កើតបានជាបន្ទះ (plaque)។ បន្ទះនេះត្រូវបាន​បង្កើត​ឡើងដោយខ្លាញ់ និងសារធាតុដ៏ទៃទៀត។ នៅពេលដែលទម្រង់បន្ទះបង្កើតនៅក្នុងជញ្ជាំងសរសៃអាកទែហៅថាជំងឺក្រិនសរសៃអាកទែ (atherosclerosis)។

ជំងឺក្រិនសរសៃអាកទែ (atherosclerosis) អាចកើតមានគ្រប់សរសៃអាកទែទាំងអស់ក្នុងខ្លូនប៉ុន្តែប្រសិនបើវាកើតឡើងចំពោះសរសៃអាកទែនៅបេះដូង ស្ថានភាពនេះយើងអោយឈ្មោះថា ជំងឺសរសៃឈាមបេះដូង (coronary artery disease)។ 

1- cardio kh 3-2

ជំងឺក្រិនសរសៃអាកទែបណ្តាលឲ្យសរសៃអាកទែរួមតូចដែលជាហេតុធ្វើឲ្យមានការថយចុះនូវចំនួនឈាមដែលអាចឆ្លងកាត់បាន។ ប្រសិនបើចំនួន​ឈាមត្រូវថយចុះក្នុងការផ្តល់ទៅអោយសាច់ដុំបេះដូងនោះឧស្ម័នអុកស៊ីសែនក៏ត្រូវថយចុះដែរ។ ស្ថានភាពនេះយើងហៅសាច់ដុំបេះដូង​មិនមាន​ឈាមចិញ្ចឹមគ្រប់គ្រាន់ (myocardial ischemia)។

សាច់ដុំបេះដូងមិនមានឈាមចិញ្ចឹមគ្រប់គ្រាន់

ជាទូទៅអ្នកជំងឺដែលសាច់ដុំបេះដូងមិនមានឈាមចិញ្ចឹមគ្រប់គ្រាន់ (myocardial ischemia) មានអារម្មណ៍ថាចុកទ្រូង។ ការដែលចុកទ្រូងនេះហៅថា angina pectoris រឺក៏អាចហៅបានថា angina។

យើងប្រើពាក្យ stable angina នៅពេលណាដែលអ្នកជំងឺចុកទ្រូងតែនៅពេលធ្វើការ រឺហាត់ប្រាណតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលធ្វើចលនា​សាច់ដុំ​បេះដូង​ត្រូវការឧស្ម័នអុកស៊ីសែនច្រើនជាងធម្មតាហើយរោគសញ្ញារបស់ជំងឺក្រិនសរសៃអាកទែអាចនិងកើតមានក្នុងពេលនោះ។ ចំពោះ​​ stable angina ការចុកទ្រូងនិងបាត់ទៅវិញនៅពេលដែលអ្នកជំងឺសម្រាកព្រោះពេលនោះតម្រូវការឧស្ម័នអុកស៊ីសែនរបស់សាច់ដុំបេះដូងក៏ថយចុះដែរ។

យើងប្រើពាក្យ unstable angina នៅពេលណាដែលអ្នកជំងឺចុកទ្រូងសូម្បីតែពេលសម្រាក។ វាទំនងជាកើតឡើងញឹកញាប់ហើយរយះ​ពេលចុកទ្រូង​ក៏យូរដែរ។ នេះគឺជាការប្រាប់អោយដឹងថាជំងឺក្រិនសរសៃអាកទែមានកំរិតធ្ងន់ធ្ងរហើយ។ វាក៏បង្ហាញប្រាប់ថាវាមានការរួមតូចនៃរហោង​សរសៃអាទែ​កូរូនែ ​បណ្ដាលអោយឈាមមិនអាចទៅចិញ្ចឹមសាច់ដុំបេះដូងបានគ្រប់គ្រន់។

ជំងឺស្លាប់សាច់ដុំបេះដូង

នៅពេលដែលសាច់ដុំបេះដូងខ្វះឧស្ម័នអុកស៊ីសែននៅទីបញ្ចប់វានឹងស្លាប់។ គេហៅថាជំងឺស្លាប់សាច់ដុំបេះដូង (myocardial infarction រឺ MI)។

មូលហេតុដែលបង្កញឹកញាប់បំផុត គឺការដាច់ធ្លាយចំណែកមួយចំនួននៃបន្ទះដែលមាននៅក្នុងសរសៃអាទែកូរូនែ។ ជាការឆ្លើយតបទៅនឹងការដាច់​ធ្លាយ​នេះប្លាកែត (platelet) ដែលមានមុខងារក្នុងកំណកឈាមបានមកប្រមូលផ្តុំនៅ​លើផ្ទៃដែលបានដាច់​ធ្លាយនោះដែលបង្ក​ជាកំណកឈាម​ក្នុង​សរសៃ​ឈាម (thrombus)។ កំណកឈាមក្នុងសរសៃឈាមនោះនឹងបង្កអោយសរសៃឈាម​មានប្រហោងកាន់​តែតូចទៅៗរហូតដល់​ធ្វើអោយមាន​ការស្ទះទាំងស្រុងនៅក្នុងប្រហោងសរសៃអាកទែ។

1- cardio kh 3-3

ការស្ទះសរសៃអាទែកូរូនែគឺវាឃាត់មិនអោយឈាមហូរឆ្លងកាត់បានហេតុដូចេ្នះហើយទើបការដឹកនាំឧស្ម័នអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងក៏ត្រូវហាមឃាត់ដែរ។ ប្រសិនបើគ្មានឧស្ម័នអុកស៊ីសែនគ្រប់គ្រាន់ទេសាច់ដុំបេះដូងនឹងស្លាប់។ ជំងឺស្លាប់សាច់ដុំបេះ​ដូងក៏ត្រូវ​បានបែងចែក​ជាពីរក្រុម​ដោយ​ពឹងផ្អែកទៅតាមការបង្ហាញនៅលើការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (electrocardiogram រឺ ECG)។

  • Non ST elevation myocardial infarction (NSTEMI) គឺជាជំងឺសាច់ដុំបេះដូងបានស្លាប់ហើយប៉ុនែ្ត ST មិនបានឡើងទេនៅលើ ECG។
  • ST elevation myocardial infarction (STEMI) គឺជាជំងឺសាច់ដុំបេះដូងបានស្លាប់ហើយ ST ឡើងនៅលើ ECG។

1- cardio kh 3-4

សញ្ញា និងរោគសញ្ញា

ការចុកទ្រូងជាធម្មតាកើតមាននៅកណ្តាលទ្រូងដែលមានលក្ខណៈតឹងរឺធ្ងន់។ មានពេលខ្លះវាឈឺចាក់ទៅដៃ ក ថ្គាម។ អ្នកជំងឺញឹកញាប់ហត់ ចង្អោរ​និងបែកញើស។ វាពិតជាមានសារៈសំខាន់​ណាស់ដែលត្រូវចងចាំ​ក្នុងចិត្តថាអ្នកជំងឺទឹកនោមផ្អែម​និងមនុស្សចាស់ដែលមាន​ជំងឺស្លាប់​សាច់ដុំ​បេះដូង​ដោយមិនមានអាការៈចុកទ្រូងឡើយដែលយើងអាចហៅថាការស្លាប់សាច់ដុំបេះដូងដោយស្ងប់ស្ងាត់ (silent MI)។

កត្តាប្រឈមមុខ

កត្តាប្រឈមមុខដែលបណ្តាលឲ្យកើតជំងឺសរសៃឈាមបេះដូងមានដូចជាការអ្នកជក់បារី ការបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ មិនបាន​ហាត់​ប្រាណ ធាត់ខ្លាំង ជំងឺលើសសម្ពាធឈាម ឬទឹកនោមផ្អែមដែលមិនបានព្យាបាលត្រឹមត្រូវ។ កត្តាប្រឈមមុខទាំងអស់នេះអាចកែប្រែបាន។ កត្តា​ប្រឈម​មុខដែលមិនអាចកែប្រែបានមានដូចជាអាយុច្រើន ហើយនិងក្រុមគ្រួសារសាច់ញាតិធ្លាប់មានកើតជំងឺសរសៃឈាមបេះដូង។ 

ការស្វែងរកមូលហេតុ

ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គិសនី (ECG) អាចរកពីការឡើងនៃ ST (ST elevation)។ ការឃើញនូវការឡើងនៃ ST អាចធ្វើអោយ​យើង​ធ្វើ​​រោគវិនិច្ឆ័យបានលឿននៃជំងឺសា្លប់សាច់ដុំបេះដូង។ ជាងនេះទៅទៀតទីតាំងដែល​សាច់ដុំបេះដូងស្លាប់​ក៏អាចប្រាប់បាន​ដោយយើងឃើញ​ពីទីតាំង​នៃ​​ការ​ឡើងរបស់ ST នៅលើ ECG។ 

ការឡើងនៃ ST ក្នុងខ្សែអគ្គិសនី leads V1, V2, V3, V4 ប្រាប់ថាសាច់ដុំផ្នែកខាងមុខត្រូវបានស្លាប់ (anterior MI)។ ការឡើងនៃ ST ក្នុងខ្សែអគ្គិសនី leads I, aVL, V5, V6 ប្រាប់ថាច់ដុំបេះដូងផ្នែកចំហៀងបានស្លាប់ (lateral MI)។ ការឡើងនៃ ST ក្នុងខ្សែអគ្គិសនី leads II, III, aVF ប្រាប់ថាសាច់​ដុំបេះដូង​ផ្នែក​ខាង​​ក្រោមបានស្លាប់ (inferior MI)។

1- cardio kh 3-5

ការព្យាបាល

ផ្តល់អុកស៊ីសែនដូច្នេះវានឹងបង្កើនការផ្គត់ផ្គង់អុកស៊ីសែនឲ្យបានដល់ជាលិកាសាច់ដុំបេះដូងច្រើនដែរ។

ផ្តល់ថ្នាំអាស្ពេរីន (Aspirin) ព្រោះវាមានមុខងារប្រឆាំងនឹងកំណកឈាម (antiplatelet) ដោយវាទប់មិនអោយសារធាតុ​កំណកឈាមឈ្មោះ​ថាផ្លាកែត​ផ្តុំគ្នាបាន។ វាក៏ការពារមិនអោយដុំឈាមកកកើនឡើងនូវទំហំផងដែរដូច្នេះថ្នាំអាស្ពេរីនគួរតែប្រើឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។

ផ្តល់ថ្នាំបំបាត់ការឈឺចាប់ (analgesia) ចំពោះអ្នកជំងឺចុកទ្រូង។ ថ្នាំដែលមានជាតិអាភៀន(opiate) ដូចជា Morphine ត្រូវបានគេណែនាំ​អោយប្រើ​ដើម្បីបំបាត់ការឈឺចាប់។ ជាមួយគ្នានោះវាក៏ធ្វើឲ្យសាច់ដុំបេះដូងត្រូវការឧស្ម័នអុកស៊ីសែនតិចជាងធម្មតា និងធ្វើអោយសរសៃឈាមរីកធំផងដែរ។

ថ្នាំនីត្រាត (nitrate) ដូចជាថ្នាំបៀមក្រោមអណ្តាត Trinitrine ធ្វើអោយប្រហោងសរសៃឈាមរីកធំ ដោយហេតុនេះទើប​ធ្វើអោយមាន​ការកើននូវ​ចំនួន​ឈាមដែលដឹកនាំដោយសរសៃ អាទែកូរូនែទៅចិញ្ចឹមសាច់ដុំបេះដូង។ ប៉ន្តែថ្នាំនីត្រាត មិនគួរផ្តល់ឲ្យអ្នកជំងឺដែលមាន​សម្ពាធឈាមទាប​នោះទេ​ព្រោះ​វា​​រឹតតែធ្វើអោយសម្ពាធឈាមកាន់តែទាបថែមទៀត។

ផ្តល់ថ្នាំទប់សកម្មភាពរបស់ beta (beta blocker) ដូចជា Atenolol អាចប្រើដើម្បីបន្ថយចង្វាក់បេះដូងនិងសម្ពាធឈាម ដោយហេតុនេះទើប​ការបន្ថយ​ការប្រើឧស្ម័នអុកស៊ីសែនរបស់សាច់ដុំបេះដូង។ ប៉ន្តែ beta blockers មិនគួរប្រើប្រាស់ជាមួយអ្នកជំងឺដែលមានចង្វាក់បេះដូងយឺត និងអ្នកជំងឺមាន​សម្ពាធ​ឈាមទាបនោះឡើយ។ 

ការបន្តប្រើប្រាស់ថ្នាំជារៀងរាល់ថ្ងៃរយះពេលវែងអាចនឹងត្រូវអនុវត្តចំពោះអ្នកដែលមានសាច់ដុំបេះដូងស្លាប់រួចហើយដូចជាថ្នាំ aspirin, beta blockers, ACE inhibitors និង statins។ វាមានសារៈសំខាន់ដែលជំងឺដូចជាជំងឺលើសសម្ពាធឈាមនិងទឹកនោមផ្អែមត្រូវបានគ្រប់គ្រងអោយបានល្អ។ ការកែ​ទំលាប់នូវរបៀបរស់នៅប្រចាំថ្ងៃក៏ជាកត្តាចាំបាច់ដែរដូចជាឈប់ជក់បារីនឹងបរិភោគអាហារដែលមានជាតិខ្លាញ់តិច។

ការគ្រប់គ្រងកម្រិតខ្ពស់

ការធ្វើតេស្តឈាមដើម្បីរកអង់ស៊ីមរបស់បេះដូង (ដូចជាកំរិត Troponin) អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺស្លាប់សាច់ដុំបេះដូង។ វាពិតជាមាន​ប្រយោជន៍​ក្រៃលែងក្នុងការរករោគវិនិច្ឆ័យ non ST elevation myocardial infarction (NSTEMI)។ថ្នាំ Clopidogrel ជាថ្នាំប្រឆាំងនិងសកម្មភាព​របស់​​ផ្លា​កែត​​ដែលអាចប្រើបានដែរ។ វាអាចប្រើស្របគ្នានិងពេលប្រើថ្នាំអាស្ពេរីន។

វិធីព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងកំណកឈាម (anticoagulation) គឺមានប្រយោជន៍ហើយវា​អាចអោយស្របគ្នា​ជាមួយនឹងថ្នាំ​ប្រឆាំង​សកម្មភាព​ផ្លាកែត (antiplatelet)។

ការចាក់ក្រោមស្បែក (subcutaneus) នូវថ្នាំ Enoxaparin អាចត្រូវបានអនុវត្តន៏។ ជំរើសផ្សេងទៀតនោះគឺការផ្តល់នូវថ្នាំ Heparin តាមសរសៃវ៉ែន (លាយជាមួយសេរ៉ូមរួចព្យូរ) ប៉ុន្តែកម្រិត APTT នៅក្នុងឈាមត្រូវតែពិនិត្យនៅពេលដែលប្រើថ្នាំ Heparin តាមសរសៃវ៉ែន។

ការផ្តល់នូវថ្នាំនីត្រាត (ដូចជា Nitroglycerin) ដោយលាយជាមួយសេរ៉ូម អាចត្រូវបានអនុវត្តនិងកំណត់ចំនួនទៅតាមការឆ្លើយតបរបស់ជំងឺ និង​សម្ពាធឈាម។

គំនូសសរសៃអាទែកូរូនែ (coronary angiogram) អាចធ្វើដើម្បីស្វែងរកជំងឺសរសៃឈាមបេះដូង។ ការជួសជុលសរសៃអាទែកូរូនែ (coronary angioplasty) ត្រូវបានធ្វើឡើងដើម្បីព្យាបាលជំងឺសរសៃឈាមបេះដូង។ ការផ្សាំសរសៃឈាមបេះដូង (coronary artery bypass graft រឺ CABG) ក៏អាចធ្វើឡើងដើម្បីព្យាបាលជំងឺសរសៃឈាមបេះដូងដែរតែមិនសូវមានទេ។